Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

តុលាការ​កំពង់ចាម​កោះ​ហៅ​មេឃុំ​បក្ស​ប្រឆាំង​សាកសួរ​ករណី​ទំនាស់​ធ្វើ​ផ្លូវ​សាធារណៈ

$
0
0

មេឃុំ​ជើងព្រៃ គណបក្ស​សង្គ្រោះជាតិ នៅ​ស្រុក​បាធាយ ​ខេត្ត​កំពង់ចាម អះអាង​ថា លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ ថា​នឹង​ចូល​ទៅ​បំភ្លឺ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​នេះ តាម​ដីកា​កោះហៅ​រូបលោក ដើម្បី​សាកសួរ​ករណី​ទំនាស់​រឿង​ការ​ធ្វើ​ផ្លូវ​សាធារណៈ ដែល​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​បាន​ប្ដឹង​នោះ។

មេឃុំ​ជើងព្រៃ​គណបក្ស​សង្គ្រោះ​ជាតិ ហៅ​ដីកាកោះ​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម ថា ជា​រឿង​អយុត្តិធម៌​មក​លើ​មេឃុំ​គណបក្ស​ប្រឆាំង ក្នុង​ចេតនា​នយោបាយ។

លោក វ៉ែន សំអុល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ តុលា ថា ករណី​ទំនាស់​រឿង​ធ្វើ​ផ្លូវ​ប៉ះពាល់​ដី​របស់​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ភូមិ​ត្រយ៉ងពង ក្នុង​ឃុំ​ជើងព្រៃ​នោះ គឺ​ពុំ​មែន​ជា​កំហុស​របស់​លោក​នោះ​ទេ។ មេឃុំ​គណបក្សប្រឆាំង​រូប​នេះ អះអាង​ទៀត​ថា រឿង​នេះ​គឺ​លោក​ធ្វើតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដោយមាន​ស្នាម​មេដៃ​ចំនួន​ជាង​៦០​នាក់ ដែល​បាន​ស្នើ​ឲ្យ​លោក​ជួយ​ជីក​ប្រឡាយ បង្ហូរទឹក និង​ធ្វើ​ផ្លូវ​សាធារណៈ​មួយ​ខ្សែ ដែល​មាន​ទទឹង​ជាង​៣​ម៉ែត្រ និង​ប្រវែង​ប្រហែល ៥០​ម៉ែត្រ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​នៅ​ក្នុង​មូលដ្ឋាន។ លោក​បន្ថែម​ថា ក្រោយពី​ទទួល​បាន​សំណូមពរ រូបលោក​និង​ក្រុម​ប្រឹក្សា​ឃុំ​ជើងព្រៃ​ចំនួន​៧​រូប ក្នុង​នោះ​គណបក្ស​សង្គ្រោះ​ជាតិ ៤​រូប និង​គណបក្ស​ប្រជាជន​កម្ពុជា ៣​រូប ក៏​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដល់​ទី​កន្លែង​ដី​ទំនាស់​នោះ​​តែ​ម្ដង៖«ខ្ញុំ​នឹង​ចូល​ទៅបំភ្លឺ។ កុំឆ្ងល់​ហេតុអ្វី​ក្រុមប្រឹក្សា​ឃុំ​ទាំង ៧ នាក់​ គេ​មិន​ព្រម​កោះហៅ​ឲ្យ​ចូទៅបំភ្លឺដែរ?»

ដីកាកោះ​ដែល​ចុះហត្ថលេខា​ដោយ​តំណាង​អម​សាលាដំបូង​ខេត្ត​កំពង់ចាម លោក ប្លង់ សុផល ចុះ​ថ្ងៃ​ទី​៦ តុលា កោះហៅ លោក វ៉ែន សំអុល រស់នៅ​ភូមិ​ជើងព្រៃ ឃុំ​ជើងព្រៃ ស្រុក​បាធាយ ឲ្យ​ចូល​ទៅ​កាន់​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​២៣ វិច្ឆិកា ខាងមុខ ដើម្បី​សាកសួរ​ពី​ដំណើររឿង​ហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ។

មន្ត្រី​ស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​កំពង់ចាម លោក មាន ព្រហ្មមុនី ដែល​បាន​ចុះទៅ​ស្រាវជ្រាវ​ដល់​ទី​កន្លែង​មាន​ទំនាស់​នោះ លើក​ឡើង​ថា រឿង​នេះ​ពុំ​មែន​ជា​កំហុស​របស់​មេឃុំ​ជើងព្រៃ​នោះ​ទេ ព្រោះ​មេឃុំ​រូប​នេះ​ធ្វើ​ទៅ​តាម​សំណូម​របស់​ប្រជាពលរដ្ឋ។ លោក​ហៅ​ករណី​នេះ​ថា ជា​ចេតនា​នយោបាយ ច្រើនជាង​ការ​ហៅ​មេឃុំ ដើម្បី​ដោះស្រាយ​ផ្លូវច្បាប់ ព្រោះ​កន្លងមក​មេឃុំ​រូប​នេះ​មាន​ប្រជាប្រិយ និង​មាន​ពលរដ្ឋ​គាំទ្រ​ច្រើន៖ «ការ​កាយ​ហ្នឹង ប្រជាពលរដ្ឋ​ជា​អ្នក​កាយ។ ពួកគាត់​អ្នក​ចង់​រំដោះ​ទឹក។ ដូច្នេះ​គួរ​តែ​កោះ​ហៅ​ប្រជាពលរដ្ឋ»

មេឃុំ​ជើងព្រៃ លោក វ៉ែន សំអុល មានប្រសាសន៍​ថា ម្ចាស់​ដី​ទំនាស់​ដែល​ប្ដឹង​លោក​ទៅ​តុលាការ​នោះ​ឈ្មោះ ខន ប៊ុន ជា​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ជើងព្រៃ​ដ៏​មាន​ឥទ្ធិពល។ លោក​បន្ថែម​ថា ការ​ប្ដឹង​នេះ​ដោយសារ លោក ខន ប៊ុន មិន​សប្បាយចិត្ត​ដែល​លោក​មិន​ជាប់​ធ្វើជា​មេឃុំ​មួយ​នេះ។

អាស៊ីសេរី​ពុំ​អា​ចរក​ប្រភព​ទាក់ទង លោក ខន ប៊ុន ដើម្បី​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី​២០ តុលា។ រឿង​ទំនាស់​នេះ​កន្លង​មក​អភិបាលខេត្ត​កំពង់ចាម បាន​បញ្ជា​ឲ្យ​មេឃុំ​គណបក្សប្រឆាំង​រូប​នេះ​លុប​ប្រឡាយ​ចេញ ដោយ​កំណត់​រយៈពេល ៧​ថ្ងៃ ក្រោយ​ចេញ​បទបញ្ជា ហើយ​ប្រមាណ​៣​ថ្ងៃ​ក្រោយ​មក មេឃុំ​ក៏បាន​នាំគ្នា​ទៅ​កាយ​ដី​លុប​ប្រឡាយ​នោះ​ភ្លាមៗ។ សព្វថ្ងៃ​ចិញ្ចើម​ផ្លូវ​ដី​ទំនាស់ ត្រូវ​បាន​ម្ចាស់​ដី យក​មេឃ​ឈើ​ទៅ​ធ្វើ​របង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លង​កាត់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles