Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អាជ្ញាធរ​ថា​ខ្លួន​រក​ឃើញ​គ្រាប់បែក​អាមេរិក​មួយ​គ្រាប់​ទៀត​នៅ​ក្រុង​ដូនកែវ​ខែត្រ​តាកែវ

$
0
0

អាជ្ញាធរ​នៅ​ខែត្រ​តាកែវ អះអាង​ថា បាន​រក​ឃើញ​គ្រាប់បែក​មួយ​គ្រា​ប់ ប្រភេទ MK 82 ទម្ងន់ ២២៧ គីឡូក្រាម មួយ​គ្រាប់​ទៀត ស្ថិតនៅ​ទីតាំង​ក្នុង​ភូមិ​ថ្មី សង្កាត់​រកាក្រៅ ក្រុង​ដូនកែវ ខែត្រ​តាកែវ។ គ្រាប់បែក​មួយ​គ្រាប់​នោះ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ​រួចរាល់​ហើយ។

អភិបាលខែត្រ​តាកែវ លោក ឡាយ វណ្ណៈ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ពិតជា​មានការ​រក​ឃើញ​គ្រាប់បែក​មួយ​គ្រាប់ ទម្ងន់​ជាង​២០០​គីឡូក្រាម​មែន ដែល​ស្ថិត​ក្នុង​ទឹកដី​ក្រុង​ដូនកែវ។ ការ​រក​ឃើញ​នេះ គឺ​បន្ទាប់ពី​ពលរដ្ឋ​បាន​កាប់​គាស់​ដី ហើយ​ប្រទះឃើញ។ ប៉ុន្តែ​ទោះ​យ៉ាង​ណា គ្រាប់​នោះ​មិនបាន​ផ្ទុះ នោះ​ទេ។

គ្រាប់បែក​ប្រភេទ MK 82 មួយ​គ្រាប់​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​កាយ​ដី​ប្រទះឃើញ នៅ​ព្រឹក​ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ​២០១៧។ សារព័ត៌មាន​ដែល​ស្និត​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ ហ្វ្រេសញូវ (Fresh News) ចុះផ្សាយ​ថា បន្ទាប់ពី​ប្រទះឃើញ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​កម្លាំង​ការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិផ្ទុះ និង​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​ដែល​ប្រទះឃើញ​គ្រាប់ គឺជា​ប្រភេទ​គ្រាប់​ទម្លាក់​ពី​យន្តហោះ MK82 ដែល​មាន​ទម្ងន់​សរុប​២២៧​គីឡូក្រាម។

ចាប់​តាំង​ពី​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​សហរដ្ឋអាមេរិក បិទ​ទិដ្ឋាការ​ចូល​សហរដ្ឋអាមេរិក​របស់​មន្ត្រី​ដឹកនាំ​ក្រសួងការបរទេស​កម្ពុជា​មក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល ទៅ​រក​មើល​គ្រាប់បែក​គីមី​របស់​សហរដ្ឋអាមេរិក​ដែល​បន្សល់​ក្នុង​ទឹកដី​កម្ពុជា។ ជា​ហូរហែ​ក្រោយមក ការ​រក​ឃើញ​ទីតាំង​គ្រាប់បែក​គីមី និង​ផល​ប៉ះពាល់​នៃ​គ្រាប់បែក​របស់​សហរដ្ឋ​អាមេរិក ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​រក​ឃើញ​ជា​ញឹកញាប់ ទាំង​នៅ​ខែត្រ​ស្វាយរៀង និង​តំបន់​ផ្សេងទៀត។

ជុំវិញ​ចំណាត់​ការ​ដោះ​គ្រាប់បែក​គីមី​១​គ្រាប់ ដែល​រក​ឃើញ​នៅ​ក្នុង​ក្រុង​ដូន​កែវ កាលពី​ថ្ងៃ​ទី​២៥ តុលា អាស៊ីសេរី នៅ​មិនទាន់​អាច​សុំ​ការ​ពន្យល់​បន្ថែម​ពី​អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ឬ ហៅថា ស៊ីម៉ាក់ (CMAC) បានទេ នៅ​ថ្ងៃ​ទី​២៥ តុលា។ អាស៊ីសេរី​ក៏​មិនទាន់​អាច​សុំ​ការ​បកស្រាយ​បែប​ណា​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ក្រុងភ្នំពេញ បាន​ដែរ។

