Quantcast
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ខេត្ត​បាត់ដំបង​មួយ​ចំនួន​ថា​ខ្លួន​ចាញ់​បោក​ក្រុមហ៊ុន​សង់ផ្ទះ​បង់​រំលោះ

Image may be NSFW.
Clik here to view.

ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​ថា ខ្លួន​កំពុង​រងគ្រោះ​ព្រោះ​ក្រុមហ៊ុន​សាងសង់​ផ្ទះ​បង់​រំលោះ​មិន​បាន​អនុវត្ត​តាម​កិច្ចសន្យា​របស់​ខ្លួន​ជាមួយ​ពលរដ្ឋ​ដោយ​យក​ប្រាក់​រួច​ហើយ ប៉ុន្តែ​មិន​បាន​សាងសង់​តាម​ថ្លៃ​ឈ្នួល។ ភាគី​ក្រុមហ៊ុន​ឆ្លើយ​ដាក់​គ្នា​ចុះ​ឡើង​ហើយ គ្មាន​អ្នក​អះអាង​ថា នឹង​សាងសង់​បន្ត​ជូន​ពលរដ្ឋ​នោះ​ទេ។

​ខណៈ​សន្ទុះ​អាជីវកម្ម​ផ្ទះល្វែង​បង់​រំលោះ និង​អាជីវកម្ម​ម៉ៅការ​សង់ផ្ទះ​បង់​រំលោះ​កំពុង​រីក​ដុះដាល និង​ឃោសនា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ រួម​ទាំង​បណ្ដាញ​ទំនាក់​សង្គម​ហ្វេសប៊ុក​នោះ ​ក្រុម​ពលរដ្ឋ​មួយ​ចំនួន​កំពុង​ជួប​បញ្ហា​នេះ ព្រោះ​ពួកគេ​បាន​បង់លុយ​ជា​រៀង​រាល់​ខែ​ទៅ​ឲ្យ​ភាគី​សាងសង់ ប៉ុន្តែ​គម្រោង​សាងសង់​នោះ​មិន​ដំណើរ​ការ​ដូច​ការ​បង់​ប្រាក់​របស់​ពលរដ្ឋ​នោះ​ទេ។

ករណី​ជាក់ស្ដែង​ពលរដ្ឋ​រស់​នៅ​ខេត្ត​បាត់ដំបង ថា​ខ្លួន​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​មួយ​ឈ្មោះ ឌិន សត្យា ខនស្ត្រាក់សិន ដើម្បី​សាងសង់​ផ្ទះ​លើ​ដី​របស់​ខ្លួន​ដោយ​ប្រាក់​រំលោះ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​មិន​បាន​សាងសង់​តាម​កិច្ចសន្យា​ឡើយ។

លោកស្រី រឹម មី ជា​ពលរដ្ឋ​រស់នៅ​ខេត្ត​បាត់ដំបង ឲ្យ​អាស៊ីសេរី​ដឹង​ថា លោកស្រី​បាន​បង់​ប្រាក់​ទៅ​ក្រុមហ៊ុន ឌិន សត្យា ខនស្ត្រាក់សិន (Construction) បាន​បួន​ដំណាក់កាល​ដែល​គិត​ជា​ទឹកប្រាក់​ជិត ៦​ម៉ឺន​ដុល្លារ ប៉ុន្តែ​ក្រុមហ៊ុន​សាងសង់​មិន​បាន​សាងសង់​ផ្ទះ​ឲ្យ​ដូច​ទៅ​នឹង​ទំហំ​ទឹក​ប្រាក់​ដែល​បាន​បង់​នោះ​ទេ។

លោកស្រី​បន្ត​ថា នៅ​រយៈពេល​ជាង ៣​ខែ​កន្លង​មក​នេះ ក្រុមហ៊ុន​មិន​បាន​សាងសង់​ផ្ទះ​បន្ថែម​ទេ ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន​បែរ​ជា​ទាមទារ​ឲ្យ​លោកស្រី​បង់លុយ​បន្ថែម​ទៀត​ផង៖ «សុំ​ឲ្យ​ក្រុមហ៊ុន​សង​លុយ​ខ្ញុំ​ត្រឹមតែ​បី​បួន​ពាន់​ដុល្លារ​មក​វិញ​មក​ក៏​បាន​ដែរ ខ្ញុំ​យក​មក​ធ្វើ​ខ្លួន​ឯង​វិញ ព្រោះ​ក្រុមហ៊ុន​គាត់​អត់​សហការ​គ្នា​អ៊ីចឹង»

