Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​មួយ​ចំនួន​បង្ហាញ​ការ​បាក់​ទឹក​ចិត្ត​សម្រាប់​​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨

$
0
0

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ សម្ដែង​ការ​ព្រួយ​បារម្ភ និង​បង្ហាញ​ការ​បាក់​ទឹក​ចិត្ត​សម្រាប់​ការ​បោះឆ្នោត​សកល នៅ​ឆ្នាំ​២០១៨ ក្រោយ​ពី​បាន​ឮ​ព័ត៌មាន​ថា មេ​បក្ស​ប្រឆាំង គឺ​លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ក្នុង​គេហដ្ឋាន​ទាំង​កណ្ដាល​អធ្រាត្រ។

ការ​បារម្ភ​នេះ គឺ​ក្រោយ​ពេល​ដែល​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ជំហរ​ថា គណបក្ស​នេះ​នឹង​ធ្វើ​ពហិការ​មិន​ចូលរួម​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ​ទេ ប្រសិនបើ​ស្ថានការណ៍​នយោបាយ​នៅ​តែ​អាក្រក់​ខ្លាំង​ដូច​បច្ចុប្បន្ន។ ពួកគាត់​បន្ត​ថា បើ​ទោះ​ជា​មាន​ការ​អះអាង​ថា ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង លោក កឹម សុខា មិន​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ក្រសួង​មហាផ្ទៃ ឬ​មន្ត្រី​គណៈរដ្ឋមន្ត្រី​ក៏ដោយ ក៏​ពលរដ្ឋ​ខ្លះ​នៅ​តែ​បារម្ភ និង​ដំអក់​ពេល​វេលា​ក្នុង​ការ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​កំពុង​ពិចារណា​ឡើង​វិញ​ថា គួរ​ទៅ​បោះឆ្នោត ឬ​ទេ ប្រសិនបើ​វត្តមាន​មេ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​គេ​ឃុំឃាំង​ក្នុង​ពន្ធនាគារ​នៅ​ពេល​មាន​ការ​ប្រកួតប្រជែង​បោះ​ឆ្នោត នៅ​ឆ្នាំ​២០១៨ ពិត​មែន។

អ្នក​រត់​រ៉ឺម៉ក​កង់​បី​ម្នាក់ លោក សេក កង ប្រាប់​ថា លោក​មាន​ឈ្មោះ​បោះឆ្នោត​រួច​ហើយ។ ប៉ុន្តែ​លោក​នឹង​មិន​ទៅ​បោះឆ្នោត​ឆ្នាំ​២០១៨ ទេ ប្រសិនបើ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​គេ​រំលាយ​ចោល៖ «អត់​បាក់​ទេ ធម្មតា ចិត្ត​ធម្មតា​អត់​បាក់​ទេ។ ទឹក​ចិត្ត​ក្លាហាន​គឺ​ត្រូវ​បោះឆ្នោត​អត់​មាន​ថា បាក់​ទឹក​ចិត្ត​អី​ទេ។ បើ​គេ​រំលាយ (បក្ស​សង្គ្រោះ​ជាតិ) បោះ​ម៉េច​កើត​បង! បើ​គេ​រំលាយ​ហើយ គេ​អត់​រំលាយ​យើង​អាច​ទៅ​បោះ​បាន»

ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ ព្រះនាម តាំង ឡុង មាន​ថេរដីកា​ថា ព្រះអង្គ​ទើប​មក​ពី​អតីត​ទឹកដី​កម្ពុជា ក្រោម​បាន ៧​ខែ ហើយ​កំពុង​ធ្វើ​ឯកសារ​ដើម្បី​យក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។ ព្រះអង្គ​មាន​ថេរដីកា​បន្ត​ថា បើ​ទោះ​ជា​នៅ​ពេល​ព្រះអង្គ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ហើយ​ក៏ដោយ ក៏​ព្រះអង្គ​ចាត់​ទុក​ការ​បោះឆ្នោត ឆ្នាំ​២០១៨ ថា​គ្មាន​ន័យ ប្រសិនបើ​គ្មាន​វត្តមាន​មេ​បក្ស​ប្រឆាំង​ចូល​រួម​ប្រកួតប្រជែង​ទេ​នោះ៖ «មក​ពី​ក្រោម (កម្ពុជា​ក្រោម) យើង​ស្នេហា​ជាតិ​ដែរ គេ​ចាប់​មេ​គណបក្ស​សង្គ្រោះ​ជាតិ អ៊ីចឹង​យើង​ពិបាក​ចិត្ត​ដែរ។ …នៅ​តែ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ... យើង​អត់ អត់​បោះ»

ឯ​ពលរដ្ឋ​ម្នាក់​ទៀត រស់​នៅ​ក្រុង​ភ្នំពេញ ឈ្មោះ ឆាយ សង្ឃឹម​ថា ការ​បោះឆ្នោត​ខាង​មុខ នឹង​មាន​វត្តមាន​មេ​បក្ស​ប្រឆាំង។ លោក​កំពុង​ពិចារណា​ថា គួរ​ទៅ​បោះ​ឆ្នោត ឬ​ទេ ប្រសិនបើ​គ្មាន​វត្តមាន​មេ​បក្ស​ប្រឆាំង លោក កឹម សុខា ចូល​រួម​ប្រកួត​នោះ៖ «វា​មាន​ន័យ​ថា ធ្វើ​ឲ្យ​ការ​ទុក​ចិត្ត​របស់​ប្រជាជន វា​អត់​ទាន់​មាន អ៊ីចឹង​បើ​តាម​គំនិត​ខ្ញុំ គំនិត​ប្រជាជន​ផ្សេងៗ​ទៀត ប្រហែលជា​គិត​មិន​ខុស​គ្នា​ទេ គឺ​គេ​ភាគ​ច្រើន​មិន​អាច​ទៅ​បោះឆ្នោត​បាន​ទេ ព្រោះ​អី​ទៅ​បោះឆ្នោត​យ៉ាង​ដូច​ម្ដេច ព្រោះ​អី​វា​អត់​គណបក្ស​ប្រឆាំង​ណា​ដែល​ដូច​ថា គណបក្ស​ប្រឆាំង​ណា​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង អ៊ីចឹង​មាន​ន័យ​ថា មាន​តែ​គណបក្ស​កាន់​អំណាច​មួយ អ៊ីចឹង​មាន​ន័យ​ថា យើង​បោះ យើង​មិន​បោះឆ្នោត អ៊ីចឹង​បោះឆ្នោត​វា​គ្មាន​ន័យ​អី​ដែរ»

​ចំណែក​ព្រះចៅ​អធិការ​វត្ត​សាមគ្គីរង្សី ស្ថិត​នៅ​ខណ្ឌ​មានជ័យ ក្រុង​ភ្នំពេញ ព្រះនាម ថាច់ ហាសំអាង បាន​ជំរុញ​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម ដែល​គង់​នៅ​ក្នុង​វត្ត​មួយ​នេះ ទៅ​ចុះ​ឈ្មោះ និង​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​អង្គ។ ទោះ​ជា​ព្រះសង្ឃ ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ខ្លះ មាន​ការ​បាក់​ទឹក​ចិត្ត​នៅ​ពេល​ឮ​មាន​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង​ក៏​ពិត​មែន ក៏​ព្រះអង្គ​អំពាវនាវ​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ទៅ​ចុះ​ឈ្មោះ​សម្រាប់​បោះឆ្នោត​ឆ្នាំ​២០១៨ ដែរ។

ព្រះអង្គ ថាច់ ហាសំអាង៖ «សូម​ឲ្យ​ប្រជាជន​ខ្មែរ​កុំ​បាក់​ទឹក​ចិត្ត បើ​ញាតិញោម​នៅ​ក្រៅ​ប្រទេស ញាតិ​ញោម​អាច​ចូល​មក​ស្រុក​ខ្មែរ បាន​មក​បោះឆ្នោត អញ្ជើញ​មក​កុំ​នៅ​ក្រៅ​ប្រទេស។ ... ហើយ​សំខាន់​ណាស់​ដើម្បី​ឈាន​ទៅ​រក​ការ​ផ្លាស់ប្ដូរ បក្ស​មួយ​ទៅ​បក្ស​មួយ គឺ​សំខាន់​បំផុត​ស្នាម​មេដៃ​ជ្រលក់​បោះ​ឆ្នោត​ហ្នឹង​ហើយ។ សូម​ញាតិ​ញោម​កុំ​ជេរ​ច្រើន កុំ​ជេរ​ច្រើន​ជាង​ធ្វើ​សកម្មភាព ញាតិ​ញោម​ត្រូវ​តែ​ធ្វើ​សកម្មភាព​ឲ្យ​បាន​ច្រើន​ជាង​ជេរ បាន​ន័យ​ថា​ម៉េច ញាតិ​ញោម​ត្រូវ​តែ​អញ្ជើញ​មក​បោះឆ្នោត​ជា​ដាច់ខាត កុំ​ជេរ​តែ​នៅ​ថៃ កុំ​ជេរ​តែ​នៅ​កូរ៉េ កុំ​ជេរ​តែ​នៅ​ក្រៅ​ប្រទេស។ អ៊ីចឹង​អញ្ជើញ​មក ជិះ​យន្តហោះ​មក»

ករណី​ពលរដ្ឋ​បាក់​ទឹក​ចិត្ត និង​ប្ដេជ្ញា​មិន​ទៅ​បោះឆ្នោត​នេះ អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​បោះឆ្នោត​ក៏​មាន​ការ​ព្រួយ​បារម្ភ​អំពី​រឿង​នេះ​ដែរ ខណៈ​ដែល គ.ជ.ប ថា នេះ​គឺ​ជា​សម្រេច​ចិត្ត​ផ្ទាល់ខ្លួន​របស់​ពលរដ្ឋ។ សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​បោះឆ្នោត បាន​បង្កើន​ការ​ផ្សព្វផ្សាយ និង​អប់រំ​ពលរដ្ឋ​អំពី​ការ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។ ឯ គ.ជ.ប វិញ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​រួច​ឲ្យ​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ ឯ​អ្នក​មិន​ទាន់​បាន​ចុះ​ឈ្មោះ​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​តាម​សាលា​ឃុំ-​សង្កាត់ និង​​នៅ​តាម​ភូមិ​មួយ​ចំនួន។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែល​កំពុង​បំពេញ​បេសកកម្ម​ធ្វើ​ការ និង​កំពុង​សិក្សា​ឲ្យ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​សាលាឃុំ-​សង្កាត់ និង​តាម​ភូមិ​ក្នុង​ប្រទេស​កម្ពុជា ហើយ​គ្មាន​ការ​ចុះ​ឈ្មោះ​នៅ​ក្រៅ​ប្រទេស​ទេ ហើយ​យក​ការ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​នេះ មាន​រយៈពេល ៧០​ថ្ងៃ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ត​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles