Clik here to view.

ក្រុមប្រឹក្សាសង្កាត់ផ្សារកណ្ដាល គណបក្សសង្គ្រោះជាតិ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាំគ្នាសម្រុកលើកស្លាកគណបក្ស ដោយមិនខ្វល់រឿងការរំលាយបក្ស និងការអូសទាញឲ្យអោយចូលរួមជាមួយគណបក្សកាន់អំណាចឡើយ។ ចៅសង្កាត់ផ្សារកណ្ដាលអះអាងថា ពួកគាត់ធ្វើយុទ្ធនាការលើកស្លាកគណបក្សនេះ ដើម្បីត្រៀមខ្លួនឆ្ពោះទៅ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨។
មន្ត្រីគណបក្សសង្គ្រោះជាតិ សង្កាត់ផ្សារកណ្ដាល លើកឡើងថា មូលហេតុដែលពួកគាត់លើកស្លាកគណបក្សនេះ ដើម្បីបំពេញតាមបំណងម្ចាស់ឆ្នោត ដែលស្រលាញ់ និងគាំទ្រគណបក្សប្រឆាំង។
ចៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតមកពីគណបក្សសង្គ្រោះជាតិ អ្នកស្រី ឃុន ចន្ទី ឲ្យដឹងនៅថ្ងៃទី២៤ តុលា ថា ល្គឹកណាគណបក្សប្រឆាំងនៅមានដង្ហើមដកនៅឡើយ គឺពួកគាត់នៅតែបន្តសកម្មភាពដើម្បីពង្រឹងគណបក្ស ដោយមិនងាករេឡើយ។ ស្ត្រីចៅសង្កាត់ផ្សារកណ្ដាលរូបនេះ អះអាងទៀតថា បើទោះជា គណបក្សខ្លួនជាប់បណ្ដឹងរំលាយគណបក្ស នៅតុលាការកំពូលក៏ដោយ ក៏មិនចុះចូលជាមួយគណបក្សកាន់អំណាចនោះឡើយ។ លោកអ្នកស្រីបន្ថែមថា ផ្ទុយទៅវិញ កាន់តែសកម្ម ដោយនាំគ្នាលើកស្លាកគណបក្សជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទៀតផង៖ «ដោយសារយើងគិតថា គណបក្សសង្គ្រោះជាតិ មិនមែនអ្នកណាផ្ដល់ឲ្យទេ គឺប្រជាពលរដ្ឋអ្នកផ្ដល់ឲ្យ។ ការលើកស្លាកនេះមានទំហំ២ម៉ែត្រ ២តឹក ទំហំ មួយម៉ែត្រ ៨តឹក ទទឹង៨តឹក និងបណ្ដោយ២ម៉ែត្រ២តឹក។ ហើយប្រជាពលរដ្ឋគាត់អបអរសាទរ គាត់ថាយើងលើកស្លាកនេះធ្វើឲ្យពួកគាត់ជឿថាគណបក្សសង្គ្រោះជាតិអត់រលំរលាយទៅណាទេ»។
ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសជាចំហថា មេឃុំចៅសង្កាត់គណបក្សសង្គ្រោះជាតិណា ចង់មកចូលជាមួយគណបក្សរបស់លោក នឹងរក្សាតំណែងទទួលបានប្រាក់ខែដដែល៖ «នយោបាយវាត្រូវមានការប្រមែប្រមូលគ្នាអីចឹង! លោកឯងនិយាយថា មិច? ទាល់តែខ្ញុំទៅជេរម៉ែគេបានវាត្រឹមត្រូវ។ ខ្ញុំអំពាវនាវតាមរយៈនៃការផ្ដល់ឱកាសផ្ដល់លទ្ធភាពអ្នកអត់មានកន្លែងទេ ហើយមេដឹកនាំរបស់អ្នក ខ្ញុំមិនថាប៉ុន្មានទេ តុលាការគេនឹងពិនិត្យ មិនមែនរំលាយគណបក្សជាប់ទេ អ្នកគ្មានមេគ្មាន កើយទេ រាប់សិប ឬដល់រយនាក់ដែលត្រូវហាមឃាត់ធ្វើនយោបាយក្នុងរយៈពេល៥ឆ្នាំ»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស មានប្រសាសន៍ថា សកម្មជនគណបក្សប្រឆាំង ធ្វើយុទ្ធនាការលើកស្លាកគណបក្ស ជាសិទ្ធិក្នុងការបញ្ចេញមតិរបស់ពួកគាត់ដោយស្របច្បាប់ ក្នុងនាមប្រទេសប្រជាធិបតេយ្យ។ លោក កន សាវាង្ស ទទូចឲ្យអាជ្ញាធរពាក់ព័ន្ធលើកទឹកចិត្ត ទៅលើការសំដែងមតិដោយអហិង្សារបស់ពលរដ្ឋឲ្យបានទូលំទូលាយ និងដោយពុំមានការលាបពណ៌ដាក់គ្នា៖ «លើកលែងតែគាត់ប្រមូលផ្ដុំធ្វើជាចលាចលស្អីមួយ មានអសន្តិសុខ ប៉ុន្តែសុំប្រើពាក្យអសន្តិសុខឲ្យត្រូវ កុំឲ្យយកពាក្យអសន្តិសុខធ្វើជាលេស សម្រាប់ធ្វើការបង្ក្រាបការបញ្ចេញសេរីភាពគឺមិនត្រឹមត្រូវទេ»។
សកម្មជនគណបក្សសង្គ្រោះជាតិ សង្កាត់ផ្សារកណ្ដាល មានគម្រោងលើកស្លាកគណបក្សឲ្យបានជាង ៤០ផ្ទាំង នៅគ្រប់ភូមិ ដោយយកថ្ងៃឈប់សម្រាកជាថ្ងៃធ្វើយុទ្ធនាការ។ រហូតមកទល់ពេលនេះការលើកស្លាក នៅសល់ ២ភូមិទៀតក្នុងចំណោម១០ភូមិ នឹងត្រូវបញ្ចប់។ ការលើកស្លាកគណបក្សសង្គ្រោះជាតិ នៅក្រុងប៉ោយប៉ែតនេះ មិនទាន់មានការរំខានពីអាជ្ញាធរទេមកដល់ពេលនេះ៕