Quantcast
Viewing all articles
Browse latest Browse all 11174

ស្វាមី​ស្ត្រី​ដែល​ស្លាប់​ទាំង​កូន​​ក្នុង​ផ្ទៃ​នៅ​ពេទ្យ​ជប៉ុន​ទទូច​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី

Image may be NSFW.
Clik here to view.

ក្រុម​គ្រួសារ​របស់​ស្ត្រី ដែល​បាន​ស្លាប់​ទាំង​ម្ដាយ និង​កូន កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ក្នុង​បន្ទប់​សម្រាល​នៃ​មជ្ឈមណ្ឌល​ស្រលាញ់​ទារក ឬ​ហៅថា ពេទ្យ​ជប៉ុន បាន​ទទូច​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ពន្លឿន​នីតិវិធី​ក្នុង​ការ​ផ្ដល់​យុត្តិធម៌។

អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ​ហើយ ដែល​ក្រុម​គ្រួសារ​របស់​កម្មការិនី ឈា សារិន ហៅ​ស្រីមុំ រង់ចាំ​យុត្តិធម៌។ លោក ជូ ភារ៉ា បាត់បង់​ទាំង​ប្រពន្ធ និង​កូនស្រី​ពៅ នៅតែ​រក្សា​ជំហរ​ចោទ​គ្រូពេទ្យ និង ថ្នាក់ដឹកនាំ​នៃ​មន្ទីរពេទ្យ​ជប៉ុន ថា​ធ្វេស​ប្រហែស ទើប​បណ្ដាល​ឲ្យ​ប្រពន្ធ​កូន​ស្លាប់។ លោក​ទទូច​ឲ្យ​ស្ថាប័ន​តុលាការ​ពន្លឿន​សវនាការ​ឲ្យ​បាន​ឆាប់រហ័ស ខណៈ​ដែល​បច្ចុប្បន្ន​នេះ ក្រុម​គ្រួសារ​លោក រស់នៅ​មិន​មាន​សុភមង្គល​ទេ ក្រោយ​ប្រពន្ធ​ស្លាប់​ចោល។

កាលពី​ព្រលប់​ថ្ងៃ​ទី​២៨ ឧសភា កម្មការិនី​ឈ្មោះ ឈា សារិន បាន​ស្លាប់​នៅ​លើ​គ្រែ​សម្រាលកូន ខណៈ​កំពុង​សម្រាល។ ស្វាមី​របស់​សព​កម្មការិនី ឈា សារិន គឺ​លោក ជូ ភារ៉ា ចោទ​ថា ការ​ស្លាប់​របស់​ប្រពន្ធ និង​កូន បណ្ដាលមកពី​ក្រុម​គ្រូពេទ្យ​មិន​យកចិត្តទុកដាក់ និង​រើសអើង​ប្រពន្ធ​លោក​ជា​កម្មការិនី​រោងចក្រ​មាន​ប័ណ្ណ​សមាជិក​បេឡាជាតិ​របប​សន្តិសុខ​សង្គម (..)

ក្រោយ​ពី​ស្វាមី​កម្មការិនី អះអាង​ថា ក្រុម​គ្រូពេទ្យ និង​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ជប៉ុន​រត់គេច មិន​ព្រម​ចេញមុខ​ពន្យល់​ក្រុម​គ្រួសារ នៅ​ពេល​ស្លាប់​ប្រពន្ធ​កូន​រួចមក លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​។

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែ​កក្កដា បាន​កោះហៅ​ប្ដី​របស់​កម្ម​ការិនី ឈា សារិន ដើម្បី​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៣ កក្កដា លើ​ពាក្យបណ្ដឹង​ដែល​បាន​ប្ដឹង​ថ្នាក់ដឹកនាំ​នៃ​មន្ទីរពេទ្យ​ជប៉ុន ដែល​ធ្វេសប្រហែស​បណ្ដាល​ឲ្យ​ប្រពន្ធ និង​កូន​របស់​លោក​ស្លាប់។

បើ​ទោះ​ជា​បែបនេះ​ក្ដី លោក ជូ ភារ៉ា ប្រាប់​ថា ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក លោក និង​កូនប្រុស​ទាំង​២ កំពុង​រង់ចាំ​ថ្ងៃ​សវនាការ ប៉ុន្តែ​បាន​ស្ងប់ស្ងាត់ មិនទាន់​លឺ​មានការ​កោះហៅ​នោះ​ទេ។ លោក ជូ ភារ៉ា បន្ថែម​ថា មេធាវី​ការពារ​ក្ដី​ឲ្យ​លោក នឹង​ធ្វើ​លិខិត​មួយ​ដើម្បី​ជំរុញ​តុលាការ​បន្ថែម​ទៀត ប្រសិនបើ​ពាក្យបណ្ដឹង​របស់ លោក មិន​ត្រូវ​បាន​ដោះស្រាយ​នោះ​ទេ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា

នាយិកា​អង្គការ​សីលការ អ្នកស្រី ធីតា ឃិះ យល់ថា ករណី​នេះ ដើម្បី​កុំ​ឲ្យ​បន្ត​ខូច​ឈ្មោះ របស់​មន្ទីរពេទ្យ ឬ គ្រូពេទ្យ​នោះ អ្នកទទួលខុសត្រូវ​នៃ​មន្ទីរពេទ្យ គួរតែ​ចេញមុខ​ពន្យល់​ឲ្យ​ក្រុម​គ្រួសារ​អស់ចិត្ត។

មន្ទីរពេទ្យ​នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារមាតា និង​ទារក ធ្លាប់​ចេញ​សេចក្ដី​បំភ្លឺ​ជូន​គ្រួសារ​សព និង​សាធារណជន​ថា ករណី​ស្លាប់​កម្មការិនី ឈា សារិន ពេល​សម្រាលកូន​កាលពី​ថ្ងៃ​ទី​២៨ ឧសភា គឺជា​ឧបទ្ទវហេតុ ហើយ​ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​មន្ទីរពេទ្យ​ខំប្រឹង​ប្រែង​ជួយ​អស់ពី​លទ្ធភាព។

ស្វាមី​សព​កម្មការិនី គឺ លោក ជូ ភារ៉ា អះអាង​ថា ការ​ស្លាប់​ប្រពន្ធ និង​កូន មិន​អាច​ត្រឹមតែ​ចេញ​សេចក្ដីថ្លែងការណ៍​មួយ ដើម្បី​លាងខ្លួន ហើយ​បន្ត​មិន​មាន​ភាព​ទទួលខុសត្រូវ​បែបនេះ​បាន​នោះ​ទេ។

លោក ជូ ភារ៉ា បន្ដ​ថា បើ​ទោះ​ជា​លោក និង​ពលរដ្ឋ​ទូទៅ មិនសូវ​ជឿ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា តែ​សម្រាប់​លោក គ្រាន់តែ​ជា​សហជីព​ក្រៅ​រោងចក្រ​ម្នាក់ គ្មាន​ជម្រើស​អ្វី ក្រៅពី​ប្ដឹង​ទៅ​តុលាការ និង​ដេក​រង់ចាំ​យុត្តិធម៌​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles