Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ចៅសង្កាត់​បក្ស​ប្រឆាំង​បារម្ភ​ពី​ការ​បំពេញ​ការងារ​ជូន​ពលរដ្ឋ​ជាង​ការ​រំលាយ​បក្ស

$
0
0

ចៅសង្កាត់​មកពី​គណបក្សប្រឆាំង ដែល​កំពុង​កាន់​តំណែង​នៅ​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា ពួកគាត់ ខ្វល់​ពី​ការ​ធ្វើ​ឯកសារ និង​កង្វល់​របស់​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ជា​ជាង​ការ​រំលាយ​គណបក្សប្រឆាំង ដែល​នាំ​ឲ្យ​ពួកគាត់​អស់​តំណែង។ ពួកគាត់​ថា តំណែង​នេះ មិនមែន​ជា​កេរ្តិ៍​មរតក​ដែល​ឪពុកម្ដាយ បន្សល់ទុក​ឲ្យ​ទេ តែ​ជា​ការ​ផ្ដល់​ឲ្យ​ដោយ​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួកគេ។

ដំណើរការ​វិវត្តន៍​នយោបាយ ឈាន​ទៅ​រំលាយ​គណបក្សប្រឆាំង ដ៏​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា ត្រូវ​បាន​គេ​ឃើញ​ថា បាន​ដើរ​ដល់​សេណារីយ៉ូ​ខិត​រំលាយ​ដោយ​បង្ខំ​ហើយ។

ចៅសង្កាត់​ទួលសង្កែ​ទី​១ លោក គ្រុយ សុ​ខេមរិទ្ធ មក​ពី​គណបក្ស​សង្គ្រោះជាតិ ប្រាប់​ថា លោក​គ្មាន​ការ​ព្រួយបារម្ភ​អំពី​តំណែង​ជា​ចៅសង្កាត់​ទេ ប៉ុន្តែ​លោក​ខ្វល់​អំពី​កង្វល់​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន ដែល​បាន​បោះឆ្នោត ឲ្យ​លោក​ជា​ចៅសង្កាត់៖ «ខ្ញុំ​ក៏​មិនបាន​ចាប់អារម្មណ៍ ហើយក៏​មិន​ខ្វល់​ដែរ​ពី​បញ្ហា​បើសិនជា​រដ្ឋាភិបាល រំលាយ​គណបក្ស នេះ​ជា​រឿង​របស់​រដ្ឋាភិបាល​ហើយ​ខ្ញុំ​គិត​ឃើញ​ថា ខ្ញុំ​គិត​ឃើញ​ថា​ខ្ញុំ តំណែង​នេះ តួ​នាទី​នេះ​គឺ​មិន​មែន​ជា​តំណែង​របស់​ឪពុកម្ដាយ​ខ្ញុំ​ដែល​ទុក​កេរ្តិ៍​អោយ​ខ្ញុំ​ទេ​គឺជា​ប្រជាពលរដ្ឋ​ដែរ​គាត់​ជ្រើសរើស​ខ្ញុំ​អោយ ជាប់​ជា​ចៅសង្កាត់​នេះ ចំពោះ​រឿង​អ្វី​ទៀត​ខ្ញុំ​មិន​ខ្វល់​ហើយ​ខ្ញុំ​មិនបាន​គិត​ថា អ្វី​ដែរ​មាន​បញ្ហា​ចំពោះ​ខ្ញុំ​ក៏​ខ្ញុំ​អត់​គិត​ដែរ​ខ្ញុំ​ដឹង​ថា ធ្វើ​ការងារ​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ»

ស្រប​ពេល​ដែល​ស្ថានការណ៍​នយោបាយ​កំពុង​ឡើង​កម្ដៅ នៅ​ឯ​មូលដ្ឋាន សង្កាត់​ទួល​សង្កែទី​១ ក៏​មាន​ការ​ធ្វើ​ទុក​បុក​ម្នេញ ដែល​នាំ​ឲ្យ​ចៅសង្កាត់​បក្ស​ប្រឆាំង​ពិបាក​ធ្វើ​ការងារ​បម្រើ​ពលរដ្ឋ។

គណបក្ស​សង្គ្រោះជាតិ​បាន​រង​នូវ​ការ​រំលាយ​បក្ស គឺ​ក្រោយ​ពេល​ដែល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចោទ លោក កឹម សុខា បាន​ក្បត់ជាតិ។ ដំណើរការ​នៃ​សេណារីយ៉ូ រំលាយ​បក្ស​ប្រឆាំង ត្រូវ​បាន​អ្នកវិភាគ​មើល​ឃើញ នៅ​ក្រោយ​ការ​ចោទ​មេ​បក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល ថា ក្បត់ជាតិ។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក ហង្ស ពុទ្ធា ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា នៅ​ក្រោយ​ពេល​មាន​ការ​រំលាយ​បក្ស​ប្រឆាំង តំណែង​ទាំងអស់​របស់​សកម្មជន​បក្ស​ប្រឆាំង នៅ​ក្នុង​ស្ថាប័នរដ្ឋ នឹង​ត្រូវ​បញ្ចប់​តួនាទី​ទាំងអស់ ចាប់​រាប់​ពី​តំណែង​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រហូត ដល់​មេឃុំ ចៅសង្កាត់ និង​ក្រុមប្រឹក្សា​នៅ​តាម​ឃុំ-សង្កាត់ ទូទាំង​ប្រទេស។

ចៅសង្កាត់​មកពី​កូតា​គណបក្សប្រឆាំង​ម្នាក់ទៀត នៅ​សង្កាត់​បឹងទំពុន​ទី​១ នៃ​ខណ្ឌ​មានជ័យ គឺ លោក សូរ ស៊ឹមគារ ប្រាប់​ថា លោក​មិន​បារម្ភ​អំពី​ការ​រំលាយ​បក្ស​ប្រឆាំង​នោះ​ទេ។ រាល់​ថ្ងៃ​លោក​ចៅ​សង្កាត់ ថា ព្រួយបារម្ភ​អំពី​ថវិកា​សម្រាប់​អភិវឌ្ឍន៍​មូលដ្ឋាន ដូចជា ប្រព័ន្ធ​លូ និង​ផ្លូវ ដែល​ជា​តម្រូវការ​របស់​ពលរដ្ឋ​តែប៉ុណ្ណោះ៖ «អ្វី​ដែរ​យើង​បារម្ភ​គឺ​នៅតែ​បារម្ភ​អ្វី​ដែរ​បារម្ភ​ខ្ពស់ គឺ​បារម្ភ​ពី​ការ​បម្រើ​ពលរដ្ឋ​អត់​ទាន់​តម្រូវការ​ព្រួយ​បារម្ភ យ៉ាង​មិច​យើង​អភិវឌ្ឍ​មូលដ្ឋាន​យើង​ដល់​អ៊ីចឹង​ទៅ នៅតែ​បារម្ភ​ហើយ​ចំពោះ​ដែល​គេ​ហៅថា​សំណូមពរ​ពី​ប្រជាពលរដ្ឋ អ្វី​ក៏ដោយ​ដែល​គាត់​សំណូមពរ​ធ្វើ​លូ​មួយ​ខ្សែ​ប្រវែង​ពីរ​រយ​ម៉ែត្រ យើង​ខ្វះ​ថវិកា ដល់ពេល​អ៊ីចឹង​បារម្ភ​ថា យើង​ដេក​គិត​ថា យើង​អាច​រំពឹង​ថវិកា​មកពី​កន្លែង​ណា វា​ជា​ការ​ព្រួយ​បារម្ភ​របស់​អ្នក​តូច»

កាលពី​ថ្ងៃ​ទី​៦ ខែ​តុលា មេធាវី​មួយ​ក្រុម តំណាង​ឲ្យ​ក្រសួងមហាផ្ទៃ បាន​ដាក់​ពាក្យ​ស្នើ​ទៅ​តុលាការ​ដើម្បី​សុំ​រំលាយ​បក្ស​ប្រឆាំង តាម​សំណើ​របស់​គណបក្ស​គ្មាន​ប្រជាប្រិយភាព​២ គឺ គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្រោម​ហេតុផល​ថា បក្ស​ប្រឆាំង​បាន​ព្យាយាម​ជួយ លោក កឹម សុខា ដែល​រដ្ឋាភិបាល​ចោទ​ថា ក្បត់ជាតិ មុន​មាន​សាលដីកា​ពី​តុលាការ។

អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​ឲ្យ​វិទ្យុ​បាយ័ន ផ្សាយ​នៅ​ថ្ងៃ​ទី​១១ តុលា ថា ការ​រំលាយ​គណបក្សប្រឆាំង​នឹង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់តែ​រឹងមាំ។ ហេតុផល​ដែល​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​រឹងមាំ​នោះ គឺ លោក ផៃ ស៊ីផាន បាន​និយាយ​តាម លោក ហ៊ុន សែន គឺ រំលាយ​បក្ស​មួយ​ក្នុង​សភា ហើយ​យក​កៅអី​នោះ ទៅ​ចែក​ឲ្យ​បក្ស​ប្រាំ​ទៀត នាំ​ឲ្យ​ក្នុង​រដ្ឋសភា មាន​បក្ស​នយោបាយ​ចំនួន​៦៖ «គណបក្ស​សង្គ្រោះ​ជាតិ មិន​ដែរ​គោរព​នឹង​អនុវត្ត​នៅ​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​នោះ​ទេ យើង​អត់​ដែរ​ទេ គណបក្ស​នេះ​តែងតែ​យក​នៅ​ឥរិយាបថ​ឈ្លានពាន ដែរ​មិន​ធ្វើការ​វាយ​ប្រហារ​ប្រឆាំង​ពហុ​អី​ជាមួយ​នឹង​គណបក្ស​ប្រជាជន អា​ណឹង​ដែរ ជា​ការ​មើល​ឃើញ​ទាំងអស់​គ្នា​ជាក់ស្ដែង»

ពលរដ្ឋ​ចាត់​ទុក​ការ​ចែក​អាសនៈ​របស់​បក្ស​ប្រឆាំង​ក្នុង​រដ្ឋសភា ជា​ទង្វើ​មិន​ខ្មាសអៀន របស់​គណបក្ស​កាន់អំណាច និង​ជា​ការ​ប្លន់​សំឡេងឆ្នោត​របស់​ពលរដ្ឋ។​

អ្នក​រត់ម៉ូតូ​ឌុប នៅ​ក្រុងភ្នំពេញ​ម្នាក់ ឈ្មោះ ហៃ ម៉េងគីម យល់ថា ចេតនា​របស់​គណបក្ស​កាន់អំណាច ដែល​ចង់​រំលាយ​បក្ស​ប្រឆាំង​នៅ​គ្រា​នេះ អ្នក​ដែល​រងគ្រោះ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​តែ​ប៉ុណ្ណោះ​។ លោក​សម្ដែង​ការ​សោកស្ដាយ ដែល​អ្នកកាន់អំណាច​បាន​សុខ​ចិត្ដ​បណ្ដោយ​ឲ្យ​ពលរដ្ឋ​រងគ្រោះ ដើម្បី​រក្សា​អំណាច ក្រុម​គ្រួសារ និង​បក្សពួក​ខ្លួន៖ «វា​ជះឥទ្ធិពល​ខ្លះ​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ទាំងមូល គឺ​គណបក្ស​ប្រជាជន ធ្វើ​អី​ធ្វើតាម​អំពើ​ចិត្ត​ដែល​ខ្លួន​នឹកឃើញ​នឹក​ចង់​ធ្វើ​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដូច​ថា​ធ្វើ បាប​ធ្វើ​អោយ​ប្រជាពលរដ្ឋ​រង​ទុក្ខវេទនា និង​គណបក្ស​ប្រជាជន តែ​ម្ដង​ក្នុង​អារម្មណ៍​របស់ខ្ញុំ ថា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ចំពោះ​ខ្ញុំ​ម្នាក់​ដូច​អស់​សង្ឃឹម​ក្នុង​ជីវិត»

ពលរដ្ឋ​ម្នាក់ទៀត អាយុ​ជាង ៧០​ឆ្នាំ ឈ្មោះ ច័ន្ទ សុផាត យល់ថា ការ​រំលាយ​បក្ស​ប្រឆាំង នឹង​មិន​ប៉ះពាល់​ដល់​រូបលោក​ទេ ព្រោះ​លោក​ចាស់​ណាស់​ទៅ​ហើយ។ ប៉ុន្តែ​លោក​បារម្ភ​អំពី​ជោគវាសនា​របស់​យុវជន និង​ពលរដ្ឋ​កម្ពុជា​គ្រប់រូប៖ «វា​មិន​គួរ​មាន​បក្ស​ណា​ទៅ​សង្កត់​សង្កិន​គណបក្ស​ណា​រំលាយ​នឹង​វា​គ្មាន បើ​តាម​ខ្ញុំ​យល់ នឹង​វា​គ្មាន បើ​តាម​ខ្ញុំ​យល់​ខ្លួន​ខ្ញុំ​ម៉ង​ភាសា​ដែរ មានការ​ចោទ​ប្រកាន់​ខ្លះ​ពី​អំពើ​ដែរ​ស្អីៗ​ណា​ក្បត់ជាតិ អា​នឹង​គឺថា​ធ្ងន់ធ្ងរ​ណាស់ ប្រជាពលរដ្ឋ​ក៏​អាច​យល់ដឹង​ណាស់​ទូទៅ​ហើយ​ប្រជាពលរដ្ឋ​ក៏​យល់ដឹង​ដែរ​យល់​ដឹង​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ វា​តែង​តែ​មាន​បក្ស​រួម​ហើយ​ហើយ​មតិ​ក៏​ចម្រុះ​ដែរ​ពហុ​មតិ តែងតែ​មាន​អ្នក​ថា​អ្នក​រិះគន់​ដែរ​អីចឹង ហើយ​ខ្ញុំ​យល់ថា​បើ​យើង​ថា​យើង​រិះគន់​បាន​ទើប​ប្រទេសជាតិ​រីកចម្រើន»

បើ​ទោះ​ជា​អ្នកនយោបាយ​នៅ​ខាង​បក្ស​កាន់អំណាច មិន​មាន​ការ​ព្រួយ​បារម្ភ​អំពី​ស្ថានការណ៍​វិបត្តិ​របស់​កម្ពុជា នៅ​ក្រោយ​ការ​រំលាយ​បក្ស​ប្រឆាំង​ក៏ដោយ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ អ្នក​នយោបាយ​ជើងចាស់ អ្នកវិភាគ និង​សហគមន៍​អន្តរជាតិ បារម្ភ​ថា កម្ពុជា​នឹង​ត្រូវ​តែលតោល ដោយ​អន្តរជាតិ ឈប់​រាប់អាន ឬ​ត្រូវ​រង​វិបត្តិ​សេដ្ឋកិច្ច ដែល​នាំ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ កាន់តែ​លំបាក ហើយ​សោយសុខ​តែ​ក្រុម​បក្សពួក​របស់​អ្នកកាន់អំណាច​នៃ​ប្រទេស​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles