
ចៅសង្កាត់បឹងទំពុនទី១ នៃខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅតែបារម្ភអំពីពលរដ្ឋមិនព្រមទៅចុះឈ្មោះបោះឆ្នោត។ លោកស្នើដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គួរមានវិធានការពង្រឹងការផ្សព្វផ្សាយបន្ថែមទៀត ដើម្បីឲ្យពលរដ្ឋ ផុលផុសក្នុងការទៅចុះឈ្មោះបោះឆ្នោត។
ចំនួនពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត នៅតែជាកង្វល់របស់សង្គមស៊ីវិល និង អ្នកនយោបាយ។ ចៅសង្កាត់បឹងទំពុនទី១ លោក សូរ ស៊ឹមគារ ឲ្យដឹងថា គិតត្រឹមដើមសប្ដាហ៍នេះ ពលរដ្ឋនៅក្នុងសង្កាត់បឹងទំពុនទី១ បានមកចុះឈ្មោះបោះឆ្នោត ត្រឹមតែ៣០% ប៉ុណ្ណោះ។ លោកសង្ឃឹមថា គ.ជ.ប នឹងពិចារណាបន្ថែមទៀត ក្នុងការផ្សព្វផ្សាយព័ត៌មានឲ្យដល់ពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីជំរុញពួកគេ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។
ចៅសង្កាត់ដែលចេញពីកូតាគណបក្សប្រឆាំងរូបនេះ ប្រាប់ថា គ.ជ.ប បានជួយផ្សព្វផ្សាយអំពីការចុះឈ្មោះបោះឆ្នោតនៅក្នុងសង្កាត់បឹងទំពុនទី១ តែ២ថ្ងៃដំបូងទេ ដោយប្រើប្រាស់វិធីចាក់ផ្សាយតាមមេក្រូចល័តលើម៉ូតូកង់បី។ បន្ទាប់មកទៀត អាជ្ញាធរសង្កាត់បឹងទំពុន បានជំរុញឲ្យមេភូមិ ជួយដើរពន្យល់ប្រាប់ពលរដ្ឋ។ ប៉ុន្តែ លោកថា វិធីមេភូមិដើរពន្យល់ប្រាប់ពលរដ្ឋនេះ មិនមានប្រសិទ្ធភាពដូច ការផ្សព្វផ្សាយរបស់គ.ជ.ប។
តាមលទ្ធផលនៃការចុះឈ្មោះបោះឆ្នោត បណ្ដោះអាសន្នរបស់គេហទំព័រគ.ជ.ប គិតត្រឹមល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ គឺបានចំនួន ៤១៦.៧៩៥ នាក់ ស្មើនឹង២៥,៦៣%។ ប្រជាពលរដ្ឋដែលត្រូវលុបចេញពីបញ្ជីមានចំនួន ៥,៩៥៧នាក់។ ប្រជាពលរដ្ឋដែលស្នើសុំធ្វើការកែតម្រូវមានចំនួន ៤.១២៩នាក់។
ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត នៅព្រឹកថ្ងៃទី២០ ខែតុលា សមាជិកគ.ជ.បម្នាក់ គឺ លោក ឌុច សុន អះអាងថា លទ្ធផលដែលទទួលបានពីការចុះឈ្មោះបោះឆ្នោតនេះ មិនទាន់សក្ដិសមទៅនឹងការខិតខំប្រឹងប្រែងបំពេញការងារ របស់ គ.ជ.ប នៅឡើយទេ។
ការធ្លាក់ចុះនៃចំនួនអ្នកដែលទៅចុះឈ្មោះបោះឆ្នោតនៅពេលនេះ ក៏ជាក្ដីកង្វល់សម្រាប់សង្គមស៊ីវិលដែលធ្វើការងារលើការបោះឆ្នោតដែរ។
អ្នកសម្របសម្រួលផ្នែកអង្កេត នៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ធ្លាប់លើកពីហេតុផលថា កត្តារាំងស្ទះពលរដ្ឋមិនបានទៅចុះឈ្មោះឲ្យបានច្រើនដូចកាលពីឆ្នាំ២០១៦នោះគឺ ការអប់រំពលរដ្ឋ អំពីការចុះឈ្មោះបោះឆ្នោត ការផ្សព្វផ្សាយរបស់គ.ជ.បនៅមានកម្រិត ការបញ្ជាក់ឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការចុះឈ្មោះបោះឆ្នោត ការបិទស្ថានីយវិទ្យុឯករាជ្យ កាសែត និងការបិទអង្គការអន្តរជាតិ NDI ជាពិសេស បញ្ហានយោបាយ ក៏ជាកត្តាគួបផ្សំសំខាន់ដែរ នៅក្រោយពេលចាប់មេបក្សប្រឆាំងដាក់ពន្ធនាគារ។
លោក កន សាវាង្ស យល់ថា ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងស្ថានីយផ្សាយបន្តជាង៣០ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការផ្ដល់ព័ត៌មានចុះឈ្មោះ មិនបានទូលំទូលាយដូចកាលពីឆ្នាំ២០១៦។
ទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតនេះ ពលរដ្ឋខ្លះអះអាងថា ពួកគាត់គ្មានសង្ឃឹម និងមិនចង់ទៅចុះឈ្មោះបោះឆ្នោតទេ ដោយសារ មានលឺថា នឹងមានការរំលាយគណបក្សសង្គ្រោះជាតិ។ ពួកគាត់យល់ថា ការទៅចុះឈ្មោះបោះឆ្នោតនឹងធ្វើឲ្យគ្មានន័យ ព្រោះគ្មានវត្តមានគណបក្សប្រឆាំងដែលអាចប្រកួតជាមួយបក្សកាន់អំណាចបាន។ ប៉ុន្តែ ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់ និងអតីតប្រធានគណបក្សសង្គ្រោះជាតិ គឺ លោក សម រង្ស៊ី បានអំពាវនាវឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ដោយរង់ចាំមើលព្រឹត្តិការណ៍វិវត្តន៍នយោបាយនៅពេលខាងមុខទៀត៕