
កម្មកររោងចក្រមួយចំនួន បានបញ្ចេញទស្សនៈផ្សេងៗគ្នាជុំវិញការដំឡើងប្រាក់ឈ្នួលគោល ១៧០ដុល្លារចាប់ពីឆ្នាំ២០១៨ ប៉ុន្តែភាគច្រើនយល់ថា ការដំឡើងប្រាក់ឈ្នួលគោលចំនួន១៧០ ដុល្លារនេះ គឺមិនទាន់សមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់កម្មករនោះទេ។ រីឯសហជីព យល់ថា ចំនួននេះ គឺអាចទទួលយកបាន។
ថ្វីបើរដ្ឋាភិបាល បានសម្រេចដំឡើងប្រាក់ដំឡើងប្រាក់ឈ្នួលគោលចំនួន១៧០ដុល្លារក្នុងឆ្នាំ២០១៨ ក្ដី ប៉ុន្តែកម្មករ នៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរសំលៀកបំពាក់ និងស្បែកជើង នៅមិនទាន់ពេញ ចិត្តទាំងស្រុងនោះទេ ដោយពួកគេយល់ថា ប្រាក់ឈ្នួលគោលនេះ មិនទាន់អាចផ្គត់ផ្គងជីវភាពប្រ ចាំថ្ងៃឲ្យបានសមរម្យនៅឡើយ។
កម្មការិនីម្នាក់ឈ្មោះ ផន សុខនៅ រៀបរាប់ថា ការដំឡើងប្រាក់ខែឲ្យដល់១៧០ដុល្លារនេះ គឺមិន ទាន់ច្រើននោះឡើយ ព្រោះមិនអាចទប់ទល់ការចំណាយជាមួយនឹងតម្លៃទំនិញនៅលើទីផ្សារ និង ថ្លៃផ្ទះជួលព្រមទាំង ទឹកភ្លើងបាននោះទេ៖ «ខ្ញុំថា ១៧០ដុល្លារនេះថោកណាស់ បើ២០០ដុល្លារល្មមព្រោះឥឡូវស្អីក៏ថ្លៃ សូម្បីតែផ្ទះជួលក្នុងមួយខែវា ៣០ ទៅ៤០ដុល្លារ ហើយនៅចំណាយលើទឹកទៀតអ៊ីចឹងទៅ ចំពោះសាច់ជ្រូកសាច់គោអីវិញក៏ថ្លៃដែរ។ខ្ញុំអោយគាត់ជួយឲ្យបានប្រាក់ខែឡើងជាបន្តបន្ទាប់»។
មិនខុសគ្នាប៉ុន្មានឡើយកម្មការិនីម្នាក់ទៀត ឈ្មោះសម ធាន រៀបរាប់ថា ទោះបីជាចំនួននេះមិន ទាន់ច្រើនក្ដី ប៉ុន្តែអ្នកស្រីសប្បាយចិត្តដែលខាងសហជីព ជួយទាមទារឲ្យបានប្រាក់ឈ្នួលរហូតដល់ ១៧០ដុល្លារ។ អ្នកស្រីរៀបរាប់ថា ចំនួននេះ វាច្រើនគួរសមជាងមុន ប៉ុន្តែសម្រាប់កម្មករដែលជួប បញ្ហាជីវភាពជាច្រើនជំពូក គឺនៅតែមិនអាចដោះស្រាយជីវភាពបានសមរម្យដដែល៖ «សម្រាប់ខ្លួនខ្ញុំដែលជាអ្នកអត់វាមិនសូវបានប៉ុន្មានទេ ព្រោះផាត់ចុះឡើងទៅវាអត់គ្រាន់ទេ នៅកូនរៀនទៀត ដូច្នេះ ១៧០ដុល្លារនេះវាមិនប៉ុន្មានទេ»។
កាលពីថ្ងៃទី៥ ខែតុលា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្ដីប្រកាសព័ត៌មាន ថា ក្រសួងដែលយោងទៅលើបទដ្ឋានច្បាប់នានាតាមសំណើរបស់និយោជក សហជីព និងគណៈកម្មការប្រឹក្សាការងារ រួមទាំងអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ផង បានសម្រេច បន្ថែមចំនួន៥ដុល្លារ ទៅលើតួលេខចំនួន១៦៥ដុល្លារ នៃសំណើសុំដំឡើងប្រាក់ឈ្នួលគោលដែលសម្រេចដោយគណៈកម្មការប្រឹក្សាការងារ។ ដូច្នេះចាប់ពីខែមករា ឆ្នាំ២០១៨ កម្មកររោងចក្រ នឹងទទួលបានប្រាក់ឈ្នួលគោល១៧០ដុល្លារក្នុង១ខែ សម្រាប់កម្មករពេញសិទ្ធិ និង១៦៥ដុល្លារសម្រាប់កម្មករ សាកល្បង។ ចំពោះអត្ថប្រយោជន៍ដទៃទៀតដែលកម្មករធ្លាប់ទទួលបានគឺនៅរក្សាដដែល។
រីឯកម្មការិនីម្នាក់ទៀតធ្វើការនៅរោងចក្រតំបន់កាណាឌីយ៉ា និយាយថា នាងមិនទាន់ដឹងអំពីការ ដំឡើងនេះ នៅឡើយទេ ប៉ុន្តែបើដំឡើងចំនួន១៧០ដុល្លារនេះ គឺមិនច្រើនទេ។ ទោះចំនួននេះ នៅតិចក្ដី នាងបញ្ជាក់ថា នាងមិនហ៊ានតវ៉ាទាមទារទៀតនោះទេ ព្រោះបារម្ភពីការបង្ក្រាបរបស់កម្លាំងរដ្ឋាភិបាលដូចកាលកន្លងទៅ៖ «ខ្ញុំមិនដឹងទេ គេអោយប៉ុន្មានប៉ុណ្ណឹងហើយ មិនហ៊ានតវ៉ានឹងគេទេ»។
ទាក់ទងនឹងការដំឡើងប្រាក់ឈ្នួល១៧០ដុល្លារនេះ ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា យល់ថា ជាការដំឡើងមួយសមរម្យអាចទទួលយកបាន ព្រោះថា លទ្ធផលទាំងអស់នេះ គឺជាដំណើររួមរបស់ ភាគីសហជីពទាំងអស់ដែលវត្តមានក្នុងកិច្ចប្រជុំគណៈកម្មការប្រាក់ឈ្នួលនេះ។
លោកប៉ាវ ស៊ីណា បន្ថែមថា សហជីព នៅតែបន្តសំណូមពរឲ្យអាជ្ញាធរជួយពង្រីកបណ្ដាញទឹក និង អគ្គិសនីឲ្យបានគ្រប់កន្លែងដែលមានកម្មកររស់នៅ និងជួយរៀបចំប្រព័ន្ធដឹកជញ្ជូនកម្មករដែលធានា កុំឲ្យមានគ្រោះថ្នាក់ ផ្សេងជាដើម។ បន្ថែមពីនេះ ខាងសហជីព ក៏បានសំណូមពរឲ្យពង្រឹងការចុះ អធិការកិច្ចតាមបណ្ដារោងចក្រ សហគ្រាស ទាំងអស់ឲ្យបានញឹកញាប់ ដើម្បីជំរុញឲ្យនិយោជក ទាំងអស់គោរពទៅតាម ប្រព័ន្ធស្តង់ដារការងារ ក៏ដូចជាប្រព័ន្ធបទដ្ឋានរបស់អង្គការILO ខណៈដែល កន្លងមកមានករណីកម្មកររោងចក្រដួលសន្លប់ជាបន្តបន្ទាប់។
យ៉ាងណាក៏ដោយចុះ ក្រុមកម្មករនៅតែអំពាវនាវឲ្យរដ្ឋាភិបាលជួយបង្កើនប្រាក់ឈ្នួលបន្ថែមទៀត និងជួយបញ្ចុះតម្លៃទំនិញនៅលើទីផ្សារ និងតម្លៃផ្ទះជួលជាដើម ដើម្បីធ្វើឲ្យជីវភាពរបស់ពួកគេមាន ភាពល្អប្រសើរជាងពេលបច្ចុប្បន្ននេះ៕