Quantcast
Viewing all articles
Browse latest Browse all 11174

"ភាព​ស្មុគស្មាញ​និង​បញ្ហា​នយោបាយ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​មិន​គ្រប់​ចំនួន"

Image may be NSFW.
Clik here to view.

សង្គម​ស៊ីវិល​មើល​ឃើញ​ថា វិបត្តិ​នយោបាយ និង​បញ្ហា​ស្មុគស្មាញ​នានា នឹង​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​មិន​អាច​ទៅ​ចុះឈ្មោះ​បោះឆ្នោត​បាន​គ្រប់​ចំនួន​នោះ​ទេ។ ការ​លើក​ឡើង​នេះ ខណៈ​ដែល ការ​ចុះ​ឈ្មោះ​ឆ្នោត​ជិត​បញ្ចប់ រីឯ​អ្នក​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ទើបតែ​បាន​ជាង​៣៩​ម៉ឺន​នាក់។

បញ្ហា​នយោបាយ​ច្របូកច្របល់​ជាច្រើន​ជំពូក បាន​កើត​ឡើងជា​បន្តបន្ទាប់ ស្រប​ពេល​ដែល​ប្រទេស កម្ពុជា កំពុង​រៀបចំ​ការ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​ត្រៀម​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង រាស្ត្រ​អាណត្តិ​ទី​៦ នៅ​ខែ​កក្កដា ឆ្នាំ​២០១៨​ខាងមុខ។

មន្ត្រី​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស លើក​ឡើង​ថា វិបត្តិ​នយោបាយ និង​ការ​មិន​សម្រួល​ឲ្យ​ពលករ នៅ​ក្រៅ​ប្រទេស​បាន​ចុះឈ្មោះ​បោះឆ្នោត ព្រមទាំង​បញ្ហា​ស្មុគស្មាញ​ក្នុង​ការ​ចេញ​លិខិតស្នាម​ជូន​ពលរដ្ឋ សម្រាប់​ការ​ចុះឈ្មោះ​បោះឆ្នោត បូករួម​នឹង​ស្ថាន​ភាព​មិន​អំណោយផល​ជាច្រើន​ទៀត អាច​ព្យាករណ៍​បាន​ថា ពលរដ្ឋ​ខ្មែរ​នឹង​មិន​ទៅ​ចូលរួម​ចុះឈ្មោះ​បោះឆ្នោត​បាន​គ្រប់​ចំនួន​ឡើយ។ បើ​ដូច្នេះ​មាន​ន័យថា ការ​បោះឆ្នោត​ឆ្នាំ​២០១៨ នឹង​មិន​មាន​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌​ឡើយ។

គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​តុលា គឺ​នៅ​សល់​តែ​២៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​បោះ ឆ្នោត​ថ្មី​ឆ្នាំ​២០១៧ និង​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៦ នឹង​ត្រូវ​បញ្ចប់ ក៏ប៉ុន្តែ​គេ​មើល ឃើញ​ថា ពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត និង​អ្នក​ផ្លាស់​ប្ដូរ​ទីលំនៅ ព្រមទាំង​ពលករ​នៅ​ក្រៅ​ប្រទេស មិន​ទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត​នោះ​ទេ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គ..ប បង្ហាញ​ថា គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៥ ខែ​តុលា គឺ​មាន​ប្រជាពលរដ្ឋ​ជាង ៣៩​ម៉ឺន​នាក់ (៣៩៣,៥៩៣) បាន​ទៅ​ចុះ ឈ្មោះ​បោះឆ្នោត ខណៈ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​មក​ចុះឈ្មោះ​បោះឆ្នោត​មាន​ជាង ១​លាន ៦​សែន​នាក់។

លោក កន សាវាង្ស លើក​ឡើង​ថា ចំនួន​អ្នក​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត គឺ​នៅ​មាន​ចំនួន​តិច​នៅ ឡើយ។

លោក កន សាវាង្យ បន្ថែម​ថា​ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​បាន​ច្រើន​នោះ គឺ​ត្រូវ​សម្រួល ឲ្យ​ពលករ​នៅ​ក្រៅ​ប្រទេស បាន​ចុះឈ្មោះ​បោះឆ្នោត។ គ..ជ ត្រូវ​បង្កើន​ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់ ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន និង​ពង្រីក​ក្រុមការងារ​ចុះឈ្មោះ​បោះឆ្នោត​ចល័ត​ឲ្យ​បាន​ច្រើន។ ទន្ទឹម គ្នា​នេះ រដ្ឋាភិបាល ត្រូវ​ស្តារ​ស្ថានភាព​នយោបាយ​ឲ្យ​ល្អ​ប្រសើរ​ឡើងវិញ។

ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៧ និង​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះ ឆ្នោត​ឆ្នាំ​២០១៦ មាន​រយៈពេល​៧០​ថ្ងៃ រាប់​ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ឆ្នាំ​២០១៧។

វិបត្តិ​នយោបាយ​ដែល​កើតឡើង​ជាច្រើន​ថ្ងៃ​ខែ រួមមាន​ការ​ចាប់ខ្លួន​មេដឹកនាំ​គណបក្ស​នយោបាយ​រួម មាន​លោក កឹម សុខា និង​បណ្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ បោះឆ្នោត​ចំនួន​៤ យ៉ាង​តក់ក្រហល់​ដោយ​ក្រុម​តំណាងរាស្ត្រ ៦៧​រូប មកពី​ខាង​បក្ស​កាន់អំណាច ដើម្បី​បើក​អោយ​មាន​ការ​ដកហូត​អាសនៈ​របស់​បក្ស​ប្រឆាំង ទៅ​ចែក​ឲ្យ​ក្រុម​គណបក្ស​តូចៗ​នោះ បាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​ស​សម្ដែង​ការ​ខកចិត្ត និង​ខ្លះ​ទៀត​ព្រមាន​ថា​នឹង​មិន​ទៅ​ចុះ ឈ្មោះ​បោះឆ្នោត​ទេ។

មជ្ឈដ្ឋាន​ទូទៅ មើល​ឃើញ​ថា ប្រសិនបើ​ស្ថានភាព​បែបនេះ នៅ​តែ​បន្ត នោះ​មាន​ន័យ​ថា ដំណើរការ ឆ្ពោះ​ទៅ​រក​ការបោះឆ្នោត​ដោយ​សេរី កាន់តែ​រួម​តូច​ដែរ។ ប្រជាពលរដ្ឋ គណបក្ស​នយោបាយ និង​សហគមន៍​អន្តរជាតិ សុទ្ធតែ​បាន​ចាត់​ទុក​ស្ថានភាព​នយោបាយ​កាន់តែ​ធ្ងន់ធ្ងរ និង​អំពាវនាវ​ជា​បន្ត បន្ទាប់​ឲ្យ​រដ្ឋាភិបាល​ជួយ​កែប្រែ ស្ថានភាព​នយោបាយ​ឲ្យ​ល្អ​ប្រសើរ​ឡើងវិញ ដើម្បី​ធានា​ឲ្យ​បោះឆ្នោត នៅ​ពេល​ខាងមុខ​ប្រព្រឹត្តទៅ ដោយ​សេរី យុត្តិធម៌​ត្រឹមត្រូវ និង​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles