
លោក គឹម សុខ អ្នកឃ្លាំមើលពីនយោបាយ និងសង្គម នៅតែប្រកាន់ជំហរធ្វើកូដកម្មក្នុងពន្ធនាគារ ប្រឆាំងការឃុំខ្លួនមេដឹកបក្សប្រឆាំង។ ក្នុងពេលអ្នកវិភាគនយោបាយរូបនេះ បន្តធ្វើយុទ្ធនាការនៅទីតាំងដែលកំពុងឃុំខ្លួន ដោយមិនហូបបាយ រហូតមានការដោះលែងលោក កឹម សុខា ចេញពីពន្ធនាគារវិញនោះ អ្នកដែលស្និតនឹងលោក គឹម សុខ អះអាងថា ពេលនេះសិទ្ធិជាមូលដ្ឋាន ក្នុងនាមជាជនជាប់ចោទ ត្រូវបានឆ្មាំពន្ធនាគារដក់សិទ្ធិអស់ហើយ។
ច្រានចោលនឹងការចោទប្រកាន់នេះ មន្ត្រីនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃអះអាងថា មិនមានរឿងនេះកើតឡើងនៅក្នុងពន្ធនាគារឡើយចំពោះលោក គឹម សុខ ហើយការរៀបចំសេណារីយ៉ូបែបនេះ ខាងពន្ធនាគារចាត់ទុកថា ធ្វើឡើងដើម្បីទាក់ទាញការចាប់អារម្មណ៍ប៉ុណ្ណោះ។
ប្រតិកម្មនឹងការលើកឡើងបែបនេះ ស្របពេលអ្នកដែលជិតស្និតនឹងលោក គឹម សុខ អះអាងថា នៅពេលនេះ សិទ្ធិរបស់អ្នកវិភាគនយោបាយ និងសង្គមរូបនេះ ត្រូវខាងពន្ធនាគារ ដកសិទ្ធិស្ទើរតែទាំងអស់ នៅក្នុងពន្ធនាគារ។ ប្រភពបន្តថា ការដកសិទ្ធិនេះ សូម្បីសៀវភៅធម៌ពុទ្ធវចនៈ និងឯកសារដទៃទៀត ដែលលោក គឹម សុខ ធ្លាប់អាន និងសរសេរ ក៏ត្រូវបានដក់ហូតអស់ហើយដែរ។
លោក គឹម សុខ ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការក្រុងភ្នំពេញលោក គី ឬទ្ធី ផ្ដន្ទាទោសដាក់ពន្ធនាគារ ១ឆ្នាំ ៦ខែ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ និងពិន័យលុយចូលរដ្ឋ ៨លានរៀល។ ក្រៅពីនេះ តុលាការក៏បង្គាប់ឲ្យលោក គឹម សុខ ត្រូវសងជំងឺចិត្តទៅលោក ហ៊ុន សែន ៨០០លានរៀលផ្សេងទៀត។
បើទោះជាបែបណា មន្ត្រីនៃនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ អះអាងថា ពុំមានរឿងហេតុដូចនេះ កើតឡើងនៅក្នុងពន្ធនាគារឡើយ។
លោក នុត សវនា អ្នកនាំពាក្យនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បដិសេធនឹងលើកឡើងនេះ ដោយលោកចាត់ទុកថា វាជារឿងដែលមិនអាចទៅរួចឡើយ។ ម្យ៉ាងវិញទៀត សិទ្ធិជាមូលដ្ឋានរបស់លោក គឹម សុខ នៅក្នុងពន្ធនាគារត្រូវបានបើកចំហ មិនខុសពីទណ្ឌិត និងជនជាប់ចោទដទៃទៀតដែរ។ មិនតែប៉ុណ្ណោះ លោក នុត សវនា យល់ឃើញថា នេះអាចជាប្រឌិតព្រឹត្តិការណ៍ច្រើនជាង ព្រោះខាងពន្ធនាគារ ពុំបានអនុវត្តចំពោះអ្នកទោសណា ឲ្យលើសពីនីតិវិធីដូចដែលមានកំណត់ក្នុងច្បាប់ នៃពន្ធនាគារឡើយ។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ជំហរថា លោកប្រឆាំងដាច់ខាត ការដកសិទ្ធិជនជាប់ចោទ ឬទណ្ឌិត ខុសគោលការណ៍ នៅក្នុងអំឡុងពេលឃុំខ្លួន។
ឯកសារមួយច្បាប់សរសេរដោយដៃរបស់លោក គឹម សុខ ដែលអាស៊ីសេរី ទទួលបាន ឲ្យដឹងថា រូបលោកនឹងចូលរួមជាមួយពលរដ្ឋកម្ពុជាទាំងអស់នៅក្នុងប្រទេស និងខ្មែរនៅពិភពលោក ទាមទារឲ្យមានដោះលែងលោក កឹម សុខា ចេញពីពន្ធនាគារ។ ការចូលរួមនេះលោក គឹម សុខ សរសេរថា នឹងធ្វើកូដកម្មមិនហូបបាយ និងសាច់ ឬម្ហូបអាហារដែលមានជាតិសាច់ គឺហូបតែទឹកបបរសលាយអំបិល និងបន្លែស្រុះទឹកក្ដៅ។
អង្គការផ្នែកសិទ្ធិមនុស្ស យល់ឃើញថា ការដកហូតសិទ្ធិ ការរឹតត្បិតសេរីភាព និងការគំរាមកំហែងដោយប្រយោល ទៅលើជនជាប់ចោទ ក្នុងអំឡុងពេលឃុំខ្លួន គឺអនុវត្តបំពាន់ច្បាប់យ៉ាងធ្ងន់ធ្ងរ។
លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកអង្កេត នៃអង្គការលីកាដូ (Licadho) មានប្រសាសន៍ថា ប្រសិនបើកម្ពុជាដកហូតសិទ្ធិទណ្ឌិត ឬជនជាប់ចោទមែន នោះមានន័យថា រដ្ឋាភិបាលកំពុងអនុវត្តផ្ទុយពីអ្វីដែលបានសន្យារួចហើយ ទៅលើសច្ចាប័នដែលខ្លួនបានព្រមព្រៀង ក្នុងអនុសញ្ញាអន្តរជាតិស្ដីពីការគោរពសិទ្ធិជនត្រូវចោទ និងបទដ្ឋានអន្តរជាតិដទៃទៀត។ អ្នកការពារសិទ្ធិមនុស្សរូបនេះ ឲ្យដឹងថា អ្នកជាប់ចោទទាំងអស់ គឺទទួលបានសិទ្ធិស្មើៗគ្នា ទាំងការអប់រំ សេវាថែទាំសុខភាព និងសេរីភាពក្នុងការបញ្ចេញមតិ ដើម្បីមានឱកាសកែប្រែជាពលរដ្ឋល្អ ក្នុងអំឡុងពេលឃុំខ្លួន។
ប្រភពដែលស្និតនឹងលោក គឹម សុខ ឲ្យដឹងទៀតថា អ្នកវិភាគនយោបាយ និងសង្គមរូបនេះ នៅតែបន្តជំហរធ្វើកូដកម្មមិនហូបបាយ និងអាហារណាដែលមានជាតិសាច់ រហូតមានការដោះលែងលោក កឹម សុខា ចេញពីគុកវិញ។ បន្ថែមពីលើនេះ ស្ថិតក្នុងស្ថានភាពពេលនេះ សុខភាពលោក គឹម សុខ ហាក់ទ្រុឌទ្រោម និងស្លេកស្លាំងជាមុន៕