
ក្រសួងមហាផ្ទៃបញ្ជាទៅអភិបាលគ្រប់ខេត្តក្រុងនៅទូទាំងប្រទេស ឲ្យចាត់វិធានការជាបន្ទាន់ប្រឆាំងនឹងក្រុមអង្គការសង្គមស៊ីវិលទាំងឡាយណា ដែលធ្វើសកម្មភាពដោយពុំបានចុះបញ្ជីត្រឹមត្រូវ ឬធ្វើសកម្មភាពផ្ទុយពីច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
លិខិតដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី២ ខែតុលា បញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ច មានសិទ្ធិក្នុងការបញ្ឈប់ ឬផ្អាកជាបន្ទាន់នូវសកម្មភាពរបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលប្រតិបត្តិការដោយមិនបានជូនដំណឹង ឬធ្វើសកម្មភាពផ្ទុយពីការជូនដំណឹងរបស់ក្រសួង។ លិខិតដដែលក៏តម្រូវឲ្យអាជ្ញាធរដែនដី ចាត់វិធានការប្រឆាំងសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងឡាយណា ដែលក្រសួងបានសម្រេចលុបឈ្មោះចេញពីបញ្ជី ឬផ្អាកសកម្មភាពរួចហើយ តែបន្តធ្វើសកម្មភាពតទៀតដោយខុសច្បាប់។
លោក ស ខេង បានរំឭកដល់អាជ្ញាធរដែនដីរបស់លោក ដោយសង្កត់ធ្ងន់ៗថា ឲ្យចាត់វិធានការជាបន្ទាន់ប្រឆាំងនឹងអង្គការសង្គមស៊ីវិលទាំងឡាយណា ដែលធ្វើសកម្មភាពប្រមូលពលរដ្ឋធ្វើបាតុកម្ម ឬធ្វើសកម្មភាពប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិជាដើម។ បន្ទាប់មក អាជ្ញាធរដែនដីត្រូវរាយការណ៍ជាបន្ទាន់អំពីចំណាត់ការទាំងនោះទៅក្រសួងវិញ។
ចំណាត់ការក្ដៅប្រឆាំងក្រុមអង្គការសង្គមស៊ីវិល ត្រូវគេមើលឃើញថា ធ្វើឡើងខណៈដែលការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខកាន់តែខិតកៀកមកដល់ ហើយកម្ដៅជាពិសេសចំពោះក្រុមសង្គមស៊ីវិលទាំងឡាយណា ដែលសកម្មក្នុងការរិះគន់រដ្ឋាភិបាល។ អាជ្ញាធរខ្មែរ បានប្រើប្រាស់ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ យ៉ាងមានប្រសិទ្ធភាព ធ្វើជាហេតុផលដើម្បីបញ្ឈប់ និងបណ្ដេញចេញអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួន។
វិទ្យាស្ថានជាតិប្រជាធិបតេយ្យរបស់អាមេរិក អង្គការមាតាធម្មជាតិ (Mother Nature) របស់លោក អាឡិច និងអង្គការសមធម៌ របស់លោក អៀង វុទ្ធី ព្រមទាំងបន្ទប់ស្ថានការណ៍ ដែលជាបណ្ដុំអង្គការសង្គមស៊ីវិលឃ្លាំមើលដំណើរការបោះឆ្នោត បានក្លាយជាផ្ទាំងស៊ីបនៃចំណាត់ការណ៍ក្ដៅរបស់រដ្ឋាភិបាលលោក ហ៊ុន សែន មួយរយៈពេលចុងក្រោយនេះ។
សហរដ្ឋអាមេរិក ធ្លាប់បានសម្បែងពីក្ដីព្រួយបារម្ភអំពីការអនុវត្តស្រេចតែអំពើចិត្ត របស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់នូវបទបញ្ញត្តិស្ដីពីការចុះបញ្ជី និងសារពើពន្ធ ក្នុងគោលដៅដើម្បីបំភិតបំភ័យ បំបិទ និងបណ្ដេញចេញក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មិនឲ្យប្រតិបត្តិការនៅកម្ពុជា ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈការបិទកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) វិទ្យុអាស៊ីសេរី និងការបណ្ដេញចេញវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI ជាដើម៕