Quantcast
Viewing all articles
Browse latest Browse all 11174

អ្នក​ភូមិ​ឡពាង​ខេត្ត​កំពង់ឆ្នាំង​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក​បង្ហាញ​ពី​ការ​ឈឺចាប់

Image may be NSFW.
Clik here to view.

ប្រជាពលរដ្ឋ​ប្រមាណ ៣០០នាក់ មក​ពី​សហគមន៍​មួយ​ចំនួន រួម​មាន​សហគមន៍​ឡពាង និង​សហគមន៍​ភូមិ​បឹងកក់​ជាដើម នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ប្រារព្ធ​ខួប​លើក​ទី៣២ នៃ​ទិវា​សិទ្ធិ​លំនៅ​ឋាន​ពិភពលោក។ ការ​រៀបចំ​ទិវា​នៅ​ក្នុង​សហគមន៍ ក្បែរ​ដី​ដែល​មាន​ទំនាស់​ប្រមាណ ២០ឆ្នាំ​មក​ហើយ​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​យល់​ឃើញ​ថា នេះ​ដោយ​សារ​ភាគី​ទំនាស់​ជាមួយ​និង​ពលរដ្ឋ ជា​មន្ត្រី​ដែល​ស្និត​និង​រដ្ឋាភិបាល ទើប​ដី​ទំនាស់​នេះ​ដោះស្រាយ​មិន​ចេញ​ហើយ​បន្ត​រ៉ាំរ៉ៃ​មក​ដល់​ពេល​នេះ។

តំណាង​សហគមន៍​ភូមិ​ឡ​ពាង បន្ត​អំពាវនាវ​ដល់​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ដទៃ ជួយ​រក​ដំណោះស្រាយ​ដី​ដែល​មាន​ទំនាស់​ជាមួយ​និង​អ្នក​ស្រី ជាង ខេង ប្រពន្ធ​របស់​លោក ស៊ុយ សែម រដ្ឋមន្ត្រី​រ៉ែ និង​ថាមពល ដែល​អ្នក​ភូមិ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន ខេ ឌី ស៊ី របស់​មន្ត្រី​ស្និត​និង​រដ្ឋាភិបាល​នេះ ចូល​ទន្ទ្រាន​ដី​អ្នក​ភូមិ ហើយ​ចាប់​ខ្លួន​ម្ចាស់​ដី​ដាក់​ពន្ធនាគារ​ថែម​ទៀត។

រស់​នៅ​ភូមិ​ឡពាង ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង លោក​ស្រី អ៊ុំ សុភី រំពឹង​ថា ថ្វី​បើ​ទិវា​នេះ​រៀបចំ​ឡើង លើ​ទីតាំង​ដី​ចង្អៀត និង​ត្រូវ​ហ៊ុំ​ព័ន្ធ​ទៅ​ដោយ​បម្រាម​របស់​អាជ្ញាធរ​មូលដ្ឋាន ក៏​ក្រុម​អ្នក​ភូមិ​យល់​ឃើញ​ថា ការ​ប្រឹងប្រែង​នេះ​នឹង​បាន​ដឹង​ឮ​ដល់​សហគមន៍​ជាតិ និង​អន្តរជាតិ​ដែរ។

ថ្លែង​ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី ៨ តុលា លោកស្រី បន្ត​ថា ជម្លោះ​ដីធ្លី​ដែល​បាន​អូស​បន្លាយ​ប្រមាណ ២០ឆ្នាំ​មក​ហើយ​នេះ ក្រុម​អ្នក​រងគ្រោះ​ដោយ​សារ​រំលោភ​ដីធ្លី នៅ​តំបន់​ឡពាង និង​សហគមន៍​នៅ​ក្បែរ​នោះ​ទៀត នៅ​ពុំ​ទាន់​ទទួល​បាន​ដំណោះស្រាយ​ម្ដង​ណា​ឡើយ។

តំណាង​សហគមន៍​ឡពាង បញ្ជាក់​ថា ក្រោយ​ដី​មាន​ទំនាស់​ជាមួយ​មនុស្ស​ដែល​ស្និត​និង​រដ្ឋាភិបាល ពួក​គេ​ប្ដឹង​ផ្ដល់​មិន​ដែល​ឈ្នះ អ្នកស្រី ជា ខេង ឡើយ។ បន្ថែម​ពី​លើ​នេះ ក្រុម​សហគមន៍​បាន​ដើរ​ដាក់​ញត្តិ ស្ទើរ​គ្រប់​ច្រកល្ហក អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ នៅ​តាម​ស្ថាប័ន​ស្ថាប័ន​រដ្ឋ និង​បណ្ដា​ស្ថានទូត​នានា ប្រចាំ​កម្ពុជា ប៉ុន្តែ​ពុំ​ដែល​ទទួល​បាន​ចម្លើយ និង​ដំណោះស្រាយ​ទេ។ តំណាង​អ្នក​ភូមិ​ឡពាង អះអាង​ថា ក្រោយ​ពី​ដី​មាន​ទំនាស់ ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ផ្ទះ​ពលរដ្ឋ​អស់​ចំនួន ១៤ខ្នង​ផ្ទះ ក្នុង​ចំណោម​គ្រួសារ​សរុប ៥៦គ្រួសារ។

អតីត​ជា​គ្រូ​បង្រៀន​លោកស្រី អ៊ុំ សុភី បដិសេធ​នឹង​របាយការណ៍​របស់​គណៈកម្មាធិការ​ខេត្ត​កំពង់ឆ្នាំង ពី​ឆ្នាំ២០១៤ តែ​ទើប​ត្រូវ​ផ្សព្វផ្សាយ នៅ​ឆ្នាំ២០១៧​បង្ហាញ​ថា ពលរដ្ឋ​បាន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ចំនួន​លុយ ៧ម៉ឺន​ដុល្លារ។ ប៉ុន្តែ អ្នក​ស្រី អះអាង​ថា ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទំនាស់​ដីធ្លី គឺ​ពុំ​មាន​អ្នក​ដែល​ទទួល​បាន​សំណង​នោះ​ឡើយ។

ដី​ដែល​មាន​ជម្លោះ នៅ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់​ត្រឡាច​នេះ បាន​ផ្ដើម​ផ្ទុះ​តាំង​ពី​ថ្ងៃ​ទី៩ ខែ មករា ឆ្នាំ២០០៨។ អ្នក​ភូមិ ក្រៅ​ពី​អស់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ តែង​រៀបចំ​ពិធី​សែនព្រេន តាម​បែប​អប្បិយជំនឿ​ជា​ញឹកញាប់ ដោយ​ដាក់​បណ្ដាសា អ្នក​ស្រី ជា ខេង ម្ចាស់​ក្រុមហ៊ុន ខេ ឌី ស៊ី (KDC ) ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​អាជ្ញាធរ​ក្នុង​តំបន់ ឲ្យ​ក្លាយ​ជា​អ្នក​រងគ្រោះ ដូច​ពលរដ្ឋ​ដែរ។

ប្រជាពលរដ្ឋ​ចោទ​ប្រកាន់​ថា អ្នក​ស្រី ជា ខេង និង​អាជ្ញាធរ​ក្នុង​តំបន់ បាន​សហការ​គ្នា ប្លន់​ដី​អ្នក​ភូមិ​ដោយ​បំពាន។

អាស៊ី​សេរី ពុំ​អាច​សុំ​ប្រតិកម្ម ចំពោះ​ការ​ចោទ​ប្រកាន់​ជុំវិញ​រឿង​នេះ ពី​តំណាង​ក្រុមហ៊ុន ខេ ឌី ស៊ី របស់​អ្នក​ស្រី ជា ខេង បាន​ទេ នៅ​ថ្ងៃ​ទី ៨ ខែ តុលា។ បើ​ទោះ​ជា​បែប​ណា ប្រធាន​ភូមិ​ឡពាង លោក ឌុច ប៊ុនហេង ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​រារាំង​ពលរដ្ឋ មិន​ឲ្យ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភព​លោក បដិសេធ​ថា លោក​ពុំ​បាន​ដឹង​ពី​ការ​រៀបចំ​របស់​ពលរដ្ឋ​ឡើយ។

អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិមនុស្ស យល់​ឃើញ​ថា ដោយ​សារ​កម្រិត​នៃ​ការ​យល់​ដឹង​ផ្នែក​ច្បាប់ របស់​មន្ត្រី​អាជ្ញាធរ​នៅ​ថ្នាក់​ក្រោម​ជាតិ មិន​ទូលំទូលាយ ទើប​បង្ក​ជា​ការ​ស្មុគស្មាញ ដល់​ពលរដ្ឋ​បែប​នេះ។ ជាង​នេះ​ទៀត ដើម្បី​បញ្ចប់​បញ្ហា រដ្ឋាភិបាល​ត្រូវ​បង្កើត​គណៈកម្មការ​ជំនាញ​ឯករាជ្យ បើក​ការ​ស៊ើបអង្កេត ដោយ​តម្លាភាព​លើ​ទំនាស់​ដីធ្លី​នេះ។

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា ចាត់​ទុក​ថា នេះ​ជា​កំហុស​របស់​អាជ្ញាធរ ក្នុង​ពេល​ការ​ជួបជុំ​សំដែង​មតិ​របស់​ពលរដ្ឋ រៀបចំ​តាម​ទម្រង់​អហិង្សា តែ​នៅ​តែ​រង​ការ​រារាំង និង​ទប់ស្កាត់។ លោក​បន្ត​ថា អាជ្ញាធរ​នៅ​ថ្នាក់​មូលដ្ឋាន ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ​ជាង​នេះ បើ​មិន​ដូច្នេះ ការ​អនុវត្ត​ច្បាប់​នៅ​តែ​រង​ការ​រិះគន់​ថា ប្រកាន់​និន្នាការ​នយោបាយ។ប៉ុន្តែ​មន្ត្រី​ផ្នែក​សិទ្ធិមនុស្ស​រូប​នេះ មើល​ឃើញ​ថា ជម្លោះ​ដីធ្លី​នេះ​ដោយ​សារ​អ្នក​មាន​ទំនាស់​ដី​ជា​មួយ​ពលរដ្ឋ ជា​មនុស្ស​ខ្នង​ក្រាស់ និង​ស្និត​ជា​មួយ​រដ្ឋាភិបាល ហេតុ​នេះ​ទើប​ជំរុញ​ឲ្យ​ការ​ដោះស្រាយ មិន​អាច​រក​ច្រក​ចេញ​បាន។

សហគមន៍​ឡ​ពាង​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ដី​មាន​ទំនាស់ ជា​មួយ​និង​អ្នកស្រី ជា ខេង ប្រជាពលរដ្ឋ​ប្រមាណ ១២​មក​ហើយ ត្រូវ​ក្រុមហ៊ុន​នេះ ប្ដឹង​ទៅ​តុលាការ និង​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ហើយ​ក្នុង​ចំណោម​នោះ ត្រូវ​បាត់បង់​ជីវិត ក្រោយ​ចេញ​ពី​បន្ទប់​ឃុំឃាំង​វិញ។ អង្គការ​មិនមែន​រដ្ឋាភិបាល ផ្នែក​សិទ្ធិមនុស្ស សង្កេត​ឃើញ​ថា លំហ​នៃ​ការ​ជួបជុំ​សំដែង​មតិ​នៅ​កម្ពុជា កំពុង​តែ​រួម​តួច និង​ស្ថិត​ក្រោម​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles