Clik here to view.

ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយមើលឃើញដូចៗគ្នាថា ស្ថានការណ៍នយោបាយប្រទេសកម្ពុជា នៅពេលនេះដើរថយក្រោយគួរឲ្យព្រួយបារម្ភខ្លាំង។ ការលើកឡើងរបស់អ្នកវិភាគ និងសង្គមស៊ីវិលដូចនេះ ស្របពេលគណបក្សកាន់អំណាច កំពុងប្រើគ្រប់មធ្យោបាយដើម្បីរំលាយគណបក្សប្រឆាំង មុនការបោះឆ្នោត២០១៨ ខាងមុខ។
មន្ត្រីជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល (Comfrel) លោក យឿង សុធារ៉ា ធ្វើការវិភាគថា ស្ថានការណ៍នយោបាយនៅពេលនេះគឺស្រដៀងគ្នាទៅនឹងឆ្នាំ១៩៩៧ ដែលពេលនោះមានសង្គ្រាមបង្ហូរឈាមគ្នារវាងគណបក្សហ៊្វុនស៊ិនប៉ិចរបស់សម្ដេចក្រុមព្រះ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រដ្ឋប្រហារបង្ហូរឈាមរវាងខ្មែរ និងខ្មែរ៥-៦ ខែកក្កដា កាលពីជាង២០ឆ្នាំមុន ត្រូវបានគេហទំព័ររបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា រាយការណ៍ថា មនុស្សប្រមាណ ៦០នាក់ ត្រូវបានសម្លាប់ក្រៅច្បាប់។ ភាគច្រើននៃជនរងគ្រោះជាទាហាន មន្ត្រីយោធា និងប៉ូលិសរបស់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច។ ចំនួននេះមិនរាប់បញ្ចូលជីវិតជនស៊ីវិល និងទាហានដែលបានស្លាប់ក្នុងការប្រយុទ្ធគ្នារវាងកងទ័ពស្មោះត្រង់នឹងសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ និងកងទ័ពស្មោះត្រង់នឹងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ នោះទេ។
ខណៈមជ្ឈដ្ឋាននានាបង្ហាញភាពស្រពិចស្រពិលថា នឹងអាចកើតមាននៅការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ។ លោក យឿង សុធារ៉ា យល់ថា ការបោះឆ្នោតគឺនឹងអាចកើតមានដដែល ហើយប្រធានគណបក្សប្រឆាំងនឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជា នាថ្ងៃកៀកបោះឆ្នោត។ ការដែលយល់ដូចនេះត្រូវបានលោក យឿង សុធារ៉ា មើលឃើញថា មុនការបោះឆ្នោតឆ្នាំ១៩៩៨ សហគមន៍អន្តរជាតិបានអន្តរាគមន៍ឲ្យសម្ដេចក្រុមព្រះនរោត្តម នរោត្តម រណឫទ្ធិ ចូលក្នុងប្រទេសបានក្រោយចាញ់សង្គ្រាមលោក ហ៊ុន សែន។ លោកថា មុនការបោះឆ្នោតឆ្នាំ២០១៨ សហគមន៍អន្តរជាតិនឹងឲ្យប្រធានគណបក្សវិលចូលស្រុកវិញដែរ។
ខណៈរដ្ឋាភិបាលរបស់លោក ហ៊ុន សែន កំពុងកាន់អំណាចស្របច្បាប់ គេឃើញលោក ហ៊ុន សែន ប្រើគ្រប់មធ្យោបាយដើម្បីផ្ដួលគូរប្រកួតរបស់ខ្លួនគឺគណបក្សសង្គ្រោះជាតិ និងបំបិទមាត់អង្គការសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យដែលហ៊ានរិះគន់រដ្ឋាភិបាលលោក។ ជាងនេះទៅទៀត ក្រុមតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា បានសម្រេចជាឯកឆន្ទអនុម័តសេចក្ដីស្នើវិសោធនកម្មច្បាប់ចំនួន៤ ដ៏ចម្រូងចម្រាសនោះ ដើម្បីយកកៅអីរបស់គណបក្សប្រឆាំងក្រោយការរំលាយ ទៅឲ្យគណបក្សនយោបាយផ្សេងទៀតដែលគ្មានសំឡេងឆ្នោតនៅក្នុងសភា។ ទង្វើរបស់គណបក្សកាន់អំណាច ត្រូវបានអ្នកច្បាប់ និងអ្នកធ្វើការងារទាក់ទងការបោះឆ្នោតថា ច្បាប់របស់គណបក្សប្រជាជនកម្ពុជាធ្វើនេះ គ្មានប្រទេសនៅលើពិភពលោកមានឡើយ។
លោកមេធាវី សេក សោភ័ណ និយាយថា ច្បាប់នេះតែមួយមុខ គណបក្សដែលទទួលបានកៅអីពីគណបក្សប្រឆាំងមិនអាចក្លាយជាតំណាងរាស្ត្រ ដែលសុពលភាពឬស្រប់ច្បាប់នោះទេ។ លោកថា តាមមាត្រា៧៦ នៃរដ្ឋធម្មនុញ្ញ តំណាងរាស្ត្រត្រូវកើតចេញពីការបោះឆ្នោតដោយសេរីយុត្តិធម៌ និងដោយសម្ងាត់។
នៅពេលគណបក្សប្រជាជនកម្ពុជា បានធ្វើច្បាប់នេះយ៉ាងប្រញាប់ប្រញាល់នោះ គណបក្សសង្គ្រោះជាតិកំពុងប្រឈមការរំលាយចោលដោយតុលាការកំពូល ព្រោះក្រសួងមហាផ្ទៃប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ តាមសំណើរបស់គណបក្សហ៊្វុនស៊នប៉ិច និងគណបក្សយុវជនកម្ពុជា។
អ្នកនយោបាយជើងចាស់លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង និយាយថា បើគណបក្សសង្គ្រោះជាតិ ត្រូវរំលាយគណបក្សប្រជាជនកម្ពុជាក៏ត្រូវរំលាយដែរ ព្រោះរដ្ឋសភាមានតែគណបក្សនេះទេដែលទទួលការគាំទ្រពីពលរដ្ឋម្ចាស់ឆ្នោត។ លោកព្រមានទៀតថា រដ្ឋាភិបាលលោក ហ៊ុន សែន នឹងក្លាយជារដ្ឋាភិបាលចាំផ្ទះ ឬរដ្ឋាភិបាលមិនស្របច្បាប់ ដែលនឹងប្រឈមការកាត់ផ្ដាច់ជំនួយ និងការវិនិយោគពីអន្តរជាតិ។
នៅពេលនេះដែរ រដ្ឋាភិបាលរបស់ ហ៊ុន សែន កាលពីដើមខែតុលា ត្រូវអង្គការឃ្លាំមើលពិភពលោក គ្លូបល វីនេស (Global Witness) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍ថ្កោលរដ្ឋាភិបាលកម្ពុជាភ្លាមៗ ក្រោយពីក្រសួងមហាផ្ទៃដាក់ពាក្យប្ដឹងរំលាយគណបក្សសង្គ្រោះជាតិនេះ។
ចំណែកមន្ត្រីផ្នែកយុទ្ធនាការ របស់អង្គការឃ្លាំមើលពិភពលោក អ្នកស្រី អែមម៉ា ប៊ើណែត (Emma Burnett) និយាយថា “ក្រុមអ្នកមានអំណាច និងមានទ្រព្យ ដែលជាជនពុករលួយ មួយក្ដាប់តូច រយៈពេលចុងក្រោយនេះ កំពុងប៉ុនប៉ងរំលាយគណបក្សប្រឆាំងនៅកម្ពុជា ដើម្បីបន្តក្រាញអំណាច និងរក្សាទ្រព្យសម្បត្តិ ដែលធ្វើឲ្យពលរដ្ឋរងទុក្ខទូទាំងប្រទេស។
រីឯនាយករងប្រចាំតំបន់អាស៊ីសេរី នៃអង្គការអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ហ្វីល រ៉ប៊ឺតសុន (Phil Robertson) ចាត់ទុកចំណាត់ការរបស់ក្រសួងមហាផ្ទៃ ដែលប៉ុនប៉ងរំលាយគណបក្ស ប្រឆាំងថា ជាការធ្វើរដ្ឋប្រហាររបស់បុរសខ្លាំងលោក ហ៊ុន សែន ដែលកំពុងប្រែក្លាយខ្លួនទៅជាជនផ្ដាច់ការ ទាំងឥតអៀនខ្មាស។
មិនអស់ប្រតិកម្មប្រឆាំងរដ្ឋាភិបាលនៅឡើយទេ គឺសហភាពអឺរ៉ុប និងអូស្ត្រាលីបង្ហាញក្ដីបារម្ភជាខ្លាំងចំពោះគម្រោងរំលាយគណបក្សប្រឆាំង។ ជាងនេះទៅទៀត តំណាងរាស្ត្រសហរដ្ឋអាមេរិកពីខាងគណបក្សសាធារណរដ្ឋនិយម និងជាសហប្រធានទំនាក់ទំនងដើម្បីកម្ពុជា លោក ស្ទីវ ឆាបុត្រ (Steve Chabot) ព្រមានថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងស្វែងរកវិធីដ៏សមរម្យ ក្នុងការដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជា ដែលតែងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ មកលើគណបក្សប្រឆាំង និងរំលោភគោលការណ៍ប្រជាធិបតេយ្យ។
ទាក់ទងផែនការរំលាយគណបក្សសង្គ្រោះជាតិ ឲ្យខ្ចាត់ចេញពីឆាកនយោបាយនេះ អ្នកសិក្សាការអភិវឌ្ឍសង្គមលោក បណ្ឌិត មាស នី ធ្លាប់ធ្វើការវិភាគថា គណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយមុនការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ។ លោកថែមទាំងផ្ដល់គំនិតថា គណបក្សប្រឆាំងដ៏ធំនេះ ត្រូវស្វែងរកគណបក្សដៃគូទុកឲ្យហើយ ដែលអាចជ្រកខ្លួនបានដើម្បីជីវិតនយោបាយ។
ប៉ុន្តែអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ ច្រានចោលគំនិតនេះ ដោយលើកហេតុផលថា បើគេចង់រំលាយគណបក្សសង្គ្រោះជាតិមែននោះ ទោះគណបក្សនេះប្រែទៅជារូបភាពបែបណា ក៏គេនៅតែតាមកម្ទេចចោលដែរ៕