Quantcast
Viewing all articles
Browse latest Browse all 11174

លោក ហ៊ុន សែន ចោទ​អាមេរិក​ថា​រំលោភ​សិទ្ធិ​មនុស្ស​ពេល​ទម្លាក់​គ្រាប់បែក​លើ​កម្ពុជា

Image may be NSFW.
Clik here to view.

រដ្ឋាភិបាល​កម្ពុជា ជាថ្មី​ម្ដង​ទៀត បាន​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​ទទួល​ខុសត្រូវ​ការ​ទម្លាក់​គ្រាប់បែក​មក​លើ​ទឹកដី​កម្ពុជា។ អ្នកវិភាគ​ស្នើ​ថា​លោក ហ៊ុន សែន គួរ​តែ​រំលឹក​អំពី​មីន​ដែល​បាន​បង្កប់​ដោយ ទាហាន​វៀតណាម​ក្នុង​ទឹកដី​កម្ពុជា និង​មីន​របស់​ចិន​ដែល​បង្កប់​ដោយ​ក្រុម​ទាហាន​ខ្មែរក្រហម​ដែល​ដោះ​មិនទាន់​អស់នោះ​ផង។

លោក ហ៊ុន សែន បាន​រិះគន់​សហរដ្ឋអាមេរិក ថា​មិនបាន​ខ្វល់​អំពី បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទេ នៅ​ពេល​រដ្ឋាភិបាល នៃ​ប្រទេស​មហាអំណាច​មួយ​នេះ ទម្លាក់​គ្រាប់បែក​ដែល​លោក​អះអាង ថា​មាន​ទាំង គ្រាប់បែក​គីមី​ផង មក​លើ​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​ជួបប្រទះ​បញ្ហា​សុខភាព​ជាច្រើន​ជំនាន់ និង​ខ្លះ​ទៀត​ត្រូវ​រង​ទុក្ខវេទនា​ខ្លោច​ផ្សា៖ «ឥឡូវ​ហ្នឹង​រក​ឃើញ​កាន់​តែ​ច្រើន​ហើយ ជា​សោកនាដកម្ម​ដែល​បាន​កើត​ក្នុង​ប្រទេស​របស់​យើង។ តើ​នោះ​គេ​បាន​គិតដល់​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដែរ​ទេ? ប្រជាពលរដ្ឋ​របស់​យើង​នៅ​ក្នុង​សហគមន៍ នៅ​ទីកន្លែង​នោះ ខ្លះ​កើតកូន​មក​មាន​ភ្នែក​លាន ក្បាល​ធំ ហើយ​សាមី​ខ្លួន ត្រូវ​បាន​រមាស់​នៅ​លើ​ដងខ្លួន​ស្ទើរតែ​ជា​មនុស្ស​កើត​ឃ្លង់។ តើ​នេះ​អស់​លោក​បាន​និយាយ​ពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឬ​អត់?»

ការ​ថ្លែង​របស់​លោក ហ៊ុន សែន ធ្វើឡើង​នៅ​ពេល​ជួប​សំណេះសំណាល ជាមួយ​កម្មករ កម្មការិនី ជាង ១​ម៉ឺន​នាក់ មកពី​រោងចក្រ​កាត់ដេរ ចំនួន​១០ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា បាន​រក​ឃើញ​មនុស្ស​ចំនួន ១៩​នាក់ មាន​រោគសញ្ញា​រមាស់​លើ​ដងខ្លួន និង​មាន​ភាព​មិន​ប្រក្រតី​លើ​រាយ​កាយ ហើយ​ពួកគេ​ត្រូវ​បាន​បញ្ជូន​ភ្លាមៗ​ទៅ​មន្ទីរពេទ្យ។

ឯកអគ្គរដ្ឋទូត​អាមេរិក​លោក វីល្លៀម ហៃដ្ដ៍ (William Heidt) ធ្លាប់​បង្ហាញ​ថា សហរដ្ឋអាមេរិក​បាន​ចំណាយ​ថវិកា​អស់​ជាង ១៦០​លាន​ដុល្លារ ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ជួយ​ដោះ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា ពាក់កណ្ដាល​នៃ​ទឹកប្រាក់​នេះ ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ដោះ​មីន​របស់​ចិន សូវៀត និង​វៀតណាម នៅ​ភាគ​ខាងលិច​ប្រទេស គឺ​នៅ​តាម​ចម្ការ​មីន​ដែល​គ្រោះថ្នាក់ ១០ ដង លើស​គ្រាប់​ដែល​ទម្លាក់​ដោយ​សហរដ្ឋ​អាមេរិក។

 

មន្ត្រី​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​ធ្លាប់​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​មិនបាន​ស្នើ​ឲ្យ​អាមេរិក​ជួយ​ដោះស្រាយ​បញ្ហា​គ្រាប់​គីមី​នេះ​ទេ ហើយ​ថា កម្ពុជា​អាច​ប្រើប្រាស់​ថវិកា​របស់​អាមេរិក​ដែល​ត្រៀម​សម្រាប់​ដោះ​មីន ដើម្បី​យក​ទៅ​ដោះស្រាយ​បញ្ហា​គ្រាប់​គីមី​ទាំង​នោះ​បាន។

ក្រោយពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ប្រកាស​ដាក់​ទណ្ឌកម្ម តាមរយៈ​ការ​បិទ​ទិដ្ឋាការ​ទៅលើ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ដើម​ខែ​កញ្ញា ដោយសារ​កម្ពុជា​បដិសេធ​មិន​ទទួល​យក​ពលរដ្ឋ​ដែល​ធ្លាប់ ទទួល​ទោស​នៅ​អាមេរិក​នោះ​មក កម្ពុជា​ចាប់​ផ្ដើម​លើក​យក​ករណី ទម្លាក់​គ្រាប់បែក​របស់​អាមេរិក​មក​លើ​ទាហាន​កុម្មុយនិស្ត​វៀតណាម ដែល​មាន​វត្តមាន​ក្នុង​ទឹកដី​កម្ពុជា កាលពី​ទសវត្ស​ឆ្នាំ​១៩៧០​នោះ​មក ធ្វើ​ជា​ប្រធានបទ​ក្ដៅ​ក្នុង​ការ​វាយប្រហារ មក​លើ​សហរដ្ឋអាមេរិក ហើយ​ចោទ​សហរដ្ឋអាមេរិក​ថា ជា​អ្នក​នៅ​ពីក្រោយ​គម្រោង​ធ្វើ​បដិវត្តន៍​នៅ​កម្ពុជា។ ប៉ុន្តែ​សហរដ្ឋអាមេរិក​បាន​ច្រានចោល​ការចោទប្រកាន់​នេះ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​អតីត​នាយក​ស្ដីទី​នៃ​អង្គភាព​កម្ចាត់​មីន​របស់ ស៊ីម៉ាក់ (CMAC) កាលពី​អំឡុង​ឆ្នាំ​១៩៩៣ និង​១៩៩៤ លោក បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន គួរ​លើក​យក​បញ្ហា​គ្រាប់​មីន ឬ​គ្រាប់បែក​របស់​ចិន សូវៀត និង​វៀតណាម ដែល​អង្គភាព​កម្ចាត់​មីន​របស់​កម្ពុជា​បោះ​សំអាត មិនទាន់​អស់​ចេញពី​តំបន់​សង្គ្រាម​ផង​នោះ៖ «តាំងពី​ខ្ញុំ​កាន់​ការងារ​នៅ​ស៊ីម៉ាក់ កាលពី​ឆ្នាំ​១៩៩៣ ទទួល​ការងារ​ពី​អ៊ុនតាក់ (UNTAC) មក​ហ្នឹង គឺ​ជា​ហូរហែ​មក​មិន​បាន​ផ្ដោត​អារម្មណ៍​ជាពិសេស អំពី​គ្រាប់បែក​អាមេរិកាំង​អី​ទេ គឺ​គ្រាប់បែក​ទូទៅ​ទាំងអស់។ ដល់​ឥឡូវ នេះ​ដល់ពេល​គាត់​មាន​ទំនាស់​ជាមួយ​អាមេរិក​ដូច្នេះ ក៏​យក​រឿង​ហ្នឹង​ជាធំ​ទៅ ហើយ​ភ្លេច​គ្រាប់បែក​ពី​ប្រភព​ផ្សេងៗ»

ពាក់ព័ន្ធ​នឹង​បញ្ហា​ទម្លាក់​គ្រាប់បែក​ដោយ​សហរដ្ឋអាមេរិក​នេះ​ដែរ លោក បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា រដ្ឋាភិបាល​នៃ​របប​រាជានិយម ដែល​ដឹកនាំ​ដោយ​អតីត​ព្រះមហាវីរៈក្សត្រ ព្រះបាទ នរោត្តម សីហនុ ក្នុង​ទសវត្ស​ឆ្នាំ​១៩៦៩ ក៏​ធ្លាប់​ជា​អ្នក​បើកដៃ​ឲ្យ​សហរដ្ឋអាមេរិក​ទម្លាក់ គ្រាប់បែក​មក​លើ​ទាហាន​កុម្មយនិស្ត​យៀកកុង​វៀតណាម​ខាងជើង ដោយសារតែ​ពេលនោះ​ពួកគេ​មិន​ព្រម​ទទួលស្គាល់​អាជ្ញាធរ​ខ្មែរ នៅ​តាម​បណ្ដា​ខេត្ត​មួយ ចំនួន​នៅ​ភូមិភាគ​ឦសាន ដូចជា​ខេត្ត​រតនគិរី មណ្ឌលគិរី ក្រចេះ ឬ​ខេត្ត​ស្ទឹងត្រែង ដែល​ជាប់​ព្រំដែន​ជាមួយ​វៀតណាម។

ចំណែក​នៅ​ឆ្នាំ​១៩៧០ រដ្ឋាភិបាល​របស់​លោក​សេនាប្រមុខ លន់ ណុល ក៏បាន​បើកដៃ​អោយ​សហរដ្ឋអាមេរិក​ទម្លាក់​គ្រាប់បែក លើ​កងទ័ព​វៀតណាម​កុម្មុយនិស្ត​យៀកកុង​ខាងជើង ដែល​ចូល​មក​ផ្ដួល​រំលំ​របប​ដឹកនាំ​របស់​លោក លន់ ណុល ដែរ។

លោក​បន្ត​ថា ការ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក​នៅ​ពេលនោះ​សុទ្ធតែ​មានការ​អនុញ្ញាត​ដោយ​រដ្ឋាភិបាល​កម្ពុជា​ទាំងអស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles