Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ខ្សាច់​ស៊ីលីកា​ជាង​១​លាន​តោន​ទៅ​កោះ​តៃវ៉ាន់​គ្មាន​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​កម្ពុជា

$
0
0

មួយ​ឆ្នាំ​ក្រោយ​ការ​ផ្ទុះ​រឿង​អាស្រូវ​បាត់​ទឹកប្រាក់​ជាង ៧០០​លាន​ដុល្លារ​អាមេរិក​ពី​ការ​នាំ​ចេញ​ខ្សាច់​ទៅ​សិង្ហបុរី និង​ឥណ្ឌា ពេល​នេះ​ដំណឹង​ស្ដីពី​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ចេញ​ខ្សាច់​នេះ ក៏​បាន​ផ្ទុះ​ឡើង​មួយ​ករណី​ថ្មី​ទៀត។ នោះ​គឺ​ជា​ភាព​មិន​ស៊ី​គ្នា​នៃ​ទិន្នន័យ​នាំ​ចេញ​ខ្សាច់​ពី​កម្ពុជា ទៅ​កោះ​តៃវ៉ាន់ ចំនួន​ជាង ១​លាន​តោន ដែល​គិត​ជា​ទឹកប្រាក់​ជាង ៣០​លាន​ដុល្លារ​អាមេរិក។ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​បរិស្ថាន ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​បាន​ច្បាស់លាស់។

រឿង​បាត់​ខ្សាច់​ជាង ៧០​លាន​តោន តម្លៃ​ជាង ៧០០​លាន​ដុល្លារ ដែល​កម្ពុជា នាំ​ចេញ​ទៅ​សិង្ហបុរី និង​ឥណ្ឌា មិន​ទាន់​រលុប​ផង ឥឡូវ​នេះ​ស្រាប់​តែ​ករណី​ថ្មី​មួយ​ទៀត​បាន​លេច​ឡើង​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​របស់​ភ្នាក់ងារ​គយ​តៃវ៉ាន់ ដែល​បាន​បង្ហាញ​ពី​បរិមាណ​នាំ​ចូល​ខ្សាច់​ស៊ីលីកា​ពី​កម្ពុជា ដែល​មាន​ចំនួន​ខុស​គ្នា​ឆ្ងាយ​ដាច់​ស្រឡះ​ពី​ទិន្នន័យ​របស់​កម្ពុជា។

ទិន្នន័យ​ពី​រដ្ឋបាល​គយ​នៃ​ក្រសួង​ហិរញ្ញវត្ថុ​តៃវ៉ាន់ បង្ហាញ​ថា តៃវ៉ាន់ បាន​ទិញ​ខ្សាច់​ស៊ីលីកា​ពី​កម្ពុជា ចំនួន​ជាង ១​លាន ៥​សែន​តោន (.៥៣៣.៨៥៥​តោន) គិត​ជា​ទឹកប្រាក់​ជាង ៣២​លាន​ដុល្លារ​អាមេរិក (៣២.២៧២.០០០​ដុល្លារ) ចាប់​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៦។

ក៏ប៉ុន្តែ​ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា វិញ​បង្ហាញ​ថា កម្ពុជា នាំ​ចេញ​ខ្សាច់​គ្រប់​ប្រភេទ​ទៅ​កោះ​តៃវ៉ាន់ ជាង ២​ម៉ឺន ៨​ពាន់​តោន (២៨.៩០០​តោន) ចាប់​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៦ ហើយ​ក្នុង​នោះ​ខ្សាច់​ប្រភេទ​ស៊ីលីកា​មាន​ជិត ៥​ពាន់​តោន (.៩០០​តោន) គិត​ជា​ទឹកប្រាក់​ជាង ៥​ម៉ឺន​ដុល្លារ​អាមេរិក (៥៥.២០៧​ដុល្លារ)។ ទិន្នន័យ​ដដែល​នេះ​បង្ហាញ​ថា ខ្សាច់​ស៊ីលីកា​ជិត ៥​ពាន់​តោន​នោះ ទើប​តែ​ត្រូវ​បាន​នាំ​ចេញ​ទៅ​កោះ​តៃវ៉ាន់ នៅ​ឆ្នាំ​២០១៦ ប៉ុណ្ណោះ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម កញ្ញា សឹង សុផារី បញ្ជាក់​ថា ក្រសួង​ពាណិជ្ជកម្ម មិន​បាន​ពាក់ព័ន្ធ​នឹង​ករណី​នាំ​ចេញ​ខ្សាច់​ស៊ីលីកា​ទៅ​កោះ​តៃវ៉ាន់ នេះ​ទេ។ កញ្ញា​ថ្លែង​ថា ការ​ធ្វើ​អាជីវកម្ម​នាំ​ចេញ​នេះ គឺ​ពាក់ព័ន្ធ​នឹង​ក្រសួង​រ៉ែ និង​ថាមពល ដែល​ជា​អ្នក​ផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​សម្រាប់​នាំ​ចេញ និង​ភ្នាក់ងារ​គយ និង​រដ្ឋាករ​ដែល​ជា​អ្នក​កត់ត្រា និង​អនុញ្ញាត​ការ​នាំ​ចេញ​ចំពោះ​រាល់​ទំនិញ​គ្រប់​ប្រភេទ។ កញ្ញា​អះអាង​ថា ស្ថិតិ​នៃ​ការ​នាំ​ចេញ​ខ្សាច់​ទៅ​កោះ​តៃវ៉ាន់ របស់​ក្រសួង​ពាណិជ្ជកម្ម គឺ​បាន​មក​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា៖ «ខាង​គយ​ត្រូវ​គិត​ពី​ចំណូល​ពន្ធ​នាំ​ចេញ នាំ​ចូល ដូច្នេះ​គាត់​មាន​ស្ថិតិ​ទាំងអស់ អ្នក​ណា​ចេញ​ចូល​អី គឺ​គាត់​គ្រប់គ្រង​បាន​ទាំងអស់។ ក្រសួង​ពាណិជ្ជកម្ម គ្រាន់​តែ​ប្រើប្រាស់​ទិន្នន័យ​ដែល​អាច​ផ្ទៀងផ្ទាត់​បាន​ខ្លះៗ។ យើង​ឈរ​ជើង​នៅ​ទីនោះ (កន្លែង​នាំ​ចេញ) ដែរ តែ​យើង​យក​ទិន្នន័យ​របស់​គយ​ជា​មូលដ្ឋាន»

ងាក​មក​ក្រសួង​រ៉ែ និង​ថាមពល ដែល​ជា​ក្រសួង​គ្រប់គ្រង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ខ្សាច់​វិញ ទិន្នន័យ​ខ្សាច់​ស៊ីលីកា​ដែល​ត្រូវ​បាន​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​ចំនួន​ជាង ១៥​ម៉ឺន​តោន (១៥៨.១០០​តោន)។ នេះ​ជា​តួលេខ​នាំ​ចេញ​ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ពាក់​កណ្តាល​ខែ​មិថុនា ឆ្នាំ​២០១៧។ ចំណូល​សួយសារ​ដែល​ក្រសួង​ប្រមូល​បាន​ពី​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ស៊ីលីកា​នេះ មាន​ចំនួន​ជាង ៤៧​ម៉ឺន​ដុល្លារ (៤៧៤.៣០០​ដុល្លារ)

រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា បញ្ជាក់​ថា ខ្សាច់​ស៊ីលីកា​កម្ពុជា ត្រូវ​បាន​នាំ​ចេញ​ទៅ​កោះ​តៃវ៉ាន់ ចាប់​ពី​ឆ្នាំ​២០១៥។ លោក​អះអាង​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ពីរ​ដែល​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ប្រភេទ​នេះ គឺ​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប (MONG RETHTHY GROUP CO., Ltd) និង​ក្រុមហ៊ុន ស៊ីលីកា សឺវីស (កាំបូដ) (Silica Service (Cambodge) Co., Ltd) ហើយ​ខ្សាច់​ស៊ីលីកា​ដែល​ត្រូវ​បាន​ធ្វើ​អាជីវកម្ម​នេះ គឺ​សិ្ថត​នៅ​ក្រោម​ទីតាំង​ដី​ឯកជន​ដែល​ត្រូវ​សាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស មិន​មែន​ស្ថិត​នៅ​ដី​សាធារណៈ​របស់​រដ្ឋ​នោះ​ទេ។

មន្ត្រី​ជំនាញ​រូប​នេះ​បញ្ជាក់​ថា តួលេខ​នាំ​ចេញ​ខ្សាច់​ស៊ីលីកា​ដែល​ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញ​ផ្សាយ​នោះ គឺ​ជា​តួលេខ​ជាក់ស្តែង​ដែល​ក្រសួង​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​នាំ​ចេញ។ លោក​បកស្រាយ​បន្ត​ថា ភាព​ខុស​គ្នា​នៃ​តួលេខ​របស់​តៃវ៉ាន់ និង​កម្ពុជា ទាក់ទង​នឹង​ខ្សាច់​ស៊ីលីកា​នេះ អាច​បណ្តាល​មក​ពី​បច្ចេកទេស​នៃ​ការ​កត់ត្រា និង​ការ​រាយការណ៍ ក៏ប៉ុន្តែ​នៅ​ពេល​សួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​តួលេខ​របស់​ក្រសួង​រ៉ែ និង​ថាមពល ខុស​គ្នា​ពី​តួលេខ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ទាំង​បរិមាណ និង​ឆ្នាំ​នៃ​ការ​នាំ​ចេញ លោក​ឆ្លើយតប​ថា លោក​មិន​បាន​ដឹង​អំពី​នីតិវិធី​កត់ត្រា​របស់​ភ្នាក់ងារ​គយ​កម្ពុជា ឡើយ៖ «មុន​នឹង​អាច​នាំ​ចេញ​បាន ក្រុមហ៊ុន​ត្រូវ​ប្រកាស​បរិមាណ​មក​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ឲ្យ​ក្រសួង​កំណត់​សួយសារ។ ក្រោយ​ពី​កំណត់​សួយសារ​រួច​ហើយ ក្រសួង​រ៉ែ និង​ថាមពល នឹង​ចេញ​វិក្កយបត្រ​សម្រាប់​សម្គាល់​ការ​នាំ​ចេញ​អំពី​បរិមាណ​ប៉ុនណា ដែល​ក្រុមហ៊ុន​បាន​បង់​សួយសារ​រួច​ហើយ ដើម្បី​ឲ្យ​ក្រុមហ៊ុន​យក​ទៅ​ធ្វើ​ការ​ជម្រះ​ឯកសារ​ពន្ធ​គយ (Customs Clearance) ជាមួយ​ខាង​គយ និង​ខាង​កង​នាវាចរណ៍ (CAMSAB) ដើម្បី​នាំ​ចេញ។ ជា​ទ្រឹស្ដី​វា​មិន​គួរ​ខុស​គ្នា​ទេ ដោយសារ​ក្រុមហ៊ុន​យក​ឯកសារ​ហ្នឹង​ទៅ​ជម្រះ ប៉ុន្តែ​ដល់​ពេល​រក​ឃើញ​ថា​ខុស​គ្នា​អ៊ីចឹង ទាល់​តែ​ទៅ​សួរ​ខាង​គយ ហេតុ​ដូចម្តេច​បាន​ជា​គាត់​កត់​ខុស​គ្នា»

អាស៊ីសេរី បាន​ព្យាយាម​ស្វែងរក​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ការ​នាំ​ចេញ​ខ្សាច់​ស៊ីលីកា​នេះ​ពី​គេហទំព័រ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែរ ក៏ប៉ុន្តែ​ព័ត៌មាន​ទាំងនោះ​ត្រូវ​បាន​ដាក់​លេខ​សម្ងាត់​បើក​មិន​ចេញ​ឡើយ ក្រោយ​ពេល​រឿង​អាស្រូវ​បាត់​ទឹកប្រាក់​ជាង ៧០០​លាន​ដុល្លារ​នៃ​ការ​នាំ​ចេញ​ខ្សាច់​ពី​កម្ពុជា ទៅ​សិង្ហបុរី បាន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ។

អាស៊ីសេរី ក៏​បាន​ព្យាយាម​ទាក់ទង​អង្គភាព​ទំនាក់ទំនង​សាធារណៈ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ជាច្រើន​លើក​ដែរ​តាម​រយៈ​លេខ​ទូរស័ព្ទ​ជាច្រើន​ខ្សែ​ក្នុង​គេហទំព័រ​របស់​អង្គភាព​មួយ​នេះ ក៏ប៉ុន្តែ​រាល់​លេខ​ទូរស័ព្ទ​ទាំងនោះ គឺ​មិន​អាច​ទាក់ទង​បាន​នោះ​ឡើយ។

ចំណែក​លោក គុណ ញឹម ដែល​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អាស៊ីសេរី ក៏​មិន​អាច​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ដែរ ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

ទាក់ទង​បញ្ហា​នេះ ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alexandro Gonzales Davidson) យល់​ឃើញ​ថា នេះ​គឺ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ជា​រឿង​ដ៏​គួរ​ឲ្យ​អាម៉ាស់​ថ្មី​មួយ​ទៀត​ទាក់ទង​នឹង​រឿង​អាជីវកម្ម​ខ្សាច់ ដែល​ធ្វើ​ឲ្យ​កម្ពុជា ខាតបង់​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ។ លោក​បន្ត​ថា ខ្សាច់​នាំ​ចេញ​ពី​កម្ពុជា ទៅ​សិង្ហបុរី បាត់​អស់​ជាង ៩០​ភាគរយ ទៅ​ឥណ្ឌា បាត់​អស់​ទាំងស្រុង និង​ពេល​នេះ​ទៅ​កោះ​តៃវ៉ាន់ បាត់​អស់​ជាង ៩០​ភាគរយ​ទៀត បង្ហាញ​ពី​ភាព​ទន់​ខ្សោយ​នៃ​ការ​គ្រប់គ្រង និង​ខ្វះ​ការ​សហការ​គ្នា​រវាង​អង្គភាព​ជំនាញ​របស់​រដ្ឋាភិបាល។

សកម្មជន​បរិស្ថាន​រូប​នេះ ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពេញលេញ និង​ច្បាស់លាស់​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ចេញ​ខ្សាច់​ស៊ីលីកា​នេះ ដើម្បី​កុំ​ឲ្យ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា ត្រូវ​បាត់បង់​ដោយ​គ្មាន​ផល​ចំណេញ​សម្រាប់​ជាតិ៖ «យើង​មិន​បាច់​និយាយ​ពី​គម្លាត​រវាង​ទិន្នន័យ​គយ​ខ្មែរ និង​តៃវ៉ាន់ ទេ ព្រោះ​វា​ជា​រឿង​ធំ​ស្រាប់​ទៅ​ហើយ។ តែ​រឿង​ធំ​ជាង​នេះ​ទៀត​នោះ គឺ​រដ្ឋាភិបាល​តែ​មួយ ប្រទេស​តែ​មួយ ខាង​គយ​អត់​សហការ​គ្នា​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល។ ឧទាហរណ៍ ក្រសួង​រ៉ែ និង​ថាមពល និយាយ​ថា​មុន​ឆ្នាំ​២០១៥ អត់​មាន​ខ្សាច់​ស៊ីលីកា​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស តែ​បើ​យើង​មើល​តួលេខ​គយ​របស់​កម្ពុជា គឺ​មាន ហើយ​បើ​មើល​តួលេខ​របស់​គយ​តៃវ៉ាន់ ទៅ​ទៀត គេ​ថា​មាន​តាំង​ពី​ឆ្នាំ​២០១២។ នេះ​គឺ​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​អាម៉ាស់ ហើយ​ក៏​ជា​រឿង​មួយ​ដែល​តម្រូវ​ដាច់ខាត​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស៊ើប​អង្កេត​ឲ្យ​បាន​ម៉ត់ចត់»


ម្យ៉ាង​វិញ​ទៀត លោក​ក៏​លើក​ទឹក​ចិត្ត​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​គឺ​ពលរដ្ឋ​ខ្មែរ ត្រូវ​ចូលរួម​តាមដាន​រឿង​នេះ​កុំ​ឲ្យ​ធនធាន​រ៉ែ​ខ្សាច់​នេះ​ត្រូវ​បាត់បង់​ជា​បន្ត​ទៀត។

អ្នក​តស៊ូ​មតិ​រឿង​ធនធាន​ខ្សាច់​រូប​នេះ​អះអាង​ទៀត​ថា នឹង​ធ្វើ​យុទ្ធនាការ​ស្នើសុំ​ឲ្យ​កោះ​តៃវ៉ាន់ បញ្ឈប់​ការ​ទិញ​ខ្សាច់​ស៊ីលីកា​ពី​កម្ពុជា ព្រោះ​លោក​យល់​ថា ខ្សាច់​ទាំងនោះ​ត្រូវ​បាន​ធ្វើ​អាជីវកម្ម​ដោយ​ខុស​ច្បាប់៖ «យើង​ត្រៀម​ខ្លួន​ដើម្បី​ស្នើសុំ​ឲ្យ​អង្គភាព​ពាក់ព័ន្ធ​នៅ​តៃវ៉ាន់ ស៊ើប​អង្កេត​ដែរ ព្រោះ​បើ​សិន​ជា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​កម្ពុជា (ACU) មិន​ហ៊ាន​ស៊ើប​អង្កេត​ដោយសារ​ខ្លាច​ប៉ះពាល់​ទៅ​លើ​អ្នក​មាន​អំណាច​មួយ​ចំនួន យើង​មាន​ដំណោះស្រាយ​មួយ​ទៀត គឺ​ទៅ​គោះ​ទ្វារ​អង្គភាព​ពាក់ព័ន្ធ​នៅ​តៃវ៉ាន់។ ខ្ញុំ​សូម​ធានា ថា​រឿង​នេះ​រដ្ឋាភិបាល​កម្ពុជា មិន​មាន​ឥទ្ធិពល​ទៅ​លើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឬ​ក៏​តុលាការ​របស់​តៃវ៉ាន់ នោះ​ទេ»

ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស គឺ​ជា​ធនធាន​រ៉ែ​ដែល​បម្រើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​ផលិត​កែវ ដប និង​កញ្ចក់។ ខ្សាច់​នេះ​មិន​ស្ថិត​ក្នុង​បម្រាម​នៃ​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដូច​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles