
ក្រសួងយុត្តិធម៌បានសម្រេចលើកលែង និងបន្ធូរបន្ថយទោសទណ្ឌិត សរុបចំនួន ៤៩នាក់ ក្នុងចំណោមបញ្ជីឈ្មោះទណ្ឌិតសរុប ៤២១នាក់ នាឱកាសប្រារព្ធពិធីបុណ្យអុំទូក នៅសប្ដាហ៍ក្រោយ។
លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ កាលពីល្ងាចថ្ងៃទី២៦ ខែតុលា ឲ្យដឹងថា មានទណ្ឌិតតែម្នាក់ប៉ុណ្ណោះត្រូវបានលើកលែងទោសក្នុងចំណោមទណ្ឌិតសរុប ៥៤នាក់។ ហើយទណ្ឌិតចំនួន ៤៨ នាក់ផ្សេងទៀត ក្នុងនោះមាន៤នាក់ជាស្ត្រី ត្រូវបានបន្ធូរបន្ថយទោស ក្នុងចំណោមឈ្មោះទណ្ឌិត ៣៦៧នាក់។ បញ្ជីឈ្មោះទណ្ឌិត ទាំង៤២១នាក់ គឺស្នើសុំពីមណ្ឌលអប់រំកែប្រែ៤ និងគណៈកម្មការរាជធានីខេត្តនៃពន្ធនាគារ ចំនួន១៩។
គេនៅមិនទាន់បានដឹងថា តើទណ្ឌិតដែលត្រូវបានលើកលែងនិងបន្ធូរបន្ថយទោសទាំងនោះ ជាប្រភេទទណ្ឌិតបែបណា ហើយថាតើ មានមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិដែរឬទេ?
ទោះជាយ៉ាងនេះក្តី មន្ត្រីសង្គមស៊ីវិលមួយចំនួន សង្ឃឹមថា ក្រសួងយុត្តិធម៌អាចដោះលែង លោក កឹម សុខា ប្រធានគណបក្សប្រឆាំង និងសកម្មជនបក្សដទៃទៀត ដើម្បីបន្ធូរបរិយាកាសនយោបាយតានតឹងបច្ចុប្បន្ន។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោស និងបន្ធូរបន្ថយទោស ទណ្ឌិត ៣ដង ក្នុងមួយឆ្នាំ រួមមាន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី បុណ្យអុំទូក និងបុណ្យវិសាខបូជា៕