ប៉ុន្តែ ឯកអគ្គរដ្ឋទូត​អាមេរិក​លោក វីល្លៀម ហៃដ្ដ៍ (William Heidt) ធ្លាប់​លាតត្រដាង​ថា សហរដ្ឋអាមេរិក​បាន​ចំណាយ​ថវិកា​អស់​ជាង ១៦០​លាន​ដុល្លារ ក្នុង​កិច្ចប្រឹងប្រែង ដើម្បី​ជួយ​ដោះ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា។ លោក​ថា ពាក់កណ្ដាល​នៃ​ទឹកប្រាក់​នេះ ត្រូវ​បាន​ប្រើប្រាស់ សម្រាប់​ដោះ​មីន​របស់​ចិន សូវៀត និង​វៀតណាម នៅ​ភាគ​ខាងលិច​ប្រទេស គឺ​នៅ​តាម​ចម្ការ​មីន​ដែល​មាន​គ្រោះថ្នាក់ ១០​ដង លើស​គ្រាប់​ដែល​ទម្លាក់​ដោយ​អាមេរិក។ មន្ត្រី​នាំ​ពាក្យ​ទូត​អាមេរិក​ធ្លាប់​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​មិនបាន​ស្នើ​ឲ្យ​អាមេរិក​ជួយ​ដោះស្រាយ​បញ្ហា​គ្រាប់​គីមី​នេះ​ទេ ហើយ​បន្ថែម​ថា កម្ពុជា​អាច​ប្រើប្រាស់​ថវិកា​អាមេរិក​ដែល​ត្រៀម​សម្រាប់​ដោះ​មីន ដើម្បី​យក​ទៅ​ដោះស្រាយ​បញ្ហា​គ្រាប់​គីមី​ទាំងនោះ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​សង្គម លោក សន ជ័យ យល់​ថា ការ​រក​ឃើញ​គ្រាប់បែក​គីមី​នេះ មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ ហើយ​គ្រាប់បែក​ដែល​ទម្លាក់​នៅ​កម្ពុជា ក៏​មិនមែន​សុទ្ធតែ​របស់​សហរដ្ឋអាមេរិក​ដែរ ក៏​មាន​គ្រាប់បែក​ចិន រុស្ស៊ី និង​វៀតណាម ផង​ដែរ។ លោក​មើល​ឃើញ​ថា ការ​រក​ឃើញ​គ្រាប់បែក ឬ​ផល​ប៉ះពាល់​នៃ​គ្រាប់បែក​នា​ពេល​ថ្មីៗ​នេះ គឺជា​ផ្នែក​មួយ​នៃ​ជម្លោះ​ការទូត​កម្ពុជា និង សហរដ្ឋអាមេរិក។

ចំណែក​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ធ្លាប់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា កម្ពុជា​ពិតជា​អាក់អន់ចិត្ត ដែល​សហរដ្ឋអាមេរិក មក​បំផ្លិចបំផ្លាញ​ប្រទេស​កម្ពុជា​ហើយ តែ​មិន​សហការ​ចូលរួម​ដោះស្រាយ។ លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​សហរដ្ឋអាមេរិក​ថា មិនបាន​ជួយ​ដោះ​គ្រាប់បែក​គីមី​ដែល​អាមេរិក​បាន​ទម្លាក់​នោះ​ទេ ហើយ​ពួក​លោក​ថា រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ព្យាយាម​បោសសំអាត​គ្រាប់បែក​គីមី ដែល​បន្សល់​ដោយ​អាមេរិក​ឲ្យ​អស់ ដោយ​គ្មាន​ជំនឿ​ថា អាមេរិក​មក​ដឹក​គ្រាប់បែក​ពី​កម្ពុជា ទៅវិញ​ទៅ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles