Clik here to view.

ម្ចាស់កាសែតភាសាអង់គ្លេស the Cambodia Daily ចេញមុខទម្លាយការពិត ស្ថិតពីក្រោយការចេញលិខិតសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយអះអាង ថាអ្នកស្រីរងការបង្ខិតបង្ខំ ឲ្យសរសេរសុំទោសប្រមុខរដ្ឋាភិបាលកម្ពុជា បើទោះជាក្បត់ឆន្ទៈពិតរបស់អ្នកស្រី យ៉ាងណាក៏ដោយ ព្រោះដើម្បីជាថ្នូរ កុំឲ្យគេធ្វើបាបស្វាមីអ្នកស្រី ដែលកំពុងមានវត្តមាននៅប្រទេសកម្ពុជា។
អ្នកស្រី ដេប៉្រា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) បកស្រាយប្រាប់អ្នកសារព័ត៌មាន ថាអ្នកស្រីត្រូវបង្ខំចិត្តចុះហត្ថលេខា លើលិខិតសុំទោស ដែលផ្ញើជូនទៅលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន រឿងពន្ធដារ និង ការបិទកាសែតអ្នកស្រី។ ថ្លែងនៅក្នុងសន្និសីទកាសែត នៅក្លឹបអ្នកកាសែតបរទេស នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១២ ខែ កញ្ញា អ្នកស្រីដេប៉្រា ថា ជំនួយការអ្នកស្រី ទូរស័ព្ទយ៉ាងរន្ថាន់ ប្រាប់អ្នកស្រីនៅថ្ងៃទី ០៩ ខែ កញ្ញានោះ ថាមានគេគំរាមឲ្យអ្នកស្រី ចុះហត្ថលេខាលើលិខិតសុំទោសលោក ហ៊ុន សែន ជាបន្ទាន់ បើមិនដូច្នេះទេ គេនឹងចាត់ការស្វាមីអ្នកស្រី“នៅថ្ងៃដែលរដ្ឋាភិបាលកម្ពុជា បិទគណនីធនាគាររបស់ពួកខ្ញុំ ខ្ញុំទទួលសារបន្ទាន់មួយពីជំនួយការរបស់ខ្ញុំ។ គាត់ប្រាប់ខ្ញុំថា គេនឹងចាប់ខ្លួនប្តីខ្ញុំឈ្មោះ Dough។ គាត់ប្រាប់ ថាខ្ញុំត្រូវតែចុះហត្ថលេខា លើលិខិតសុំទោសនោះភ្លាមៗ គឺក្នុងរយៈពេល ២ ម៉ោងទៀត។ បើមិនព្រមទេ គេនឹងចាប់ប្ដីខ្ញុំ”។
អ្នកស្រី ដេប៉្រា បន្តថា អ្នកស្រីគ្មានជម្រើសអ្វី ក្រៅពីព្រមចុះហត្ថលេខាលើលិខិត ដែលអ្នកស្រីអានមិនដាច់ ព្រោះសរសេរជាភាសាខ្មែរ ហើយអ្នកស្រីក៏មិនចេះភាសាខ្មែរនោះដែរ៖ “ខ្ញុំមិនដឹងលិខិតនោះ មានន័យយ៉ាងម៉េចផង។ ខ្ញុំបារម្ភខ្លាំងជាងគេ គឺខ្លាចគេចាប់ខ្លួនប្ដីរបស់ខ្ញុំ។ ចុងក្រោយទើបខ្ញុំដឹងថា ខ្ញុំចុះហត្ថលេខាលើលិខិត ដែលឲ្យខ្ញុំនិយាយសុំទោសគ្រប់យ៉ាង ទោះបីមិនមែនជាការពិតក៏ដោយ។ ឥឡូវនេះ ខ្ញុំសូមបដិសេធនូវខ្លឹមសារនៃលិខិតនោះ ព្រោះខ្ញុំមិនចេះខ្មែរទេ។ នៅពេលនោះ ខ្ញុំចុះហត្ថលេខាមែន ប៉ុន្តែ ធ្វើដោយរងការបង្ខិតបង្ខំប៉ុណ្ណោះ”។
អ្នកស្រី ដេប៉្រា បញ្ជាក់ ថាអ្នកដែលរៀបចំសម្របសម្រួលខ្លឹមសារ នៃលិខិតសុំទោសនេះ គឺលោក សយ សុភាព ប្រធានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលអ្នកស្រីហៅថា ជាមនុស្សចូលចិត្តធ្វើដូច្នេះ ដើម្បីយកមុខយកមាត់ខ្លួនគាត់។
អាស៊ីសេរី ព្យាយាមទាក់ទង សុំបំភ្លឺពីលោក សយ សុភាព ក្នុងរឿងនេះ ដោយទាក់ទងទៅជាច្រើនដង ប៉ុន្តែ ទូរស័ព្ទចូល គ្មានអ្នកទទួល។ ទោះជាយ៉ាងនេះក្ដី លោក សយ សុភាព ថ្លែងប្រាប់កាសែត ឌឹ ភ្នំពេញប៉ុស្តិ៍ (the Phnom Penh Post) កាលពីថ្ងៃម្សិលមិញ ថាលោកមិនដឹងរឿងនេះផង។ លោក សយ សុភាព ក៏ធ្លាប់ជាប់ឈ្មោះ ជាអ្នកជួយសម្របសម្រួលខ្លឹមសារ នៃសារលិខិតដែល បង្ខំឲ្យលោក កឹម សុខា សរសេរថ្កោលទោសលោក សម រង្ស៊ី ម្តងដែរ។ រឿងនេះ ក៏លោកធ្លាប់បានបដិសេធដូចគ្នា។
កាលពីថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៧ កន្លងទៅនេះ សារព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាលឈ្មោះ ហ្វ្រេសញូស៍ (Fresh News) បានចុះផ្សាយអត្ថបទទាំងស្រុងជាភាសាខ្មែរ នៃសារលិខិត សុំទោស ដែលមានចុះហត្ថលេខារបស់អ្នកស្រី ដេប៉្រា ដោយសរសេរ ថា អ្នកស្រីពិតជាសោកស្ដាយ ដែលមានអត្ថាធិប្បាយជាច្រើន ពីមជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស បានចាត់ទុកការបិទព្រឹត្តិបត្រ ឌឹ ខែមបូឌា ដេសលី (the Cambodia Daily) ភ្ជាប់ទៅនឹងរឿង នយោបាយ ហើយចោទរាជរដ្ឋាភិបាល ថាព្យាយាមបំបិទសិទ្ធិសេរីភាពសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។
ខ្លឹមសារនៃសារលិខិតនេះ វាផ្ទុយទៅនឹងជំហររបស់អ្នកស្រី ដែលអះអាងប្រាប់អាស៊ីសេរី និង បណ្តាញផ្សព្វផ្សាយ ជាបន្តបន្ទាប់ និង ស៊ីសង្វាក់គ្នាជារៀងដរាបមក ដែលអ្នកស្រីតែងតែចាត់ទុកថា ចំណាត់ការរបស់រដ្ឋាភិបាល មកលើកាសែតអ្នកស្រី គឺជារឿងនយោបាយ ជាជាងរឿងជំពាក់ពន្ធរដ្ឋ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ក៏មិនសង្ស័យ ចំពោះការចេញលិខិត ដែលលោកយល់ ថាមិនឆ្លុះបញ្ចាំងការពិត នៃចរិតរបស់ជនជាតិអាមេរិកនោះទេ ព្រោះជនជាតិអាមេរិកមិនចេះទន់ជ្រាយ។ លោកបញ្ជាក់ ថាឥឡូវសាមីខ្លួនគាត់ បានចេញមុខមកលាតត្រដាងការពិតអ៊ីចឹងមែន៖ “ចរិតអាមេរិកជាចរិតរឹងមាំ ហើយគេប្រកាន់គោលការណ៍។ ក្រោយមកយើងបានដឹងហើយ គាត់និយាយខ្លួនគាត់ ថាគេដាក់លិខិតជាភាសាខ្មែរឲ្យគាត់ស៊ីញេ គាត់ក៏ស៊ីញេដោយសាររឿងប្តីគាត់”។
ទោះជាពេលនោះ អ្នកស្រីគ្មានជម្រើសអ្វី ក្រៅពីបង្ខំចិត្តសរសេរលិខិត សុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីជួយសង្គ្រោះស្វាមីអ្នកស្រីក៏ដោយ ក៏ពេលនេះ អ្នកស្រី ដេប៉្រា មិនអាចទ្រាំលាក់ការពិត អំពីការប្រព្រឹត្តិបំពាន មកលើស្ថាប័នអ្នកស្រី តទៅទៀតបានទេ។ អ្នកស្រីត្រៀមខ្លួនរួចជាស្រេចហើយ ថាពេលអ្នកស្រីលាតត្រដាងការពិតក្នុងរឿងនេះ បើសិនជាគេចាប់ប្ដីអ្នកស្រី ក៏អ្នកស្រីសុខចិត្តទៅតាមការអនុវត្តរបស់អាជ្ញាធរ កម្ពុជាទៅចុះ។
ទោះជាមានលិខិតសុំទោសនេះទៅហើយក្តី ក៏អគ្គនាយកពន្ធដារ លោក គង់ វិបុល ប្រាប់សារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី ០៩ ខែ កញ្ញាកន្លងទៅនោះ ថាអ្នកស្រី ដេប៉្រា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) នៅតែត្រូវទូទាត់ថ្លៃពន្ធ ដែលបានជំពាក់ពន្ធរដ្ឋ ដោយមិនអាចយកលិខិតមួយសន្លឹកនេះ ជាថ្នូរនឹងការរួចខ្លួននោះទេ។
អាស៊ីសេរី ព្យាយាមសុំការបំភ្លឺពីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប៉ុន្តែ នៅមិនអាចទាក់ទងបាននៅឡើយទេ នៅថ្ងៃទី ១៤ ខែ កញ្ញានេះ ដោយទូរស័ព្ទចូលច្រើនលើក តែគ្មានអ្នកទទួល។
កាសែត ឌឹ ខេមបូឌា ដេលី (the Cambodia Daily) ត្រូវបង្ខំចិត្តបិទទ្វារ នៅថ្ងៃទី ០៤ ខែ កញ្ញា ដែលជាថ្ងៃឱសានវាទ នៃការដែលត្រូវបង់ពន្ធ ចំនួនជាង ៦ លានដុល្លារ ដែលក្នុងនោះជិត ៣លានដុល្លារ គឺជាថ្លៃការប្រាក់ ដែលអាជ្ញាធរពន្ធកម្ពុជា ថាកាសែតនេះជំពាក់ ១០ឆ្នាំមកហើយ។ លោក ហ៊ុន សែន ហៅស្ថាប័នកាសែតនេះ ថាជាមេចោរ។ ប៉ុន្តែ អ្នកស្រី ដេប៉្រា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) អះអាង ថាអ្នកស្រីមិនបានគេចពន្ធដូចការលើកឡើងនោះទេ និង ថាការកំណត់ខ្ពស់កប់ពពកបែបនេះ ជាលេសនយោបាយរបស់រដ្ឋាភិបាល ដែលចង់បិទសារព័ត៌មានសេរីដ៏កម្រនៅកម្ពុជា តែប៉ុណ្ណោះ៕