Clik here to view.

អង្គការអន្តរជាតិចំនួន ៥៥ រួមគ្នាស្នើសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កោះប្រជុំ ដើម្បីដោះស្រាយវិបត្តិនយោបាយកម្ពុជា។ នៅក្នុងលិខិតចំហ ចុះថ្ងៃទី២៣ ខែតុលានេះ អង្គការទាំង ៥៥ នោះ បានទទូចឲ្យសហប្រធាន និងប្រទេសម្ចាស់ហត្ថលេខីទាំងអស់ នៃកិច្ចព្រមព្រៀងនេះ បំពេញកាតព្វកិច្ចដ៏សមស្របមួយរបស់ខ្លួន គឺកោះប្រជុំប្រទេសហត្ថលេខីទាំងអស់ជាបន្ទាន់ ដើម្បីដោះស្រាយស្ថានការណ៍រំលោភសិទ្ធិមនុស្ស រំលោភនីតិរដ្ឋ និងរំលោភប្រជាធិបតេយ្យ យ៉ាងធ្ងន់ធ្ងរ និងយ៉ាងគំហុកនៅកម្ពុជា។
គោលបំណងនៃជំនួបនេះ គឺដើម្បីចាត់វិធានការរួមគ្នា ធ្វើយ៉ាងណាដាក់សម្ពាធឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ពិចារណាឡើងវិញ នៅចំណាត់ការមកលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលផ្ទុយទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ(Human Rights Watch) អំពាវនាវឲ្យសហគមន៍អន្តរជាតិ កុំនៅស្ងៀមឲ្យសោះ ព្រោះអង្គការសហប្រជាជាតិ បានចំណាយលុយរាប់ពាន់លានដុល្លារ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ ការនៅស្ងៀម មិនចាត់ការពីសំណាក់សហគមន៍អន្តរជាតិ នឹងរឹតតែធ្វើឲ្យលោក ហ៊ុន សែន បានដៃកាន់តែខ្លាំង។
នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក ហ៊្វីល រ៉ូប៊ឺតសុន (Phil Robertson) លើកឡើងថា លោក ហ៊ុន សែន កំពុងបំផ្លាញអ្វីៗគ្រប់យ៉ាង ដែលមានចែងក្នុងស្មារតីនៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ដូចជាការរំលោភសិទ្ធិមនុស្ស ការបំផ្លាញស្មារតីនៃគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ការបំបាត់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការគំរាមកំហែងអង្គការសង្គមស៊ីវិល និងការប៉ុនប៉ងរំលាយគណបក្សប្រឆាំងជាដើម៕