Clik here to view.

ទន្ទឹមនឹងប្រទេសចិនកុម្មុយនិស្តប្រកាសគាំទ្រការចាប់លោក កឹម សុខា នៅពេលនេះអ្នកនយោបាយខ្មែរចាស់វស្សាមួយអង្គ ក៏ប្រកាសគាំទ្រការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែរ។ អ្នកវិភាគនយោបាយយល់ថា ការប្រកាសបែបនេះរបស់សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មិនចំណេញអ្វីដល់គណបក្សនោះទេ ហើយនេះគ្រាន់តែជាការបង្ហាញជំហររបស់គណបក្ស នេះថាជាគណបក្សដែលគាំទ្រគណបក្សកាន់អំណាចតែប៉ុណ្ណោះ។
ខណៈសំណុំរឿងនៃការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាពកំពុងស្ថិតក្នុងដៃតុលាការសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច បានប្រកាសជំហររបស់ខ្លួនគាំទ្រទៅនឹងចំណាត់របស់រដ្ឋាភិបាល លោក ហ៊ុន សែន ដែលចាប់ខ្លួនលោក កឹម សុខា នៅកណ្ដាលយប់ទាំងមានអភ័យឯកសិទ្ធិនិងគ្មានដីកាពីតុលាការទៀតផង។
ពីសត្រូវនឹងលោក ហ៊ុន សែន ប្រែក្លាយជាសម្ព័ន្ធមិត្ត សម្ដេចក្រុមព្រះយកវេទិកានៃសមាជរបស់ខ្លួន នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា វាយប្រហារលោក កឹម សុខា ថា បើលោក កឹម សុខា ជាអ្នកស្នេហាជាតិពិតប្រាកដមិនត្រូវពឹងបរទេសឲ្យជួយនោះទេ។ ព្រះអង្គថែមទាំងមានបន្ទូល ថា ព្រះអង្គបានសរសេរសំបុត្រទៅលោក ហ៊ុន សែន គាំទ្រចំពោះនៅមានការចាប់លោក កឹម សុខា កាលពីថ្ងៃទី៣ កញ្ញា កន្លងមក៖ «យើងជាអ្នកស្នេហាជាតិពិតប្រាកដមិនត្រូវទៅពឹងបរទេសឲ្យមកជួយទេ គាត់និយាយគេចាប់ យី!! កឹម សុខា គាត់ហ៊ាននិយាយថា គាត់ពឹងបរទេសឲ្យមកជួយគាត់»។
ជាប្រធានគណបក្សធ្លាប់ឈ្នះឆ្នោតកាលពីឆ្នាំ១៩៩៣ រហូតគ្មានកៅអី នៅក្នុងរដ្ឋសភា ក្នុងពេលនេះ សម្ដេចក្រុមព្រះប្រកាសទៀតថា កុំថាឡើយរឿងចាប់ខ្លួនលោក កឹម សុខា បើលោក ហ៊ុន សែន ចង់ធ្វើអីព្រះអង្គគាំទ្រទាំងអស់។ ឆ្លើយតបទៅនឹងការរិះគន់របស់អាមេរិកមកលើរដ្ឋាភិបាល លោក ហ៊ុន សែន ករណីចាប់ខ្លួនលោក កឹម សុខា សម្តេចក្រុមព្រះមានបន្ទូលទាមទារឲ្យសហរដ្ឋអាមេរិកគោរពសន្តិភាពសិទ្ធិសេរីរបស់កម្ពុជាផង៖ «ខ្ញុំព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ធ្វើអីខ្ញុំគាំទ្រលោកទាំងអស់ សុំឲ្យសម្ដេចប្អូនជឿចុះ»។
យ៉ាងណាក៏ដោយចុះ ខុសពីគ្នាពីសម្ដេចក្រុមព្រះ និងប្រទេសចិនកុម្មុយនិស្ត សហគមន៍អន្តរ ជាតិពីប្រទេសលោកសេរី និងជាប្រទេសទីផ្សារធំៗ ក្នុងការទទួលទិញសំលៀកបំពាក់ និងផលិតផលផ្សេងទៀតរបស់កម្ពុជានោះ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសជុំវិញការចាប់ខ្លួនលោក កឹម សុខា ការធ្វើទុក្ខបុកម្នេញសារព័ត៌មានឯករាជ្យ និងអង្គការសង្គមស៊ីវិលកាលពីពេលថ្មីៗនេះ។
ប៉ុន្តែ លោក ហ៊ុន សែន ហាក់ធ្វើមិនខ្វល់ខ្វាយនឹងក្រុមប្រទេសទាំងនោះ ខណៈប្រទេសចិនប្រកាសថា ខ្លួននៅពីក្រោយរដ្ឋាភិបាលជានិច្ចនោះ។ លោកនាយករដ្ឋមន្ត្រី ក៏បានប្រកាស វិញថា ចិនគឺជាខ្នងបង្អែកដ៏រឹងមាំរបស់កម្ពុជាគ្រប់កាលៈទេសៈ។
ទាក់ទងការប្រកាសជំហររបស់សម្ដេចក្រុមព្រះ ករណីចាប់ខ្លួនលោក កឹម សុខា នេះដែរ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមបណ្ឌិត មាស នី យល់ថាបន្ទូលរបស់ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បែបនេះ ជាការបង្ហាញឃើញថា គណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គមានទំនោរទៅគណបក្សកាន់អំណាច។ លោកបន្តថា ការបង្ហាញជំហររបស់សម្ដេចក្រុមព្រះនៅពេលនេះ មិនបានចេញ ឬទទួលបានប្រជាប្រិយភាពពីម្ចាស់ឆ្នោតនោះទេ៖ «សម្ដេចក្រុមព្រះ និងគណបក្សរបស់សម្ដេចក្រុមព្រះគ្មានទទួលបានប្រជាប្រិយភាពពីរឿងអីដែលកើតឡើងក្នុងករណីលោក កឹម សុខា ទេ គឺគ្រាន់តែជះឥទ្ធិពលមិនល្អដល់ថ្នាក់ជាតិ និងអន្តរជាតិ»។
ក្រោយពីមានភាពល្អក់កកររវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៥កន្លងទៅ ចាប់ពីសកម្មជន រហូតដល់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងត្រូវរដ្ឋាភិបាលចាប់ខ្លួនជាបន្តបន្ទាប់។ នៅចុងក្រោយនេះប្រធានគណបក្សនេះ លោក កឹម សុខា ត្រូវក្រុមសមត្ថកិច្ចចូលចាប់ខ្លួនដល់ក្នុងផ្ទះកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ កញ្ញា ដោយចោទប្រកាន់ពីបទក្បត់ជាតិ ដែលសហគមន៍ជាតិ និងអន្តរជាតិថ្កោលទោសថា ជាអំពើខុសច្បាប់៕