Clik here to view.

មន្ត្រីគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា អំពាវនាវឲ្យលេខាធិការដ្ឋានរៀបចំការបោះឆ្នោត បង្កើនការផ្សព្វផ្សាយបន្ថែមទៀត នៅតំបន់ជនជាតិដើមភាគតិចដើម្បីបំផុសឲ្យពលរដ្ឋគ្រប់អាយុមកចុះឈ្មោះបោះឆ្នោត គ្រាដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងបើកយុទ្ធនាការចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨។
តំណាងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជាអះអាងថា នឹងចុះបញ្ជីឈ្មោះគណបក្សនេះក្នុងការប្រកួតប្រជែងបោះឆ្នោតជាតិអាណត្តិទី៦ ក៏ប៉ុន្តែស្នើសុំឲ្យក្រុមការងារចុះឈ្មោះបោះឆ្នោតខេត្តមណ្ឌលគិរី បង្កើនការផ្សព្វផ្សាយឲ្យពលរដ្ឋបានចូលរួមចុះឈ្មោះឲ្យបានគ្រប់ៗគ្នា។
គ.ជ.បបានធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់អាយុ ហើយមិនទាន់បានចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឲ្យទៅចុះឈ្មោះនៅតាមឃុំ-សង្កាត់ និងភូមិរបស់ពួកគេរស់នៅចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា។
អនុប្រធានគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា លោក ស្រូយ ថេត បញ្ជាក់នៅថ្ងៃទី៨ខែកញ្ញា ថា ការផ្សព្វផ្សាយយុទ្ធនាការចុះឈ្មោះបោះឆ្នោតមានសារៈសំខាន់សម្រាប់ឲ្យពលរដ្ឋនៅតំបន់ជនបទបានដឹង និងអញ្ជើញមកចុះឈ្មោះខណៈពលរដ្ឋគ្រប់អាយុហើយមិនទាន់បានចុះឈ្មោះបោះឆ្នោត។ លោកកត់សំគាល់ថា ជនជាតិដើមភាគតិចមួយចំនួនធំនៅខេត្តមណ្ឌលគិរី មិនទាន់បានចុះឈ្មោះបោះឆ្នោតទេ កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ កន្លងទៅ៖ «ខាងខ្ញុំបានជំរុញច្រើនតាមភូមិ-ឃុំ ឲ្យអ្នកគ្រប់អាយុគាត់ទៅចុះឈ្មោះឲ្យគាត់ដឹងព័ត៌មានគាត់ទៅចុះ។ការផ្សព្វផ្សាយវាអត់ទាន់គ្រប់ជ្រុងជ្រោយទេភាគច្រើនគាត់ដឹងគាត់ស្ដាប់តាមវិទ្យុ»។
ការប៉ាន់ប្រមាណរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី ឲ្យដឹងថា ពលរដ្ឋនៅខេត្តមណ្ឌលគិរីជាង៥ពាន់នាក់ ដែលគ្រប់អាយុបោះឆ្នោតហើយមិនទាន់មកចុះឈ្មោះបោះឆ្នោតនៅឡើយ។
ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី លោក គឹន ចៀន បញ្ជាក់ថា ក្រុមការងារចុះឈ្មោះបោះឆ្នោតថ្នាក់ខេត្តបានបិទបដា និងបណ្ណព័ត៌មានបញ្ជាក់កាលបរិច្ឆេទចុះឈ្មោះនៅតាមឃុំ-សង្កាត់ និងនៅតាមភូមិរួមទាំងការឃោសនាតាមឧគ្ឃោសនស័ព្ទ តាមការកំណត់របស់គ.ជ.បរួចហើយ។
លើសពីនេះទៀត លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តក៏បានអញ្ជើញតំណាងគណបក្សនយោបាយ មន្ត្រីមូលដ្ឋាន និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធប្រជុំផ្សព្វផ្សាយករណីនេះដើម្បីឲ្យពួកគេផ្សព្វផ្សាយបន្តទៅ ពលរដ្ឋនៅមូលដ្ឋានក៏ប៉ុន្តែជាងមួយសប្ដាហ៍កន្លងទៅ បរិមាណពលរដ្ឋមកចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ នៅមានចំនួនតិចតួចដោយសារពលរដ្ឋរវល់ធ្វើស្រែចម្ការ។ លោកថា ក្រុមការងារចុះឈ្មោះបោះឆ្នោតអាចនឹងកែប្រែរៀបចំការិយាល័យចុះឈ្មោះនៅតាមភូមិមុនកាលកំណត់ ដើម្បីឲ្យពលរដ្ឋងាយស្រួលមកចុះឈ្មោះបោះឆ្នោតជាងនៅសាលាឃុំដែលនៅឆ្ងាយពីលំនៅឋានពួកគាត់៖ «ពេលវែងនៅឆ្ងាយអ៊ីចឹងគាត់មិនទាន់មកណាមួយទៀត គាត់នៅចម្ការចាំនៅឃុំអត់មានគាត់មកចុះទេ នៅឆ្ងាយពីភូមិគាត់អ៊ីចឹងទាល់តែក្រុមចុះទៅដល់ភូមិគាត់បទពិសោធន៍ចុះនៅឃុំគាត់អត់មកទេគាត់នៅឆ្ងាយៗ»។
តួលេខរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី ចាប់តាំងពីថ្ងៃទី១ រហូតមកដល់ថ្ងៃទី៨ ខែកញ្ញា មានពលរដ្ឋមកចុះឈ្មោះបោះឆ្នោតចំនួន៤៦៩នាក់។
គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជាកាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កន្លងទៅនេះ បានដាក់បញ្ជីឈ្មោះប្រកួតប្រជែងនៅខេត្តចំនួនពីរគឺខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ក៏ប៉ុន្តែគណបក្សនេះមិនបានឈ្នះតំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ណាមួយនោះទេ៕