Quantcast
Viewing all articles
Browse latest Browse all 11174

ប្រជា​សហគមន៍​នៅ​ឃុំ​ទន្លូង​ស្នើ​អាជ្ញាធរ​មូលដ្ឋាន​អន្តរាគមន៍​ករណី​អ្នក​ម៉ៅការ​សំណង់​រុះរើ​យក​សាលា​សហគមន៍

Image may be NSFW.
Clik here to view.

ប្រជា​សហគមន៍​នៅ​ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ សម្ដែង​ការ​ខក​ចិត្ត​ព្រោះ​អ្នកម៉ៅការ​សាងសង់​សាលារៀន​នៅ​ភូមិ​ចង្គុំទី១ បាន​ឱ្យ​កូន​ជាង​រុះរើ​សាលារៀន​ចាស់​ដែល​ធ្វើ​អំពី​ឈើ​យក​ទៅ​បាត់​ដោយ​គ្មាន​ជូន​ដំណឹង​ប្រាប់​ពួកគាត់។ អាជ្ញាធរ​ឃុំ​យល់​ថា ករណី​នេះ​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ហើយ​បើ​មាន​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ​អាជ្ញាធរ​នឹង​ប្រជុំ​គ្នា​ចាត់​វិធានការ។

ប្រជា​សហគមន៍​នៅ​ឃុំ​ទន្លូង ស្នើ​ឱ្យ​អាជ្ញាធរ​ឃុំ​ជួយ​ចាត់​វិធានការ​ចំពោះ​អ្នក​ម៉ៅការ​សាងសង់​សាលារៀន​នៅ​មូលដ្ឋាន​របស់​ពួកគាត់​ឱ្យ​យក​សម្ភារៈ​សាលារៀន​សហគមន៍​ចាស់​មក​វិញ​ជា​បន្ទាន់។ ការ​ស្នើ​នេះ បន្ទាប់​ពី​អ្នក​ម៉ៅការ​សំណង់​ឈ្មោះ លាប បាន​បញ្ជា​ឱ្យ​កូន​ជាង​រុះរើ​សាលារៀន​ចាស់​ដែល​ធ្វើ​អំពី​ឈើ ហើយ​យក​គ្រឿង​ឈើ និង​សម្ភារៈ​សាលារៀន​នោះ​ទៅ​បាត់​ដោយ​គ្មាន​ដំណឹង។ ពលរដ្ឋ​ហៅ​សកម្មភាព​នេះ​ជា​ការ​លួច​យក​សាលារៀន​របស់​ពួកគាត់​តែម្ដង។

តំណាង​សហគមន៍​ភូមិ​ចង្គុំទី១ លោក រុំ សាន មាន​ប្រសាសន៍​ថា មេការ​សំណង់​ដែល​ទទួល​សាងសង់​សាលារៀន​ធ្វើ​អំពី​ថ្ម​មួយ​ខ្នង​នៅ​ក្នុង​ភូមិ​នេះ ជំនួស​ឱ្យ​សាលារៀន​ចាស់​បាន​រុះរើ និង​យក​គ្រឿង​ឈើ​របស់​សាលារៀន​សហគមន៍​កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា។ លោក​បន្ត​ថា សហគមន៍​មិន​ពេញ​ចិត្ត​ឡើយ ដ្បិត​សាលា​ចាស់​របស់​ពួកគាត់​ដែល​ធ្វើ​អំពី​ឈើ​គឺ​ទើប​នឹង​កសាង​កាល​ពី​ឆ្នាំ​២០១៥ ក្រោម​ជំនួយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សប្បុរសជន។ មិន​តែប៉ុណ្ណោះ​សាលា​ឈើ​នោះ គឺ​ជា​អនុស្សាវរីយ៍​របស់​ពួកគាត់​សម្រាប់​ទុក​ឱ្យ​ក្មេង​ជំនាន់​ក្រោយ ឬ​អាច​យក​ទៅ​បម្រើ​ប្រយោជន៍​ផ្សេងៗ នៅ​ក្នុង​សហគមន៍​ទៀត​ផង៖ «ពួក​ខ្ញុំ​បាន​រៀបចំ និង​ធ្វើ​សំណើ​ដល់​លោក​មេ​ឃុំ​ដើម្បី​ឱ្យ​គាត់​ដើម្បី​ឱ្យ​គាត់​សើរើ​យក​សាលា​នោះ​មក​វិញ ដើម្បី​ទុក​នៅ​ថ្ងៃ​អនាគត ព្រមទាំង​ម្ចាស់​ជំនួយ»

​សាលារៀន​ឈើ​មួយ​ខ្នង​ដែល​ត្រូវ​បាន​គេ​រុះរើ​ចោល និង​យក​គ្រឿង​ឈើ ព្រមទាំង​សម្ភារៈ​ទៅ​បាត់​នោះ គឺ​មាន​ចំនួន ២​បន្ទប់ ទំហំ​ទទឹង ៦​ម៉ែត្រ និង​បណ្តោយ ១២​ម៉ែត្រ។ សាលា​ឈើ​នេះ ត្រូវ​បាន​កសាង​ឡើង​ដោយ​ប្រជា​សហគមន៍ ក្រោម​ជំនួយ​ពី​អង្គការ​ខេប (KAPE) និង​សប្បុរសជន​នៅ​សហរដ្ឋអាមេរិក ព្រម​ទាំង​នៅ​តំបន់​ផ្សេង​ទៀត ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ជិត ៤​ពាន់​ដុល្លារ ដោយ​មិន​ទាន់​គិត​កម្លាំង​ពលកម្ម​ផង។ សាលា​នេះ កសាង​ឡើង​ដើម្បី​សម្រួល​ដល់​ការ​លំបាក​របស់​កូន​អ្នក​ភូមិ​តូចៗ ពិសេស​កូន​ជនជាតិ​ដើម​ភាគ​តិច​ស្ទៀង បាន​រៀន​សូត្រ​បណ្ដោះអាសន្ន ទម្រាំ​ពួកគេ​ធំ​អាច​ធ្វើ​ដំណើរ​ទៅ​រៀន​នៅ​សាលា​ឆ្ងាយ​ពី​ផ្ទះ​បាន។ សាលា​នេះ​កសាង​ឡើង​ដំបូង​គឺ​មិន​មាន​ជញ្ជាំង និង​តុ​គ្រូ ព្រមទាំង​ទាំង​មិន​មាន​កៅអី​សម្រាប់​សិស្ស​អង្គុយ​ទេ ដោយ​សិស្ស​ត្រូវ​អង្គុយ​រៀន​លើ​តង់ ប៉ុន្តែ​បន្ទាប់​ពី​មាន​ជំនួយ​ពី​សប្បុរសជន​នៅ​ក្រៅ​ប្រទេស ទើប​សាលារៀន​សហគមន៍​មួយ​នេះ​មាន​សម្ភារៈ​ប្រើប្រាស់​គ្រប់គ្រាន់ និង​ជញ្ជាំង​បាំង​បិទ​ត្រឹមត្រូវ ហើយ​មាន​បន្ទប់​ទឹក​ទៀត​ផង។

នៅ​ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​សម្រេច​កសាង​សាលា​ថ្ម​មួយ​ខ្នង មាន​ចំនួន ៦​បន្ទប់ ជំនួស​ឱ្យ​សាលា​ឈើ​ចាស់​ក្នុង​បរិវេណ​ដី​សហគមន៍​នៅ​ភូមិ​ចង្គុំទី១ ដដែល ប៉ុន្តែ​សាលា​ឈើ​ចាស់​ត្រូវ​បាន​គេ​រំកិល​ចេញ​ពី​ទីតាំង​ដើម និង​ចុង​ក្រោយ​រុះរើ​យក​គ្រឿង​សាលា​នោះ​ទៅ​បាត់​តែម្ដង។

​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​ម៉ៅការ​សំណង់ ឈ្មោះ ស្រ៊ី លាប បាន​ទេ នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា។

​ជំទប់​ទី​២ ឃុំ​ទន្លូង លោក ហាស់ ចង មាន​ប្រសាសន៍​ថា លោក​មិន​ពេញ​ចិត្ត​ឡើយ​ចំពោះ​សកម្មភាព​រុះរើ​យក​សាលា​សហគមន៍​របស់​ពួកគាត់​ទៅ​ដោយ​គ្មាន​ដំណឹង​បែប​នេះ។ លោក​បន្ត​ថា ប្រសិនបើ​ទទួល​បាន​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ អាជ្ញាធរ​នឹង​ប្រជុំ​គ្នា​ដើម្បី​ចាត់​វិធានការ៖ «គាត់​ធ្វើ​អ៊ីចឹង​ដូចជា​អាក្រក់​ពេក អត់​មាន​ប្រាប់ អត់​មាន​ដាក់​លិខិត​សំណើ។ ធម្មតា​របស់​រួម​មួយ​ទោះ​បី​ចាស់​ថ្មី ឬ​អន់​ប្រភេទ​ណា​ក៏ដោយ»

យ៉ាង​នេះ​ក្ដី ប្រជា​សហគមន៍​អះអាង​ថា ប្រសិនបើ​អ្នក​ម៉ៅការ​សំណង់ និង​បក្ខពួក​មិន​ព្រម​យក​គ្រឿង​ឈើ និង​សម្ភារៈ​សាលារៀន​ចាស់​មក​វិញ​ទេ ពួកគាត់​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​តែម្ដង។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ករណី​នេះ​ក្នុង​ន័យ​ច្បាប់​គេ​អាច​ចាត់​ទុក​ជា​អំពើ​លួច ហើយ​ការ​លួច​ដោយ​ភាព​ក្លាហាន​មាន​ន័យ​ថា ចេញ​មុខ​ជា​ចំហ​គេ​ហៅ​ថា ​ជា​អំពើ​ប្លន់។ ជាមួយ​គ្នា​នេះ ប្រជាសហគមន៍​អាច​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ដើម្បី​ឱ្យ​ព្រះរាជអាជ្ញា​ចាត់​វិធានការ​តាម​ច្បាប់៖ «សហគមន៍​ប្រឹងប្រែង​ណាស់​បង្ហាញ​ពី​ភាព​ស្មោះត្រង់​ខ្លាំង​ណាស់​មាន​ការ​ផ្សព្វផ្សាយ​ខ្លាំង​ណាស់​ទម្រាំ​បាន​សាលា​ឈើ​នោះ​មក​បាន​បង្រៀន​មនុស្ស​រាល់​ថ្ងៃ​នេះ»

​លោក នាង សុវ៉ាត បញ្ជាក់​ថា សាលា​ឈើ​មួយ​ខ្នង​នោះ បើ​និយាយ​ពី​លុយ​កាក់​គឺ​តិចតួច ប៉ុន្តែ​បើ​និយាយ​ពី​តម្លៃ​ទឹក​ចិត្ត​វិញ​គឺ​ធំធេង​ដ្បិត​មាន​ការ​ចូលរួម​ពី​សហគមន៍​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ពី​សប្បុរសជន​នៅ​ក្រៅ​ប្រទេស ដែល​បាន​បេះ​ពី​មាត់​ពង្រាត់​ពី​ក​របស់​ខ្លួន​មក​ជួយ​ឧបត្ថម្ភ​កូន​ខ្មែរ​នៅ​តំបន់​នោះ ឱ្យ​មាន​សាលា​សម្រាប់​សិក្សា​រៀន​សូត្រ​ត្រឹមត្រូវ។ លោក​បន្ត​ថា ការ​ស្នើ​សុំ​​របស់​ពលរដ្ឋ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​អន្តរាគមន៍ គឺ​អាច​សម្របសម្រួល​យក​គ្រឿង​ឈើ​ទាំង​នោះ​វិញ​ប៉ុណ្ណោះ ប៉ុន្តែ​អាជ្ញាយុកាល​នៃ​បទល្មើស​គឺ​មិន​អាច​បញ្ចប់​បាន​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles