Clik here to view.

ក្រសួងសុខាភិបាល ប្រកាសអាសន្នពីការផ្ទុះឡើងនៃករណីជំងឺដង្កូវព្រូនទ្រីស៊ីណែឡា ឬហៅថា ទ្រីស៊ីណែឡូស៊ីស (Trichinellosis) នៅតំបន់ព្រៃឡង់ ភូមិច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលបានបណ្ដាលឲ្យមនុស្សជាច្រើននាក់បាត់បង់ជីវិត។
ចាប់តាំងពីការផ្ទុះឡើងនៃករណីជំងឺនេះដំបូងកាលពីថ្ងៃទី០១ ខែសីហា រហូតមកទល់នឹងថ្ងៃទី២៦ ខែកញ្ញានេះ មានអ្នកកើតជំងឺនេះសរុបចំនួន ៣៣ករណី ក្នុងនោះមនុស្សចំនួន ៨នាក់បានបាត់បង់ជីវិត ហើយអ្នកជំងឺ ១៣នាក់ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ជំងឺដង្កូវព្រូនទ្រីស៊ីណែឡា គឺជាប្រភេទជំងឺមួយដែលចម្លងមកមនុស្ស តាមរយៈការបរិភោគសាច់ឆៅ ឬសាច់ចម្អិនមិនឆ្អិនល្អ ដែលសាច់នោះមានដង្កូវព្រូនទ្រីស៊ីណែឡា។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ផ្សាយថ្ងៃទី២៦ ខែកញ្ញា ឲ្យដឹងថា រោគសញ្ញាដំបូងនៃជំងឺនេះរួមមាន៖ ក្អួតចង្អោរ រាករូស អស់កម្លាំង និងគ្រុនក្ដៅ។ រោគសញ្ញាបន្ទាប់ មានដូចជា ឈឺក្បាល គ្រុនក្ដៅ ក្អក ហើមមុខ និងត្របកភ្នែក (អាចមានហើមដៃ ហើមជើង) ឈឺសន្លាក់ និងឈឺសាច់ដុំ រមាស់ស្បែក រាគ ឬទល់លាមក។ រោគសញ្ញាធ្ងន់ធ្ងរ មានដូចជា ពិបាកធ្វើចលនា និងបង្កបញ្ហាដល់បេះដូង និងដង្ហើម ដែលបណ្ដាលមកពីការរាតត្បាតនៃដង្កូវព្រូននេះនៅក្នុងសរីរាង្គ ដែលអាចបណ្ដាលឲ្យអ្នកជំងឺស្លាប់បាន។
ក្រសួងសុខាភិបាល អំពាវនាវឲ្យពលរដ្ឋបញ្ឈប់ការបរិភោគសាច់ឆៅ ឬចម្អិនមិនឆ្អិនល្អ ហើយត្រូវមានអនាម័យម្ហូបអាហារត្រឹមត្រូវដើម្បីការពារពីជំងឺនេះ។ ក្រសួងសុខាភិបាល លើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ត្រូវស្វែងរកការព្យាបាលឲ្យបានទាន់ពេលវេលានៅពេលកើតមានរោគសញ្ញាដូចខាងលើនេះ ចៀសវាងទុកយូរធ្វើឲ្យដង្កូវព្រូនវ៉ៃលុកចូលសរីរាង្គច្រើនកន្លែង។ សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺនេះ សូមទាក់ទងទូរស័ព្ទទាន់ហេតុការណ៍លេខ ១១៥ ដោយឥតគិតថ្លៃ៕