
សាលាឧទ្ធរណ៍បន្តបដិសេធបណ្ដឹងសុំនៅឃុំរបស់លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ដោយចាត់ទុកការសម្រេចរបស់តុលាការក្រុងភ្នំពេញ ទុកជាបានការដដែលក្នុងសំណុំរឿងដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹងលោក គឹម សុខ ពីញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍ និងពីបទបរិហារកេរ្តិ៍ជាសាធារណៈ។
ចំណែក លោក គឹម សុខ ថា ការសម្រេចរបស់តុលាការជាន់ខ្ពស់នៅថ្ងៃទី១៥ ខែកញ្ញានេះ ជារឿងអយុត្តិធម៌ចំពោះរូបលោក និងចោទប្រកាន់តុលាការគ្រាន់តែជាសេនាធិការរបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ។
នៅបន្ទប់សវនាការនៃសាលាឧទ្ធរណ៍ លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ និយាយសំដីសមរម្យធម្មតា និងបង្ហាញការគោរពទៅតុលាការ មិនឌឺដងដាក់តុលាការដូចកាលពីពេលបើកសវនាការនៅតុលាការក្រុងភ្នំពេញកន្លងទៅនោះទេ។ លោក គឹម សុខ ថា សាលាឧទ្ធរណ៍គួរឲ្យគោរពមិនមែនដូចតុលាការសាលាដំបូងធ្វើការមិនត្រឹមត្រូវតាមនីតិវិធី។ យ៉ាងណាក៏ដោយចុះ ការសម្រេចរបស់សាលាឧទ្ធរណ៍នៅពេលនេះ ក៏មិនខុសពីសម្រេចរបស់តុលាការក្រុងភ្នំពេញដែរ ដោយមិនអនុញ្ញាតឲ្យលោក គឹម សុខ នៅក្រៅឃុំបណ្ដោះអាសន្នឡើយ។
មេធាវីការពារក្ដីឲ្យលោក ហ៊ុន សែន គឺលោក គី តិច ប្រាប់តុលាការនៅបន្ទប់ជំនុំជម្រះថា ដើម្បីទប់ស្កាត់បទល្មើសកើតឡើងជាថ្មី មិនអាចឲ្យលោក គឹម សុខ នៅក្រៅឃុំបានទេ។ លោកថា មនុស្សដូចលោក គឹម សុខ នេះឃើញអ្នកការសែតមិនបានទេ ដឹងតែនិយាយវាយប្រហារគណបក្សប្រជាជនកម្ពុជា និងជាពិសេស គឺវាយប្រហារលោក ហ៊ុន សែន ដែលជាប្រមុខរដ្ឋាភិបាល និងប្រធានគណបក្សប្រជាជនកម្ពុជាតែម្ដង។ លោកចោទប្រកាន់ថា ការនិយាយនេះ ជាការញុះញង់ឥតឈប់ឈរ ហើយបង្កទៅជាហិង្សា ដូច្នេះហើយលោកប្រឆាំងទាស់សំណើសុំនៅក្រៅឃុំរបស់លោក គឹម សុខ។
ចំណែកមេធាវីការពារក្ដីរបស់ លោក គឹម សុខ គឺលោកមេធាវី ជួង ជួងី ឆ្លើយតបវិញថា ការលើកឡើងរបស់មេធាវី លោក ហ៊ុន សែន គឺលោក គី តិច មើលទៅលោក គឹម សុខ ដូចមនុស្សចេះសិល្ប៍ ដោយគ្រាន់តែនិយាយសោះប៉ះពាល់សង្គមដល់ម្ល៉ឹង។ ថ្លែងប្រាប់ក្រុមអ្នកកាសែតក្រោយចប់សវនាការ លោក ជួង ជូងី ថា កូនក្ដីរបស់លោកគ្មាន សមត្ថភាពកៀរមនុស្សឲ្យប្រព្រឹត្តហិង្សា ឬញុះញង់ឲ្យប្រព្រឹត្ត បទល្មើសដូចការ ចោទប្រកាន់របស់លោក គី តិច នោះទេ៖ «លោកមេធាវី គី តិច គាត់ព្យាយាមលើកឡើងថា បើកាលណាឲ្យកូនក្ដីខ្ញុំនៅក្រៅឃុំបង្កព្យុះភ្លៀង បង្កបញ្ហាផ្សេងៗអ្វីដែលគាត់ព្រួយបារម្ភហាក់បីដូចជាកូនក្ដីរបស់ខ្ញុំជាពូកែអស្ចារ្យអ៊ីចឹង នេះជាអ្វីដែលខ្ញុំកត់សម្ភាល់ ប៉ុន្តែមែនទែនទៅកូនក្ដីខ្ញុំគ្មានសមត្ថភាពដល់ថ្នាក់ណឹងទេ សំដីគាត់គ្រាន់តែបង្ហាញទៅតាមការសិក្សាប៉ុណ្ណោះព្រោះគាត់ជាអ្នកស្រាវជ្រាវ»។
លោក គឹម សុខ អះអាងប្រាប់តុលាការថា ឲ្យតែតុលាការអនុញ្ញាតឲ្យលោកនៅក្រៅឃុំបណ្ដោះអាសន្នកុំថាឡើយហាមមិនឲ្យលោកចេញក្រៅប្រទេស ទោះហាមលោកមិនឲ្យចេញក្រៅក្រុងភ្នំពេញក៏លោកសុខចិត្តដែរ។
ក្រោយការជជែកដេញដោលនៅក្នុងបន្ទប់សវនាការអស់រយៈជាងពីរម៉ោង នៅទីបំផុត ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោក ប៉ាក ច័ន្ទសំបូរ ប្រកាសរក្សាការសម្រេចរបស់ដំបូងក្រុងភ្នំពេញទុកជាបានការ ដោយមិនអនុញ្ញាតឲ្យ គឹម សុខ នៅក្រៅឃុំបណ្ដោះអាសន្ន បានទេ។ លោកប្រធានក្រុមប្រឹក្សា ទុករយៈពេលមួយខែឲ្យលោក គឹម សុខ ប្ដឹងសាទុក្ខទៅតុលាការកំពូល។ មេធាវីការពារក្តីរបស់ លោក គឹម សុខ ថាលោកនឹងប្ដឹងការសម្រេចនេះទៅតុលាការកំពូល ប៉ុន្តែមិនទាន់បញ្ជាក់ពីពេលនេះនៅឡើយទេ។
កាលពីខែសីហាកន្លងទៅ សាលាដំបូងរាជធានី ភ្នំពេញសម្រេចផ្ដន្ទាទោស គឹម សុខ ដាក់ពន្ធនាគារចំនួន ១៨ខែ និងពិន័យជាប្រាក់ចូលរដ្ឋ ៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់នាយករដ្ឋមន្ត្រី ហ៊ុន សែន ៨០០លានរៀល ទាក់ទងការអត្ថាធិប្បាយថា គណបក្សប្រជាជនកម្ពុជា នៅពីក្រោយឃាតកម្មបណ្ឌិត កែម ឡី។
ក្រៅពីករណីនេះ លោក កឹម សុខ ក៏ជាប់បណ្ដឹងមួយទៀតនៅតុលាការដែរ។ នៅពេលចប់សវនាការ លោក គឹម សុខ ចោទប្រកាន់ថា ការសម្រេចរបស់សាលាឧទ្ធរណ៍ថា ជារឿងអយុត្តិធម៌ចំពោះរូបលោក និងចោទប្រកាន់ថា តុលាការជាសេនាធិការរបស់លោក ហ៊ុន សែន។ លោកថា បើលោក ហ៊ុន សែន ចោទប្រកាន់អ្នកណាហើយតុលាការមិនលើកលែងឲ្យអ្នកនោះទេ។ ចំណែកឆ្មាំគុគនាំគ្នាចាប់ក្រៀកលោក គឹម សុខ ដាក់បញ្ចូលក្នុងឡានយ៉ាងឆាប់រហ័សយកទៅឃុំខ្លួននៅពន្ធនាគារជាកន្លែងដែលលោកបានបាត់បង់សេរីភាព អស់រយៈពេលជាង២១០ថ្ងៃមកហើយ៕