Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លិខិត​លោក កឹម សុខា អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​តក់​ស្លុត​និង​ត្រូវ​ការពារ​យុត្តិធម៌

$
0
0

អតីត​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា លោក កឹម សុខា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម បាន​សរសេរ​លិខិត​ជា​លើកដំបូង​របស់​ខ្លួន ចេញពី​ពន្ធនាគារ​ត្រពាំងផ្លុង កាលពី​ថ្ងៃ​ទី​២ តុលា ផ្ញើ​ជូន​ជនរួមជាតិ ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​កុំ​តក់ស្លុត និង រួបរួម​គ្នា​ការពារ​យុត្តិធម៌។

 

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខែត្រ​ត្បូងឃ្មុំ បាន​សរសេរ​សា​លិខិត​ជា​លើកដំបូង​របស់​ខ្លួន​ពី​ពន្ធនាគារ ផ្ញើ​ជូន​ពលរដ្ឋ​ខ្មែរ​សមត្ថកិច្ច ស្ថាប័ន​ជាតិ និង​សហគមន៍​អន្តរជាតិ ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​អំណាច ស្របតាម​រដ្ឋធម្មនុញ្ញ មិន​ត្រូវ​តក់ស្លុត គឺ​ត្រូវ​រួមគ្នា​ការពារ​យុត្តិធម៌។

សាលា​ខិត​របស់​លោក កឹម សុខា ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី២ តុលា បាន​រៀបរាប់​ថា សមត្ថកិច្ច​ចាប់​រូប​ខ្លួន​លោក យក​ទៅ​ឃុំឃាំង​រយៈពេល​១​ខែ​ហើយ គិតដល់​ថ្ងៃ​ទី៣ តុលា នេះ។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​សម្រុកចូល​ក្នុង​គេហដ្ឋាន​របស់​លោក ដោយ​រំលោភ​លើ​សិទ្ធិ​លំនៅឋាន​ឯកជន និង​បាន​ចាប់ខ្លួន​លោក​ទាំង​ពាក់កណ្ដាល​អធ្រាត្រ ខណៈ​កំពុង​សម្រាក​លង់លក់ ដែល​មិន​មាន​សកម្មភាព​អ្វី​សោះ ដោយ​យក​លេស​ថា ជា​បទល្មើស​ជាក់ស្ដែង គឺជា​ការ​រំលោភ​ច្បាប់ និង​អភ័យឯកសិទ្ធិសភា ជាពិសេស​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ​ជាទីបំផុត។

ទោះបីជា​យ៉ាង​នេះ​ក្ដី លោក កឹម សុខា បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គឺជា​ម្ចាស់​អំណាច​ស្របតាម​រដ្ឋធម្មនុញ្ញ​មាត្រា​៥១​ថ្មី មិន​ត្រូវ​តក់ស្លុត​នោះ​ទេ ត្រូវ​រួមគ្នា​ការពារ​យុត្តិធម៌។ លោក​ទទូច​នៅ​ក្នុង​លិខិត​នេះ​ថា សូម​ឲ្យ​ស្មារតី​ស្នេហា​ជាតិ និង​លទ្ធិប្រជាធិបតេយ្យ ស្ថិត​នៅ​រស់​រវើក​ក្នុង​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ។ លោក​ជឿ​ជាក់​ថា ការផ្លាស់ប្ដូរ​មួយ​ដែល​ខ្មែរ​ចង់បាន គឺ​បាន​សម្រេច​ពាក់កណ្ដាល​ហើយ​នោះ​គឺ ការផ្លាស់ប្ដូរ​នូវ​របត់​គំនិត និង​ការចូលរួម​យ៉ាងសកម្ម​ក្នុង​ឆាក​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ ហើយ​បាន​រីកសាយ​ទូទាំង​ប្រទេស​ហើយ។ លោក​បន្ថែម​ថា គ្មាន​អំណាច​ណា អាច​យកឈ្នះ​លើ​អំណាច​ឆន្ទៈ​ប្រជាពលរដ្ឋ​ឡើយ សូម​ជនរួមជាតិ​រួបរួម​គ្នា និង​ទាមទារ​ឲ្យ​បាន​នូវ​យុត្តិធម៌​សម្រាប់​ខ្មែរ​ទាំងអស់​គ្នា។

ចំពោះ​ការចោទប្រកាន់​រូបលោក​វិញ។ លោក កឹម សុខា អះអាង​ថា សមត្ថកិច្ច​ចោទប្រកាន់​រូបលោក ថា​បាន​ឃុបឃិត ឬ​ត្រូវរ៉ូវ​ជាមួយ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ គឺជា​ការ​មួលបង្កាច់​ទាំងស្រុង។ ក្នុងនាម​លោក​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តំណាង​ឲ្យ​ពលរដ្ឋ​ពាក់កណ្ដាល​ប្រទេស តែងតែ​ជ្រើសរើស យក​ការផ្លាស់ប្ដូរ​តាមរយៈ​ការបោះឆ្នោត​ដោយ​អហិង្សា។ គណបក្សប្រឆាំង​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​របប​ប្រជាធិបតេយ្យ​មាន​តួនាទី​ប្រកួតប្រជែង​យក​ការ គាំទ្រ​របស់​ពលរដ្ឋ ដើម្បី​ផ្លាស់ប្ដូរ​គណបក្ស​កាន់​អំណាច និង​ឈាន​ទៅ​រក​ការដឹកនាំ​ប្រទេស។

លោក កឹម សុខា បញ្ជាក់​ជំហរ​ថា បើសិនជា​គណបក្សប្រឆាំង​មិន​មាន​បំណង​ចង់​ផ្លាស់ប្ដូរ​គណបក្ស​កាន់​អំណាច​ទេ គេ​មិន​ហៅ​គណបក្ស​នោះ​ថា គណបក្សប្រឆាំង​ឡើយ។ ការ​ចូលរួម​ប្រឡូក​ក្នុង​ឆាក​នយោបាយ​របស់​លោក ក៏ដូចជា​ការ​បង្កើត​គ​ណ​បក្ស​សង្គ្រោះ​ជាតិ គឺ​ធ្វើ​ដើម្បី​ការផ្លាស់ប្ដូរ​ដោយ​អហិង្សា និង​ជា​វិជ្ជមាន មិនមែន​សម្រាប់​លំអ​លទ្ធិប្រជាធិបតេយ្យ​ក្លែងក្លាយ​ឡើយ។ ដូច្នេះ​រាល់​ទង្វើ​របស់​លោក​មិនមែន​ជា​រឿង​ខុសច្បាប់ ហើយ​ផ្ទុយទៅវិញ​គឺជា​សិទ្ធិ និង តួនាទី​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​លទ្ធិ​ល​ប្រជាធិបតេយ្យ សេរី​ពហុបក្ស មិនមែន​ឯក​បក្ស ដែល​លំអ​ដោយ​គណបក្ស​មិន​ហ៊ាន​ប្រឆាំង​គណបក្ស​កាន់អំណាច​នោះ​ទេ។

ទន្ទឹម​នឹង​នេះ លោក កឹម សុខា ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ ចាត់វិធានការ​សកម្មភាព​ជាក់ស្ដែង ដើម្បី​សង្គ្រោះ​កម្ពុជា​ឲ្យ​ទាន់​ពេល​វេលា ព្រោះថា​កាល​ពី​ពេល​ថ្មីៗ​នេះ សហគមន៍​អន្តរជាតិ​តែងតែ​និយាយ​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​ធ្វើ​ដំណើរ​ទៅ​រក​គ្រោះថ្នាក់ ហើយ​កំពុង​ធ្លាក់​នៅ​ដង្ហើម​ចុង​ក្រោយ​ហើយ​។ បើ​មិន​ដូច្នោះ​ទេ ការ​ជួយ​របស់​សហគមន៍​អន្តរជាតិ​ចាប់​តាំង​ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា​ឆ្នាំ​១៩៩១ ជា​ពិសេស​ការបោះឆ្នោត​ខាងមុខ ជា​ការ​ឥតប្រយោជន៍ និង​មិន​អាច​ទទួល​យក​បាន។

លោក កឹម សុខា ស្នើ​ឲ្យ​សមត្ថកិច្ច​រដ្ឋាភិបាល និង​តុលាការ សូម​ពិចារណា​ឡើងវិញ នូវ​ការចោទប្រកាន់​លើ​រូបលោក ដែល​នេះ​មិនមែន​ជា​យុទ្ធសាស្ត្រ ធ្វើ​ឲ្យ​ខ្មែរ​ណា​ម្នាក់​ទទួល​បាន​ផលប្រយោជន៍​យូរអង្វែង​ឡើយ ដោយ​លោក កឹម សុខា អះអាង​ថា «ខ្ញុំ​មិនមែន​ជា​សត្រូវ​របស់​លោក​អ្នក ខ្ញុំ​ជា​គូរ​ប្រជែង​ដែល​មាន​តួនាទី​រួមចំណែក​កែ​លំអ​ជាតិ​យើង ដោយ​ការរិះគន់ និង​ប្រជែង​យក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ»

កម្ពុជា​មាន​ថ្ងៃនេះ ដោយសារ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ អ្នក​វិនិយោគ​ចូល​មក​កម្ពុជា​ចាប់ពី​ឆ្នាំ​១៩៩៣​មក ខណៈ​កម្ពុជា​ចាប់​យក​របប​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស គេ​មិនបាន​ចូលរួម​មក​កម្ពុជា​ក្នុង​របប​ឯក​បក្ស​ឡើយ។

លោក កឹម សុខា អំពាវនាវ​ជាថ្មី​ទៀត​ថា សូម​កុំ​សម្លាប់​សេដ្ឋកិច្ច​ខ្មែរ ដោយ​ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ។ បើ​ជាតិ​យើង​រស់ កូនចៅ​យើង​មិន​ថា​បក្ស​ណា​ទេ នឹង​រស់​ទាំងអស់​គ្នា។ បើ​ជាតិ​យើង​ស្លាប់ មិន​ថា​អ្នកមាន​លុយ ឬ​អំណាច​យ៉ាងណា​ឡើយ គឺ​នឹង​អស់​អ្វីៗ​គ្រប់​បែប​យ៉ាង​ទាំងអស់។

នៅ​ចុង​បញ្ចប់ លោក កឹម សុខា បាន​ផ្ដាំ​ថា ដោយ​ស្មារតី​យុត្តិធម៌ ប្រជាធិបតេយ្យ និង​ការ​បង្រួបបង្រួម​ជាតិ សូម​ឲ្យ​គ្រប់​ភាគី​ទាំងអស់​តម្កល់​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជាធំ។ ហើយ​សូម​ប្រជាពលរដ្ឋ​ខ្មែរ​ចងចាំ​ថា លោក​នៅ​ជាមួយ​បងប្អូន​ទាំងអស់ ទោះ​រូប​កាយ​លោក​ត្រូវ​ជាប់ឃុំ តែ​គ្មាន​នរណា​ម្នាក់​អាច​ឃុំ​ឧត្ដមគតិ​លោក​បាន​ឡើយ។ ឆន្ទៈ​លោក​តែងតែ​នៅ​ជាប់​នឹង​ជនរួមជាតិ​ជានិច្ច សូម​កុំ​តក់ស្លុត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles