Clik here to view.

ប្រជានេសាទនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង កំពុងព្រួយបារម្ភពីក្រុមអ្នកមានទ្រព្យធននេសាទខុសច្បាប់ទ្រង់ទ្រាយធំនៅតំបន់បឹងទន្លេសាប ក្នុងស្រុកនេះដោយសេរី ពុំមានសមត្ថកិច្ចណាទប់ស្កាត់នៅឡើយទេ។ ប្រជានេសាទអះអាងថា កន្លងមកសមត្ថកិច្ចជំនាញចុះបង្ក្រាបខ្លះដែរ ក៏ប៉ុន្តែច្រើនចាត់វិធានការទៅលើប្រជាពលរដ្ឋក្រីក្រ ចំណែកអ្នកមានលុយវិញបន្តសកម្មភាពបានដោយសេរី។
ប្រជានេសាទនៅស្រុកឯកភ្នំ លើកឡើងថា ការនេសាទខុសច្បាប់នេះ ប្រសិនបើសមត្ថកិច្ចមិនចាត់វិធានការតាមផ្លូវច្បាប់ទេ គឺមិនយូរឡើយត្រីនៅតំបន់បឹងទន្លេសាបនឹងហិនហោចអស់ជាពុំខាន។
ពលរដ្ឋរស់នៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ លោក ស៊ន ផុន ឲ្យដឹងនៅថ្ងៃទី៧ ខែកញ្ញា ថា ក្រុមអ្នកមានលុយជាច្រើននាក់ធ្វើនេសាទត្រីខុសច្បាប់ ដោយប្រើឧបករណ៍មងក្រឡាញឹក ឬហៅថា បណរ៉ាវ ប្រវែងមួយកន្លែងៗ ចាប់ពី ១ពាន់ម៉ែត្រ ទៅជាង ២ពាន់ម៉ែត្រ ដាក់នៅតំបន់ឡូត៍លេខ១ ក្នុងភូមិក្បាលតោល ដោយពុំមានសមត្ថកិច្ចណាទប់ស្កាត់នោះទេ។
លោកព្រួយបារម្ភយ៉ាងខ្លាំងពីសកម្មភាពនេសាទទ្រង់ទ្រាយធំនេះ ព្រោះជាការធ្វើឲ្យហិនហោចត្រីឆាប់រហ័ស៖ «ខ្ញុំចង់ឲ្យគេបិទការធ្វើនេសាទខុសច្បាប់នេះឲ្យបានតែម្ដង ព្រោះការនេសាទនេះគេចាប់យកត្រីទាំងតូចទាំងត្រីធំអស់គ្មានសល់»។
អាស៊ីសេរី ពុំអាចទាក់ទងនាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង លោក ជួង សុភា និងអភិបាលស្រុកឯកភ្នំ ដើម្បីសុំអត្ថាធិប្បាយជុំបញ្ហានេះបានទេ នៅថ្ងៃទី៧ ខែកញ្ញា ដោយទូរស័ព្ទនៅក្រៅប្រព័ន្ធសេវា។
ទោះជាយ៉ាងណាតំណាងអ្នកនេសាទខេត្តបាត់ដំបង លោក ហ៊ុត ហាន មានប្រសាសន៍ថា ការធ្វើនេសាទខុសច្បាប់នេះ ក្រៅពីនៅភូមិក្បាលតោល ហើយ ក៏មាននៅតំបន់ឡូត៍នេសាទលេខ៩ ស្ថិតក្នុងភូមិព្រៃចាស់ ឃុំព្រៃចាស់ ជាច្រើនកន្លែងដែរ ដោយមួយកន្លែងៗ មានចាប់ពី ៨០០ម៉ែត្រ ទៅ ២គីឡូម៉ែត្រ។
លោកអះអាងទៀតថា កន្លងមកសមត្ថកិច្ចជំនាញពាក់ព័ន្ធចុះបង្ក្រាបការនេសាទខ្លះដែរ ក៏ប៉ុន្តែវិធានការនោះ ធ្វើឡើងបែបគោះទឹកបង្អើលត្រី និងគ្មានប្រសិទ្ធភាពឡើយ៖ «ការបង្ក្រាបបទល្មើសបានតែអ្នកធ្វើនេសាទតូចតាច ចំពោះអ្នកដែលធ្វើនេសាទទ្រង់ទ្រាយធំមានពេញតែព្រៃ គ្មានអ្នកណាបង្ក្រាបទេ ព្រោះគេឲ្យលុយទៅសមត្ថកិច្ច»។
លោកឲ្យដឹងទៀតថា ប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាប ក្នុងស្រុកឯកភ្នំ ចំនួន ២ឃុំ មានរាប់ពាន់គ្រួសារ ពួកគាត់គ្មានដីសម្រាប់ធ្វើស្រែនោះទេ គឺពួកគាត់ពឹងផ្អែកទាំងស្រុកទៅលើរបរធ្វើនេសាទជាលក្ខណៈគ្រួសាររកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ លោកថា ការធ្វើនេសាទខុសច្បាប់នេះ ប្រសិនបើសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនចាត់វិធានការទៅលើអ្នកប្រព្រឹត្តឲ្យបានតឹងរ៉ឹងទេមិនយូរឡើយ ពួកគាត់ទាំងនោះនឹងដាច់ពោះស្លាប់ ឬធ្វើចំណាកស្រុកកាន់តែច្រើន ព្រោះមិនអាចរកប្រាក់ចំណូលពីរបរនេសាទបានដូចពេលមុនៗ៕