​ក្នុង​កិច្ច​សន្យា​សាងសង់​ផ្ទះ​រវាង​ក្រុមហ៊ុន ឌិន សត្យា ខនស្ត្រាក់សិន ដែល​មាន​លោក ឌិន សត្យា ជា​អគ្គនាយក​ជាមួយ​ក្រុម​គ្រួសារ​លោកស្រី រឹម មី កាល​ពី​ឆ្នាំ​២០១៥ ដែល​លោកស្រី រឹម មី បាន​ផ្តល់​មក​ឲ្យ​អាស៊ីសេរី បញ្ជាក់​ថា ភាគី​ទាំង​ពីរ​ព្រមព្រៀង​គ្នា​សាងសង់​ផ្ទះ​នៅ​ភូមិ​បឹងចែង ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង ជា​ផ្ទះ​វិឡា ១​ជាន់ មាន​ជាន់​ផ្ទាល់​ដី និង​ដំបូល​ប្រក់​ក្បឿង​ដោយ​ភាគី​ទទួល​ខុស​ត្រូវ​សាងសង់​ឲ្យ​ចប់​សព្វគ្រប់ ក្នុង​រយៈពេល ៦​ខែ ដែល​នឹង​បញ្ចប់​ការ​សាងសង់​ខែ​មេសា ឆ្នាំ​២០១៦។ ការ​ទូទាត់​ថ្លៃ​សាងសង់​ធ្វើ​ឡើង​ចំនួន ៦ ដំណាក់កាល។ ភាគី​ទាំង​ពីរ​ថែម​ទាំង​ព្រមព្រៀងគ្នា​ថា បើ​ខាង​ក្រុមហ៊ុន​សាងសង់​មិន​ទាន់​តាម​កាលកំណត់ ក្រុមហ៊ុន​នឹង​សង​ការ​ខាតបង់​មួយ​ថ្ងៃ ២០​ដុល្លារ ប៉ុន្តែ​បើ​ភាគី​ម្ចាស់​ផ្ទះ​គ្មាន​លុយ​បង់​តាម​ដំណាក់កាល ក្រុមហ៊ុន​នឹង​ផ្អាក​ការ​សាងសង់។

ទាក់ទង​កិច្ចសន្យា​នេះ លោកស្រី រឹម មី ប្រាប់​ទៀត​ថា នៅ​ពេល​នេះ ក្រុមហ៊ុន​បាន​ធ្វើ​កិច្ច​សន្យា​នោះ​ហើយ បើ​ទោះ​ជា​លោកស្រី​ទាមទារ​ប្រាក់​ដែល​បាន​បង់​រួច​ហើយ​មក​វិញ ក៏​ក្រុមហ៊ុន​មិន​បាន​ប្រគល់​ប្រាក់​ត្រឡប់​មក​វិញ​ដែរ។

ឆ្លើយ​តប​ការ​លើក​ឡើង​របស់​ភាគី​ម្ចាស់​ផ្ទះ​ដូច​នេះ អគ្គនាយក​ក្រុមហ៊ុន ឌិន សត្យា ខនស្ត្រាក់សិន លោក ឌិន សត្យា និយាយ​ថា ក្រុមហ៊ុន​លោក​ពិត​ជា​បាន​ចុះ​កិច្ចសន្យា​សាងសង់​ផ្ទះ​ដូច​ការ​លើក​ឡើង​របស់​លោកស្រី រឹម មី មែន។ ប៉ុន្តែ​លោក​ថា ក្រុមហ៊ុន​របស់​លោក​ផ្ទេរ​សិទ្ធិ​ទៅ​អតីត​អគ្គនាយករង​ក្រុមហ៊ុន​នេះ គឺ​លោក ជាង សុវណ្ណឫទ្ធី កាល​ពី​បី​ខែ​មុន​រួច​ហើយ៖ «ខ្ញុំ​បាន​កាត់​គម្រោង​មួយ​ចំនួន​ទៅ​ឲ្យ​គាត់ (ជាង សុវណ្ណឫទ្ធី) ដែល​មាន​មេធាវី​អារ​កាត់​រួច​រាល់​ហើយ​អស់»

អតីត​អគ្គនាយក​រង​ក្រុមហ៊ុន​នេះ គឺ​លោក ជាង សុវណ្ណឫទ្ធី បដិសេធ​មិន​ទទួល​ខុសត្រូវ និង​ថា​លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អភិបាល​រង​ស្រុក​បាណន់ លោក ជុំ ញ៉ និង​អភិបាល​ខេត្ត​បាត់ដំបង លោក ច័ន្ទ សុផល បាន​ទេ នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា។

លោក សុក សំអឿន ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ  យល់​ថា ករណី​នេះ​ជា​រឿង​ស្មុគស្មាញ ដូច្នេះ​ភាគី​ទាំង​ពីរ​គួរ​ជជែក​សើរើ​ពី​កិច្ចសន្យា​របស់​ខ្លួន​ឲ្យ​ច្បាស់​ឡើង​វិញ។ លោក​ថា បើ​ភាគី​ទាំង​ពីរ​ចរចា​គ្នា​លែង​កើត​ហើយ មាន​តែ​ប្ដឹង​ទៅ​តុលាការ​ដើម្បី​រក​យុត្តិធម៌​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles