
ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្ដល់ហិរញ្ញប្បទានចំនួន៥០លានដុល្លារបន្ថែម ដើម្បីជួយបង្កើនផលិតភាពកសិកម្ម និងលើកកម្ពស់លទ្ធភាពទទួលបានទីផ្សាររបស់កសិកម្មខ្នាតតូច ក្នុងឃុំចំនួន២៧១ ជុំវិញបឹងទន្លេសាប ដែលងាយរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ។
អ្នកឯកទេសផ្នែកធនធានទឹកនៃធនាគារអភិវឌ្ឍន៍អាស៊ី អ្នកស្រី ធុយ ត្រាំងដាង (Thuy Trang Dang) មានប្រសាសន៍នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃទី២៨កញ្ញាថា ហិរញ្ញប្បទានបន្ថែមនេះ នឹងជួយរដ្ឋាភិបាលបង្កើនផលិតភាពកសិកម្ម ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចនៅជុំវិញបឹងទន្លេសាប ដើម្បីផ្ដល់ប្រយោជន៍ដល់កសិករខ្នាតតូច និងបង្កើតជាគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ ដែលឆ្លុះបញ្ចាំងពីតម្រូវការរបស់សហគមន៍មូលដ្ឋាន។ សហគមន៍ដែលមានហេដ្ឋារចនាសម្ព័ន្ធដែលអាចកាន់តែធន់ទ្រាំជាមួយអាកាសធាតុ នឹងអាចធូរស្រាលពីគ្រោះមហន្តរាយធម្មជាតិនានាបានយ៉ាងឆាប់រហ័ស។
គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប បានទទួលការអនុម័តដំបូង កាលពីខែធ្នូ ឆ្នាំ២០០៩ ដែលមានទឹកប្រាក់សរុបជាង៥១ លានដុល្លារ។ ចាប់តាំងពីពេលនោះមក គម្រោងនេះបានជួយគាំទ្រសកម្មភាពអភិវឌ្ឍន៍ជាច្រើន ដូចជា ផ្លូវលំជនបទ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលបានលើកកម្ពស់ការងារកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងឃុំចំនួន១៩៦ នៅខេត្តចំនួន៥ ដូចជា ខែត្របន្ទាយមានជ័យ កំពង់ចាម កំពង់ធំ សៀមរាប និងត្បូងឃ្មុំ ជាដើម។
ហិរញ្ញប្បទានបន្ថែមនេះ នឹងជួយឲ្យមានការបន្ថែមសមាសភាគគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ទៅក្នុងកម្មវិធីនេះ នឹងជួយពង្រីកវិសាលភាពនៃកម្មវិធីនេះដល់ឃុំចំនួន៧៥ទៀត ក្នុងខេត្តកំពង់ធំ និងខេត្តថ្មីពីរទៀត គឺខេត្តបាត់ដំបង និងខេត្តព្រៃវែង។ ជាពិសេសហិរញ្ញប្បទានបន្ថែមនេះ នឹងជួយឲ្យសហគមន៍ ចេះធ្វើកសិកម្មដែលវៃឆ្លាតតាមស្ថានភាពអាកាសធាតុ បង្កើនលទ្ធភាពរបស់កសិករក្នុងការទទួលបានទិន្នន័យទីផ្សារ ដែលបន្តអភិវឌ្ឍសង្វាក់តម្លៃសម្រាប់កសិផលរបស់កសិករ។
វិស័យកសិកម្ម គឺជាវិស័យដែលមានសារៈសំខាន់ដែលជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយសារតែវិស័យនេះ ផ្ដល់ការងារដល់ប្រជាពលរដ្ឋប្រមាណ៧០% នៃគ្រួសារដែលរស់នៅតាមតំបន់ជនបទ និងបានរួមចំណែកលើការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាដែរ៕