Clik here to view.

កម្មករក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរនៅខែត្រស្ទឹងត្រែង ជាង១ពាន់នាក់ ត្អូញត្អែររឿងមិនទាន់បើកប្រាក់ឧបត្ថម្ភពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចការសន្យា នៅគ្រាដែលលោកមកសម្ពោធចុចកុងតាក់បិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោមពីរជាស្ថាពរ កាលពីថ្ងៃទី២៥ កញ្ញា។
កម្មករធ្វើការនៅក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរនៅថ្ងៃទី២៧ កញ្ញា អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍ទៅក្រុមហ៊ុនឲ្យប្រគល់ប្រាក់ជូនកម្មករជាង ១ពាន់នាក់ ដូចការសន្យា នៅគ្រាដែលលោកបានថ្លែងនៅក្នុងវិធីបិទទ្វារទឹកនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ កាលពីថ្ងៃទី២៥ កញ្ញា។
កម្មករធ្វើការក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ ថ្លែងសុំមិនបញ្ចេញឈ្មោះ រំឭកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឧបត្ថម្ភប្រាក់ជូនកម្មករក្រុមហ៊ុនជាង ១ពាន់នាក់ ដោយក្នុងម្នាក់ទទួលបាន ២ម៉ឺនរៀល ហើយប្រាក់ទាំងនោះបានប្រគល់ជូនតាមរយៈមេការក្រុមហ៊ុន ក៏ប៉ុន្តែមកទល់ពេលនេះពួកគាត់នៅពុំទាន់ទទួលប្រាក់នៅឡើយទេ។ បញ្ហានេះក្រុមកម្មករព្រួយបារម្ភខ្លាចក្រែងប្រាក់ទាំងនោះ ធ្លាក់ដល់ដៃមេការកិបកេង រួចឆ្លើយចោទក្រុមហ៊ុនទៅវិញ។ លោកអំពាវនាវឲ្យក្រុមហ៊ុនស៊ើបអង្កេតរឿងនេះជូនកម្មករផង៖ «ខ្ញុំចាត់ទុកថា ទង្វើនេះពុករលួយត្រឹមមេការហ្នឹងម្តង បង្កកត្រឹមមេម៉ៅការហ្នឹង។ ខ្ញុំជឿថា ចែកយ៉ាងយូរមួយថ្ងៃ ឥឡូវឡើង៣ថ្ងៃមកហើយ»។
កម្មករម្នាក់ទៀត ថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា លោកបានឮការសន្យារបស់លោក ហ៊ុន សែន ដែរថា នឹងឧបត្ថម្ភប្រាក់ជូនកម្មករម្នាក់ៗ ២ម៉ឺនរៀល តែលោកពុំទទួលបាននៅឡើយទេ។ លោកថា ប្រាក់ដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឧបត្ថម្ភជូនពួកគាត់ មិនដឹងថា ជាប្រាក់របស់រដ្ឋាភិបាល ឬក៏ជាប្រាក់ផ្ទាល់ខ្លួនរបស់លោក ហ៊ុន សែន នោះទេ គ្រាន់តែលោករីករាយនៅពេលទទួលដំណឹងនេះ៖ «គាត់ថា ឲ្យម្នាក់ពីរម៉ឺន មិនដឹងម៉េចដែរ បើគាត់ឲ្យ គឺឲ្យទៅ បើមិនឲ្យមិនដឹងម៉េចដែរ»។
មេឃុំស្រែគរមកពីគណបក្សសង្គ្រោះជាតិ លោក សៀក មេគង្គ មានប្រសាសន៍ថា ប្រសិនប្រាក់ទាំងនោះ មិនបានដល់ដៃកម្មករនោះទេ នឹងប៉ះពាល់ដល់កិត្តិយសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកថា អាជ្ញាធរឃុំនៅពុំទាន់ទទួលពាក្យបណ្ដឹងរឿងនេះទេ តែលោកនឹងស៊ើបអង្កេតនៅពេលទទួលដំណឹងនេះ ដើម្បីស្វែងរកយុត្តិធម៌ជូនកម្មករ។ លោករំឭកថា នៅគ្រាដែលលោក ហ៊ុន សែន មកសម្ពោធបិទទ្វារទឹកជាស្ថាពរ អាជ្ញាធរស្រុក និងក្រុមហ៊ុនមិនអនុញ្ញាតឲ្យលោកចូលរួមក្នុងកម្មវិធីនោះទេ ខណៈឃុំស្រែគរ គឺជាឃុំដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយសារទំនប់វារីអគ្គិសនី។ លោកចាត់ទុកទង្វើនេះថា ជាការរើសអើងនិន្នាការនយោបាយ៖ «កង្វល់របស់ពលរដ្ឋមានបញ្ហា តំណាងឲ្យពលរដ្ឋហ្នឹងហើយ យើងសំណូមពរបញ្ហាប្រឈមនានាក្នុងឃុំសង្កាត់របស់ខ្លួនហ្នឹង ឲ្យគាត់ដឹង។ ទស្សនៈរបស់ខ្ញុំគិតថា រើសអើងហើយ។ ប៉ុន្តែបើសិនជាមិនឲ្យទេ ពាក់ព័ន្ធការប្ដឹងផ្តល់ទៀតហើយ »។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខែត្រស្ទឹងត្រែង លោក ហូ សំអុល យល់ថា ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ដែលសន្យាថា ប្រគល់ប្រាក់ជូនកម្មករ តែបែរជាកម្មករពុំបានទទួលគឺជារឿងមិនត្រឹមត្រូវ ហើយកម្មករមានសិទ្ធិដាក់ពាក្យប្ដឹងរឿងនេះទៅអាជ្ញាធរមានសមត្ថកិច្ច៖ «នៅពេលគាត់ថា ឲ្យមានន័យថា លុយគាត់ប៉ុន្តែគ្រាន់តែថា ប្រភពដែរបានហ្នឹង មិនដឹងថា បានមកពីណាយើងមិនទាន់ដឹងដែរ »។
កាលពីខែកក្កដា ឆ្នាំ២០១៧ កម្មករជាង ៥០នាក់ បានប្ដឹងសុំការអន្តរាគមន៍ទៅអាជ្ញាធរឃុំស្រែគរ រឿងមេការក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ មិនទាន់ទូទាត់ថ្លៃប្រាក់ឈ្នួលឲ្យពួកគាត់ជាង ១ឆ្នាំ មានចំនួនសរុបជាង ១ម៉ឺនដុល្លារ។ ក្រុមកម្មកររកឃើញថា មេការក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ៣នាក់ បានគេចខ្លួន៕