
សេចក្ដីប្រកាសព័ត៌មានរបស់សាលាខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១០ តុលា ឲ្យដឹងថា ស្ថានភាពទឹកជំនន់ នៅអូរខៃដន ដល់កម្រិតប្រកាសអាសន្នជូនប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
អភិបាលរងខេត្ត និងជាប្រធានគ្រោះមហន្តរាយ ខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសនោះថា បញ្ហាទឹកជំនន់នេះ ដោយប្រទេសកម្ពុជារងនូវប្រព័ន្ធសម្ពាធទាបឆ្លងកាត់នៅភាគខាងជើងនៃប្រទេស ទើបធ្វើឲ្យខេត្តបន្ទាយមានជ័យ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ រហូតបង្កទៅជាជំនន់ទឹកភ្លៀង និងជំនន់ទឹកភ្លៀងហូរមកពីប្រទេសថៃ ទើបធ្វើឲ្យអាងទឹកអូរខៃដន ហក់ឡើងដល់កម្រិតប្រកាសអាសន្ន។
នៅក្នុងសេចក្ដីប្រកាសដដែលនេះ អាជ្ញាធរខេត្តមួយនេះបានបញ្ជាឲ្យអភិបាលក្រុង និងស្រុកទាំង២នេះ ធ្វើយ៉ាងណាផ្សព្វផ្សាយប្រកាសអាសន្ន ទៅប្រជាពលរដ្ឋឲ្យមានការប្រុសប្រយ័តខ្ពស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ទោះជាយ៉ាងណា អាជ្ញាធរខេត្តពុំបានបញ្ជាក់ថា ទឹកនឹងស្រុកទៅវិញនៅពេលណានោះទេ៕