Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក ហ៊ុន សែន ប្រតិកម្ម​នឹង​ការ​ចោទ​ថា លោក​មាន​គម្រោង​រំលាយ​បក្ស​ប្រឆាំង

$
0
0

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​ចំពោះ​ការរិះគន់​ដោយ​មិន​សំដៅ​ចំ​ឈ្មោះ​ដែល​ចោទ​ថា រដ្ឋាភិបាល​របស់​លោក​មាន​គម្រោង​រំលាយ​បក្ស​ប្រឆាំង គឺ​ជា​ការ​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ​ជាង​​ពាក់​កណ្ដាល​ប្រទេស។ ការ​លើកឡើង​របស់​លោក ហ៊ុន សែន នេះ ក្នុង​ពេល​ស្ថានភាព​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ត្រូវ​បាន​រដ្ឋាភិបាល​រុញ​ឲ្យ​ដើរ​ដល់​ផ្លូវ​ទាល់​ច្រក។

លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី១៨ តុលា នៅ​ចំពោះ​មុខ​កម្មករ​រោងចក្រ​ជាង​មួយ​ម៉ឺន​នាក់ នៅ​ជាយ​ក្រុង​ភ្នំពេញ ដោយ​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​មាន​គម្រោង​រំលាយ​បក្ស​ប្រឆាំង ជា​ការ​ក្បត់​ឆន្ទៈ​ពលរដ្ឋ។ លោក​បន្ត​ថា អ្នក​រិះគន់​ទាំង​នោះ ជា​អ្នក​ដែល​មិន​យល់​ពី​សភាពការណ៍​នយោបាយ។ ជាង​នេះ​ទៀត លោក​នាយករដ្ឋមន្ត្រី​ដាក់​សំណួរ​ទៅ​អ្នករិះគន់​ថា សភាពការណ៍​ក្រោយ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ២០១៣ និង​សភាពការណ៍​នយោបាយ​ក្នុង​តំបន់ ព្រម​ទាំង​ពិភពលោក​ដទៃ​ទៀត ស្រដៀង​និង​កម្ពុជា​ដែរ ហេតុ​ដូចម្ដេច​បាន​ជា​មិន​ថ្កោលទោស​ថា ជា​រឿង​ខុស​ឆ្គង​ដែរ? លោក​នាយករដ្ឋមន្ត្រី យល់​ឃើញ​ថា ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល គឺ​មាន​ហេតុផល​សមរម្យ ចំពោះ​ភាព​ឆ្គាំឆ្គង​របស់​បក្ស​ប្រឆាំង​នៅ​ពេល​នេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក ហ៊ុន សែន អះអាង​ថា ការ​ចោទ​ប្រកាន់​ដែល​ថា បើ​រំលាយ​បក្ស​ប្រឆាំង​គឺ​មានន័យ​ថា ក្បត់​ឆន្ទៈ​ពលរដ្ឋ​នោះ គឺ​ជា​ហេតុ​ផល​ដែល​ពិបាក​ទទួល​យក​បំផុត ព្រោះ​បក្ស​នេះ​ក៏​ធ្លាប់​ទាមទារ​ឲ្យ​រូប​លោក ចុះ​ចេញ​ពី​រដ្ឋាភិបាល​ដែរ។

បើ​ទោះ​ជា​បែប​ណា អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ មើល​ឃើញ​ថា កម្ពុជា​បាន​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន​លើក​ច្រើន​សាណាស់​មក​ហើយ នៅ​តែ​មិន​ទាន់​មាន​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ​ដដែល។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា មាន​ប្រសាសន៍​ថា ប្រតិកម្ម​របស់​លោក ហ៊ុន សែន នេះ​មាន​ន័យ​ថា អ្នក​នយោបាយ​នៅ​មិន​ទាន់​ស្គាល់​ពី​តម្លៃ​ពិត នៃ​ការ​ប្រកួត​ប្រជែង​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ។ អ្នក​វិភាគ​រូប​នេះ បន្ត​ថា ជា​អ្នក​​នយោបាយ ត្រូវ​ហ៊ាន​ប្រឈម​មុខ​គ្រប់​សភាពការណ៍ ទាំង​ការ​រិះគន់​ដោយ​ចំហ និង​លាក់​មុខ។ លើស​ពី​នេះ​ទៅ​ទៀត លោក​មើល​ឃើញ​ថា ការ​ប្រកួតប្រជែង​ក្នុង​សង្គម​ប្រជាធិបតេយ្យ គឺ​តែង​ប្រើប្រាស់​កម្មវិធី​នយោបាយ ដាក់​លើ​តុ ហើយ​ដាក់​បង្ហាញ​ជា​សាធារណៈ ផ្ទុយ​ទៅ​វិញ​នៅ​កម្ពុជា បញ្ហា​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​បើក​ទូលាយ​នៅ​ឡើយ​ទេ ជា​ពិសេស​បក្ស​កាន់​អំណាច នៅ​មាន​ចរិត​ត្បិតត្បៀត និង​រឹត​បន្តឹង។

បើ​ទោះ​ជា​បែប​ណា លោក ហ៊ុន សែន បាន​ទាមទារ​ឲ្យ​អ្នក​ដែល​រិះគន់​ថា ​រដ្ឋាភិបាល និង​រូប​លោក​ផ្ទាល់ មាន​គម្រោង​រំលាយ​បក្ស​ប្រឆាំង​នេះ ត្រូវ​ក្រឡេក​មើល​ពី​ព្រឹត្តិការណ៍ ក្រោយ​កា​របោះ​ឆ្នោត កាល​ពីឆ្នាំ២០១៣ ឡើង​វិញ ដោយ​លោក​ចាត់​ទុក​ថា គឺ​មាន​គោល​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល តាមរយៈ​បដិវត្តន៍​ដ៏​ពិត​ប្រាកដ។

បើ​ទោះ​ជា​បែប​ណា គណបក្ស​ប្រឆាំង តែង​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ជា​ញឹកញាប់ ហើយ​អះអាង​ថា អ្វី​ដែល​បក្ស​ប្រឆាំង​ចង់​បាន​នោះ​គឺ​តាមរយៈ​ការ​បោះឆ្នោត​មួយ ដែល​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles