Quantcast
Viewing all articles
Browse latest Browse all 11174

អ្នកច្បាប់​យល់​ឃើញថា​មាន​តែ​ក្រសួង​មហាផ្ទៃ​អាច​ស្នើ​រំលាយ​បក្ស​នយោបាយ​បាន

Image may be NSFW.
Clik here to view.

អ្នក​ជំនាញ​ផ្នែក​ច្បាប់​ព្រហ្មទណ្ឌ យល់​ឃើញ​ថា ចង់​រំលាយ​គណបក្ស​ណាមួយ វា​មិនមែន​ជា​ការ​ងាយ​ទេ។ ការ​រំលាយ​គណបក្ស​នយោបាយ​ណាមួយ​ទៅ​បាន លុះ​ត្រា​មាន​សំណើសុំ​ឲ្យ​រំលាយ​ដោយ​ក្រសួងមហាផ្ទៃ ទៅ​តុលាការ​កំពូល។ ការ​បញ្ជាក់​ដូចនេះ របស់​អ្នក​ច្បាប់ ស្រប​ពេល​គណបក្ស​ប្រឆាំង ត្រូវ​រង​ការ​គំរាម​កំហែង​ពី​បក្ស​នយោបាយ​ចំនួន​២ គ្រោង​នឹង​ដាក់​បណ្ដឹង​ទៅ​តុលាការ​កំពូល​ខាង​មុខ​នេះ ដើម្បី​ស្នើ​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញពី​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ។

អតីត​មេធាវី​ការពារ​ក្ដី​ឲ្យ​ជួប សម្លាប់ គឺ​លោក យុង ផានិត អះអាង​ថា ថ្វីបើ​ក្នុង​នីតិវិធី​ច្បាប់ បាន​បើកផ្លូវ​ឲ្យ​ពលរដ្ឋ​គ្រប់រូប អាច​មាន​សិទ្ធិ​តាំង​ខ្លួន​ធ្វើជា​ដើមបណ្ដឹង​យ៉ាង​ណា​ក្តី ក៏​សំណុំរឿង​ខ្លះ ប្រជាពលរដ្ឋ​ទូទៅ នៅតែ​មិន​អាច​ធ្វើជា​ដើមបណ្ដឹង​បានទេ ព្រោះ​ទាក់ទង​នឹង​ផលប្រយោជន៍ និង​សមត្ថភាព​របស់​ពួកគេ ដែល​ពុំ​មាន​ប្រយោជន៍​នៅ​ក្នុង​រឿងក្ដី​ដែល​ត្រូវ​ប្ដឹង​ហ្នឹង​ទេ គឺ​ពុំ​អាច​ដើរតួ​ជាដើម​បណ្ដឹង​បាន​ឡើយ។

ការ​បញ្ជាក់​ដូចនេះ​របស់​លោក យុង ផានិត ស្រប​ពេល​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច របស់​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​គណបក្ស​យុវជន​កម្ពុជា​របស់​លោក ពេជ្រ ស្រស់ រៀបចំ​ដាក់​បណ្ដឹង​ទៅ​តុលាការ​កំពូល មុន​ក្រោយ​គ្នា​មួយ​ថ្ងៃ ស្នើ​ឲ្យ​រំលាយ​បក្ស​ប្រឆាំង។ បើទោះជា​បែប​ណា អ្នក​ជំនាញ​ផ្នែក​ច្បាប់ព្រហ្មទណ្ឌ​រូប​នេះ យល់​ឃើញ​ថា វា​ពិត​ជា​មាន​ភាព​ស្មុគស្មាញ និង​រឹតតែ​មិន​អាច​ទៅ​រួច​ថែម​ទៀត​ផង ប្រសិនបើ​ភាគី​ដែល​តាំង​ខ្លួន​ជាដើម​បណ្ដឹង​នោះ ពុំ​មាន​ជាប់​ទិន​ក្នុង​ហេតុផល​ណាមួយ ជា​មួយ​និង​ភាគី​ដែល​ខ្លួន​ត្រូវ​ប្ដឹង​នោះ​ទេ។ លោក យុង ផានិត បន្ត​ថា ផ្អែក​នីតិវិធី អ្នក​ដែល​អាច​មាន​សិទ្ធិ​ប្ដឹង​សូម​ឲ្យ​តុលាការ​កំពូល រំលាយ​បក្ស​នយោបាយ​ណាមួយ​ទៅ​បាន គឺ​មានតែ​ក្រសួងមហាផ្ទៃ ឬ​រដ្ឋាភិបាល​ប៉ុណ្ណោះ។

នៅ​ពេល​នេះ ទាំង​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​យុវជន​កម្ពុជា បាន​ប្រកាស​ជំហរ​ដូចគ្នា​ថា នឹង​រៀបចំ​បណ្ដឹង​ទៅ​តុលាការ​កំពូល ដើម្បី​ស្នើសុំ​ឲ្យ​តុលាការ រំលាយ​បក្ស​សង្គ្រោះ​ជាតិ ចេញពី​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ។ មន្ត្រី​នយោបាយ​ទាំងពីរ​គណបក្ស​នេះ ចោទ​ប្រកាន់​ថា លោក កឹម សុខា ក្បត់ជាតិ ហេតុ​នេះ​ជា​ចាំបាច់​ត្រូវ​ស្នើ​ឲ្យ​តុលាការ​ត្រូវ​រំលាយ​បក្ស​ប្រឆាំង​នេះ​ចេញ មិន​អាច​ទុក​តទៅទៀត​បាន​ឡើយ។

យ៉ាង​នេះ​ក្ដី​លោក យុង ផានិត ដែល​ជា​មេធាវី​ជំនាញ​ផ្នែក​ច្បាប់ព្រហ្មទណ្ឌ មិន​បដិសេធ​ទេ​គឺ ពលរដ្ឋ​អាច​មាន​សិទ្ធិ​តាំង​ខ្លួន​ជាដើម​បណ្ដឹង​បាន​ពិតមែន ប៉ុន្តែ​បណ្ដឹង​ដែល​ដាក់​ទៅ​តុលាការ​កំពូល​នោះ គ្រាន់តែ​ជា​បណ្ដឹង​បរិហារកេរ្តិ៍​ប៉ុណ្ណោះ ពោល​មិនមែន​ជា​ប្រភេទ​បណ្ដឹង​ចំពោះ​មុខ​ដូច​រដ្ឋាភិបាល ឬ ក្រសួងមហាផ្ទៃ​ឡើយ ដែល​ចាំបាច់​ត្រូវ​ទាមទារ​ឲ្យ​តុលាការ បើក​ការស៊ើបអង្កេត​ជា​មុន​សិន មុន​នឹង​កំណត់​ថា ខុស ឬ​ត្រូវ។

អាស៊ីសេរី ពុំ​អាច​សុំ​ប្រតិកម្ម​ក្នុង​រឿង​នេះ ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បានទេ នៅ​ថ្ងៃទី១ ខែ​តុលា។យ៉ាង​នេះ​ក្ដី​លោក សួន រីដា សមាជិក​សភា​របស់​បក្ស​ប្រឆាំង បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ដោយ​ហៅ​យុទ្ធនាការ ចង់​កម្ចាត់​បក្ស​សង្គ្រោះ​ជាតិ​នេះ​ថា នេះ​ជា​របៀប​បក្ស​នយោបាយ ដែល​មិន​ជោគជ័យ។ ផ្ទុយទៅវិញ ចរន្ត​នយោបាយ​នេះ រឹតតែ​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង មាន​ការ​គាំទ្រ រឹងមាំ និង​ខ្លាំង​ជាង​មុន​ថែម​ទៀត​ផង។

ក្នុង​ពេល​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រកាស​ជំហរ​ចូលរួម ទាត់​គណបក្ស​ប្រឆាំង ចេញ​ពី​ឆាក​នយោបាយ ដូច​គណបក្ស​លោក ពេជ្រ ស្រស់ ដែរ​នោះ មាន​ការ​រិះគន់​ជា​បន្តបន្ទាប់ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ អ្នកខ្លះ​ពាប់​ជ្រាយ​ថា គណបក្ស​យុវជន​កម្ពុជា​បង្កើត​ឡើង មិន​ចេះ​ធ្វើ​អ្វី ក្រៅពី​ដើរ​ប្ដឹង​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៀត អ្នកនយោបាយ​ទាំងពីរ​គណបក្ស​នេះ រង​ការ​ចោទ​ថា​ជា​កូនអុក និង​ជា​អាយ៉ង​ចាំ​បម្រើ​ផលប្រយោជន៍​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង បក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ។

ស្រប​ពេល​នេះ​ដែរ អ្នក​អង្គម្ចាស់​ស៊ីសុវត្ថិ ចក្រីនុពល ត្រូវ​បាន​បណ្ដាញ​សង្គម​ចុះផ្សាយ អំពី​សារ​រិះគន់​របស់​ទ្រង់ ចំពោះ​ការសម្រេចចិត្ត​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នៅ​ថ្ងៃ​ទី១ តុលា ថា នេះ ជា​ការ​បញ្ចប់​ជីវិត​នយោបាយ សម្រាប់​សែ​រាជវង្ស ដែល​នៅ​សេសសល់​ចុងក្រោយ នៅ​ក្នុង​ដៃ​របស់​សម្រេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ។ ជាង​នេះ​ទៀត ការ​ដើរ​នយោបាយ​របស់​សម្ដេច ក្រុមព្រះ​មួយ​ជំហាន​ចុង​ក្រោយនេះ បាន​ធ្វើ​ឲ្យ​អាប់ឱន និង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដល់​ស្ថាប័ន​ព្រះមហាក្សត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles