Clik here to view.

រដ្ឋាភិបាលកម្ពុជា និងកុម្មុយនិស្តចិនបានព្រមព្រៀងគ្នា ថានឹងបង្កើតឲ្យមានទូរទស្សន៍ ឌីជីថល (Digital) នៅកម្ពុជា ដើម្បីជំរុញឲ្យមានទំនាក់ទំនងក្នុងក្របខណ្ឌរវាងសង្គមស៊ីវិល និងសង្គមស៊ីវិលនៃប្រទេសទាំងពីរ។
គម្រោងដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងដាក់ឲ្យដំណើរការក្នុងពេលខាងមុខនេះ ស្របពេលដែលលោក ហ៊ុន សែន កំពុងព្យាយាមកម្ចាត់ប្រព័ន្ធផ្សព្វផ្សាយ រួមមាន កាសែត អង្គការមិនមែនរដ្ឋាភិបាលឯករាជ្យ ចេញពីកម្ពុជា។
អង្គការមិនមែនរដ្ឋាភិបាល ហាក់មានការភ្ញាក់ផ្អើលនៅពេលដឹងថា រដ្ឋាភិបាលគ្រោងនឹងបង្កើតឲ្យមានប្រព័ន្ធផ្សព្វផ្សាយតាមបែបទំនើបនៅកម្ពុជាជាមួយនិងចិន ក្នុងពេលដែលរដ្ឋាភិបាលព្យាយាមបិទសំឡេងប្រឆាំងស្ទើរទាំងអស់នៅកម្ពុជា។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ឃើញថា ការបិទសិទ្ធិភាគីម្ខាងហើយព្យាយាមលើកភាគីម្ខាងទៀត គឺជាការរុញឲ្យកម្ពុជា ត្រូវប្រឈមមុខនឹងបញ្ហាទៅវិញទេ។ លោកបន្តថា ប្រសិនបើចង់ឲ្យកម្ពុជាទទួលបានជោគជ័យទាំងនៅថ្នាក់តំបន់ និងលើឆាកអន្តរជាតិ រដ្ឋាភិបាលត្រូវបើកចិត្តឲ្យបានទូលាយជាងនេះបន្ថែមទៀត ហើយត្រូវប្រាកដថាភាគីនីមួយៗ អាចទទួលយកបានផលប្រយោជន៍ទាំងសង្ខាង។
សំឡេងលោក សន ជ័យ៖ «ការបង្កើនទំនាក់ទំនងរវាងកម្ពុជា និងចិន មិនទាន់ជាអ្វី ដែលគ្រប់គ្រាន់ទេ។ សំខាន់គឺកម្ពុជាត្រូវការបើកចំហរទំនាក់ទំនងរបស់ខ្លួន ជាមួយនឹងពិភពលោកទាំងមូល គឺមានទាំងលោកសេរី និងលោកកុម្មុយនីស្ត ដូចជាចិនហ្នឹង។»
ការរិះគន់នេះ ក្រោយពេលកាសែតក្នុងស្រុកបានចុះផ្សាយនៅថ្ងៃទី ២០ ខែ កញ្ញា ថា លោក ហ៊ុន សែន និងសមាជិកគណៈអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនលោក លូ យ៊ុនសាន (Liu Yunshan) បានចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នា កាលពីថ្ងៃទី ១៩ ខែ កញ្ញា ក្នុងទីក្រុងភ្នំពេញ។
ភាគីទាំងពីរ បានចុះកិច្ចព្រមព្រៀង និងឯកភាពលើគោលការណ៍ ចំនួន៦ចំណុច ក្នុងនោះចំណុចទី២ និងទី៦ គឺជាយន្តការដែលសង្គមស៊ីវិលយល់ឃើញថា ជាផ្នែកមួយដែលគួរឲ្យព្រួយបារម្ភចំពោះកម្ពុជា និងអាចបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។ រដ្ឋាភិបាលកម្ពុជា និងចិន សម្រេចថា នឹងបង្កើតគម្រោងសាងសង់បណ្ដាញទូរទស្សន៍ឌីជីថល (Digital) គ្រប់ដណ្ដប់ឲ្យបានទូទាំងប្រទេសកម្ពុជា។ សេចក្ដីសម្រេចនេះ ក៏នឹងបង្កើនការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា និងចិន ដែលពុំធ្លាប់មានពីមុនមកថែមទៀតផង។
អាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺបន្ថែមជុំវិញរឿងនេះ ពីមន្ត្រីរដ្ឋាភិបាលបានទេ នៅថ្ងៃទី ២០ ខែ កញ្ញា។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលនេះ ត្រូវរងការរិះគន់ថា លោក ហ៊ុន សែន កំពុងបំផ្លាញប្រជាធិបតេយ្យដែលបានចាក់គ្រឹះរួចមកហើយ និងនាំប្រទេសកម្ពុជាទៅរករបបផ្ដាច់ការតាមបែបកុម្មុយនិស្ត។
គម្រោងបង្កើតទូរទស្សន៍ និងជំរុញឲ្យមានសម្ពន្ធភាពរវាងអង្គការមិនមែនរដ្ឋាភិបាល ដែលពុំធ្លាប់មានជាមួយនិងចិននេះ កើតមានឡើងស្របពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាមកម្ចាត់ វិទ្យុ កាសែត និងអង្គការបរទេសមួយចំនួនចេញពីកម្ពុជា នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដ៏សំខាន់ខាងមុខនេះ។
ជុំវិញរឿងនេះ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាលពីថ្ងៃទី៣ សីហា ហើយត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី៣០ សីហា ស្ដីពីការតែងតាំងសមាជិកក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ អង្គការសង្គមស៊ីវិល ដែលបង្កើតឡើងដោយរដ្ឋាភិបាលនេះ ត្រូវបានអ្នកវិភាគចាត់ទុកថា នេះជាការព្យាយាមដាក់ជំនួស អង្គការ-សមាគមដែលមានស្រាប់ ហើយតែងការពារផលប្រយោជន៍ពលរដ្ឋ។
ក្នុងពេលលោក ហ៊ុន សែន ព្យាយាមបំបិទសំឡេងប្រឆាំង នៅមុនការបោះឆ្នោតមកដល់នេះ រដ្ឋាភិបាលទីក្រុងប៉េកាំង ប្រកាសគាំទ្រចំណាត់ការរបស់រដ្ឋាភិបាល ហើយចាត់ទុកថាជារឿងត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ ប្រទេសកុម្មុយនិស្តចិននេះ បញ្ជាក់ជំហរថានឹងនៅពីក្រោយរដ្ឋាភិបាលរបស់លោក ហ៊ុន សែន គ្រប់ពេល និងមិនបោះបង់ចោលឡើយ។
បើទោះជាបែបណា លោក សន ជ័យ យល់ឃើញថា ការប្រកាសជំហបែបនេះ របស់ចិន គឺជារឿងមិនល្អទៅវិញទេសម្រាប់កម្ពុជា។ លោកបន្តថា ប្រសិនបើចង់ឲ្យកម្ពុជាមានភាពជឿនលឿន ត្រូវទុកឲ្យកម្ពុជាធ្វើសេចក្តីសម្រេចចិត្តមួយ លើគោលការណ៍តម្លាភាព ក្នុងក្របខណ្ឌប្រជាធិបតេយ្យ។
សំឡេងលោក សន ជ័យ៖ «ឆ្លៀតឱកាសដែលកម្ពុជាមានទំនាក់ទំនងពុំសូវល្អជាមួយអាមេរិកនេះ មិនគួរណាប្រើភាសា ឬប្រើឱកាសនេះ ទៅជាការកេងចំណេញណាមួយ សម្រាប់ឥទ្ធិពលកុម្មុយនីស្តសម្រាប់កម្ពុជាទេ ជាពិសេសឥទ្ធិពលរបស់ចិននៅកម្ពុជា។ ដូច្នេះ បើអ្នកស្រលាញ់កម្ពុជាពិតប្រាកដ អ្នកគួរតែមើលកម្ពុជាឲ្យទូលាយ ផ្តល់ឱកាសឲ្យ កម្ពុជា ស្គាល់ទាំងលោកសេរី និងលោកកុម្មុយនីស្ត។»
ប្រធានគ្រប់គ្រងផ្នែកអង្កេតអង្គការលីកាដូ (LICADHO)លោក អំ សំអាត ធ្លាប់បញ្ជាក់ថា ការបង្កើតឲ្យមានស្ថាប័នមួយតង់ទៀត ដោយរដ្ឋាភិបាលដែលមានឈ្មោះថា សង្គមស៊ីវិលដែរនេះ វាហាក់ដូចជាចម្លែកបន្តិច។ លោកបន្តថា សព្វថ្ងៃនេះមានអង្គការ-សមាគមមិនមែនរដ្ឋាភិបាលជាង ៤ពាន់ស្ថាប័នរួចទៅហើយ ក្នុងចំណោមនោះ អង្គការ-សមាគមមួយចំនួន បានបំពេញកិច្ចរបស់ខ្លួន តាមលក្ខន្តិក និងនីតិវិធី ដូចមានចែងនៅក្នុងច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាល៕