Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​រដ្ឋាភិបាល​ព្រមាន​ថា​បក្ស​ប្រឆាំង​អាច​នឹង​ត្រូវ​រំលាយ​ចោល​បើ​មិន​តែងតាំង​ប្រធាន​ថ្មី

$
0
0

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ព្រមាន​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ត្រូវ​រំលាយ​ចោល​តែ​ម្តង ប្រសិន​បើ​គណបក្ស​នេះ​រឹងរូស​មិន​ព្រម​តែងតាំង​ប្រធាន​ថ្មី​ជំនួស​លោក កឹម សុខា។

មន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន រ៉យទ័រ (Reuters) នៅ​ថ្ងៃ​ពុធ ទី​៦ ខែ​កញ្ញា ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​តែងតាំង​ប្រធាន​ថ្មី។ លោក​បន្ត​ថា ប្រសិន​បើ​គណបក្ស​នេះ​មិន​គោរព​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន​ពីរ​លើក​រួច​មក​ហើយ​នោះ​ទេ គណបក្ស​នេះ​នឹង​ពុំ​អាច​មាន​វត្តមាន​ធ្វើ​សកម្មភាព​នយោបាយ​នៅ​កម្ពុជា បាន​ជា​បន្ត​ទៅ​ទៀត​នោះ​ទេ។

ការ​ព្រមាន​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​នេះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេល​ដែល​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់​គោល​ជំហរ​ថា គណបក្ស​នេះ​នឹង​មិន​ដាក់​នរណា​ម្នាក់​ឲ្យ​ឡើង​ជំនួស​លោក កឹម សុខា ឡើយ ហើយ​ថា​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ធ្វើ​ពហិការ​មិន​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ ប្រសិន​បើ​ស្ថានភាព​នយោបាយ​នៅ​តែ​អាក្រក់​ខ្លាំង​ដូច​បច្ចុប្បន្ន​នេះ។

លើស​ពី​នេះ​ទៀត មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ម្នាក់​ទៀត គឺ​លោក ខៀវ សុភ័គ ដែល​ជា​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក គឺ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ស្រង់​សម្ដី​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​អាច​នឹង​ត្រូវ​រំលាយ​ចោល​ផង​ដែរ ប្រសិន​បើ​មន្ត្រី​គណបក្ស​នេះ​ហ៊ាន​ចេញ​មុខ​គាំទ្រ​លោក កឹម សុខា។ លោក ខៀវ សុភ័គ ថែម​ទាំង​បាន​ព្រលយ​ថា នៅ​ពេល​ដែល​គណបក្ស​នេះ​ត្រូវ​រំលាយ នោះ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដែល​ទើប​ជាប់​ឆ្នោត​ទាំងអស់​របស់​គណបក្ស​នេះ​ជាង ៥​ពាន់​នាក់ រួម​ទាំង​ក្រុម​ប្រឹក្សា​ស្រុក ខែត្រ និង​ក្រុង និង​សមាជិក​ព្រឹទ្ធសភា (ប្រសិន​បើ​មាន) ព្រម​ទាំង​តំណាងរាស្ត្រ​របស់​គណបក្ស​នេះ​ផង​ដែរ នឹង​ត្រូវ​បាត់បង់​តំណែង​ទាំងអស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles