Quantcast
Viewing all articles
Browse latest Browse all 11174

កម្ពុជា​-​អាមេរិក​ចរចា​ពី​កិច្ច​ព្រមព្រៀង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​មាន​ទោស​មក​កម្ពុជា​វិញ

Image may be NSFW.
Clik here to view.

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ក្រុងភ្នំពេញ បញ្ជាក់​ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី១៧ តុលា ថា ការចរចា​អំពី​ការ​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ធ្លាប់​ជាប់ពិរុទ្ធ ដែល​សហរដ្ឋអាមេរិក​បណ្ដេញ​ចេញ​មក​កម្ពុជា​វិញ បាន​បន្ត​ធ្វើ​ឡើងវិញ​ហើយ ក្រោយ​ពី​បាន​ផ្អាក​មួយ​រយៈ។

មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ក្រុងភ្នំពេញ លោក អារ៉ែន ស្វាចេស្ត (Arend Zwartjes) បញ្ជាក់​ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​ថា តំណាង​មក​ពី​សហរដ្ឋអាមេរិក និង​កម្ពុជា បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​បន្ត​ការចរចា​ឡើងវិញ លើ​កិច្ចព្រមព្រៀង​ធ្វើ​មាតុភូមិ​និវត្ត​ឆ្នាំ​២០០២​នេះ។ យ៉ាងណាក៏ដោយ ស្ថានទូត​បដិសេធ មិន​ផ្ដល់​ព័ត៌មាន​លម្អិត​ពាក់​ព័ន្ធ​នឹង​ករណី​នេះ ថា​តើ​សហរដ្ឋអាមេរិក​នឹង​យល់ព្រម​ដក​ចោល​វិញ​នូវ​ការ​ដាក់​ទណ្ឌកម្ម​មិន​ផ្ដល់​ទិដ្ឋាការ​ធ្វើដំណើរ​ប្រភេទ B1/B2 ដល់​មន្ត្រី​ការទូត​កម្ពុ​ជា ឬ​យ៉ាងណា​នោះ​ទេ។

ស្ថានទូត​ក៏​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​ករណី​ដែល​រដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្អាក​ការស្វែងរក​អដ្ឋិធាតុ​អតីត​ទាហាន​អាមេរិក ដែល​បាន​បាត់​ខ្លួន​កាលពី​សម័យ​សង្គ្រាម។

ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) រាយការណ៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា នេះ​ថា ការ​បន្ត​ការ​ចរចា​ឡើងវិញ​អំពី​ការ​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ដែល​សហរដ្ឋអាមេរិក បាន​សម្រេច​បណ្ដេញ​ចេញ​នេះ ត្រូវ​បាន​មន្ត្រី​នាំ​ពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​លោក ជុំ សុន្ទរី បញ្ជាក់​ថា ការ​ចរចា​នេះ ពិនិត្យមើល​លើ​លក្ខខណ្ឌ​មួយ​ចំនួន ដែល​ភាគី​កម្ពុជា​អាច​ទទួល​យក​បាន ក្នុង​នោះ​លក្ខខណ្ឌ​ជា​មូលដ្ឋាន​មួយ​ដែល​កម្ពុជា​ទាមទារ​នោះ គឺ​គុណភាព​នៃ​ការ​ធ្វើ​សមាហរណកម្ម​ប្រកបដោយ​លក្ខណៈ​វិជ្ជមាន របស់​ពលរដ្ឋ​ទាំងនេះ​ទៅ​ក្នុង​សង្គម​កម្ពុជា​ឡើងវិញ ដោយ​ផ្អែកលើ​គោលការណ៍​មនុស្សធម៌ និង​សិទ្ធិមនុស្ស។

បច្ចុប្បន្ន សហរដ្ឋអាមេរិក​កំពុង​ត្រៀម​បណ្ដេញ​ចេញ​ពលរដ្ឋ​កម្ពុជា​ធ្លាប់​ជាប់​ពិរុទ្ធ​ចំនួន ២១​នាក់ មក​កាន់​កម្ពុជា​វិញ។ ក្រោម​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋអាមេរិក ស្ដីពី​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក​មក​កម្ពុជា​វិញ ដែល​បាន​អនុវត្ត​អស់​រយៈពេល​ជិត ១៥​ឆ្នាំ​មកនេះ មាន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​មិន​តិច​ជាង ៥៦០​នាក់​ឡើយ ដែល​ជាប់ពិរុទ្ធ​នៅ​សហរដ្ឋអាមេរិក ត្រូវ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles