
អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងព័ត៌មានមកពីកូតាគណបក្សហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង បានរៀបរាប់ពីស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា ទូលថ្វាយទៅព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
ការរៀបរាប់នោះតាមរយៈលិខិតមួយដែលធ្វើឡើងកាលពីថ្ងៃទី២៤ កញ្ញា ដាក់ថ្វាយទៅព្រះមហាក្សត្រ ជួយអន្តរាគមន៍វិបត្តិនយោបាយកំពុងកើតមាននៅពេលបច្ចុប្បន្ន។ លិខិតដដែលនោះ បញ្ជាក់ថា ទូលព្រះបង្គំយើងខ្ញុំនឹករលឹកដល់ព្រះអង្គ និងលាយឡំទៅដោយភាពស្រងូតស្រងាត់ ការភិតភ័យព្រមទាំងការបាត់បង់ភាពកក់ក្ដៅក្នុងចិត្ត ព្រោះរស់នៅក្នុងស្ថានភាពដ៏អួអាប់។
លោកបន្ថែមក្នុងលិខិតនោះថា បញ្ហាទាំងនោះ ដោយសារមានការធ្វើវិសោធនកម្មច្បាប់រិតត្បិតដល់គណបក្សនយោបាយ ការបិទអង្គការអន្តរជាតិ។ លើសពីនេះ វិទ្យុនានា និងសារព័ត៌មានឯករាជ្យ ដែលធ្វើសកម្មភាពរបស់ខ្លួនក្នុងប្រទេសជាយូរណាស់មកហើយ ត្រូវបានបិទនិងធ្វើទុក្ខបុកម្នេញ ពិសេសជាងនេះទៀតគឺទំនាស់កាន់តែខ្លាំងរវាងគណបក្សនយោបាយធំៗពីរ រហូតដល់មើលមុខគ្នាមិនចំ។
ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អះអាងថា សេចក្ដីស្រងូតស្រងាត់ក្រៀមក្រំ និងការភិតភ័យទាំងនោះ នឹងបានធូរស្រាលមិនខាន ប្រសិនបើព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់យាងត្រឡប់មកមាតុភូមិវិញ ហើយមានវត្តមាននៅជិត និងនៅជាមួយទូលព្រះបង្គំយើងខ្ញុំនៅក្នុងប្រទេស។
លោកមានជំនឿមុតមាំថា ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់នឹងអាចជួយត្រួសត្រាយផ្លូវធ្វើឱ្យបរិយាកាសអួអាប់សព្វថ្ងៃភ្លឺស្វាង និងប្រើព្រះរាជសិទ្ធិជាអាជ្ញាកណ្ដាលដូចដែលចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីសម្រុះសម្រួលដោះស្រាយទំនាស់រវាងគណបក្សធំៗទាំងពីរនៅពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ ទំនាស់រវាងគណបក្សធំៗទាំងពីរមិនបាននាំមកនូវផលចំណេញបន្តិចណាឡើយដល់ភាគីណាមួយ និងប្រទេសជាតិ។ ផ្ទុយទៅវិញ មានតែការបែកបាក់ប្រេះឆារវាងខ្មែរ និងខ្មែរ ព្រមទាំងការប្រមាថ ការកៀបសង្កត់ពីអន្តរជាតិមកលើប្រទេសរបស់យើង។
ការថ្វាយលិខិតទៅព្រះមហាក្សត្រពេលនេះ ស្របពេលស្ថានភាពនយោបាយនៅពេលបច្ចុប្បន្នកំពុងមានភាពចម្រូងចម្រាសខ្លាំង ពិសេសក្រោយព្រឹត្តិការណ៍ចាប់ខ្លួនប្រធានគណបក្សប្រឆាំងដ៏ធំជាងគេ គឺ លោក កឹម សុខា កាលពីដើមខែកញ្ញា ដែលមិនធ្លាប់មានពីមុនមក។
កន្លងមក ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ធ្លាប់ផ្ញើលិខិតទៅប្រធានគណបក្សនយោបាយធំៗ គឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ អំពីគម្រោងស្នើបង្កើតច្បាប់ការពារនាយករដ្ឋមន្ត្រីផុតអាណត្តិ និងផ្ដល់កិត្តិយសជាវីរៈបុរសជាតិ ប៉ុន្តែត្រូវបានលោក នាយករដ្ឋមន្ត្រីច្រានចោល និង ថាជាការប្រមាថមើលងាយទៅលើលោក រួមទាំងគណបក្សរបស់លោកទៀតផង។
ពីខាងមន្ត្រីរដ្ឋាភិបាលឯណោះវិញ មិនទាន់ឃើញមានប្រតិកម្មផ្លូវការ ជុំវិញរឿងនេះនៅឡើយ គិតមកដល់ថ្ងៃចន្ទនេះ៕