
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង កំពុងព្រួយបារម្ភខ្លាចប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតមិនបាន ៥០ភាគរយ នៃចំនួនអ្នកដែលគ្រប់អាយុត្រូវទៅចុះឈ្មោះបោះឆ្នោតថ្មី។ មន្ត្រីគណបក្សប្រឆាំងរូបនេះអះអាងថា មូលហេតុដែលបារម្ភដោយសារការចុះឈ្មោះចាប់ផ្ដើមជិតមួយសប្ដាហ៍ហើយ ឃើញមានប្រជាពលរដ្ឋទើបតែបានចំនួនតិចតួចនៅឡើយ។
ប្រធានគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង លើកឡើងថា បញ្ហាពលរដ្ឋមិនសូវទៅចុះឈ្មោះបោះឆ្នោតនេះ ប្រហែលដោយសារពួកគាត់លំបាករឿងបំពេញលិខិតស្នាមសម្រាប់យកទៅចុះឈ្មោះ។
លោក ជា ជីវ ឲ្យដឹងនៅថ្ងៃទី៦ ខែកញ្ញា ថា ប្រជាពលរដ្ឋជិត ៥០ភាគរយ ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោតនៅខេត្តបាត់ដំបង គឺជាអ្នកផ្លាស់ទីលំនៅថ្មី។ ប្រធានគណបក្សប្រឆាំងរូបនេះអះអាងទៀតថា ពលរដ្ឋដែលប្ដូរទីលំនៅថ្មីនេះ ភាគច្រើនមិនចង់ទៅចុះឈ្មោះបោះឆ្នោតទេ ដោយសារពួកគាត់លំបាករឿងធ្វើលិខិតស្នាមដើម្បីយកទៅចុះឈ្មោះបោះឆ្នោត៖ «ពីមុនការចុះឈ្មោះបោះឆ្នោតមេឃុំចៅសង្កាត់គាត់អាចចេញលិខិតបញ្ជាក់ទីលំនៅបាន តែពេលនេះក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំឲ្យកែនីតិវិធី ធ្វើលំបាកដល់ប្រជាពលរដ្ឋ ដែលត្រូវឆ្លងកាត់ពីប៉ុស្តិ៍ហើយត្រូវទៅសាលាឃុំសង្កាត់ទៀត ដើម្បីបញ្ជាក់ទីលំនៅ។ ធ្វើបែបនេះលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតមិនបាន ៥០ភាគរយទេនៅខេត្តបាត់ដំបង»។
ទាក់ទងនឹងបញ្ហានេះ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង លោក វន ពន ទទួលស្គាល់ថា ប្រជាពលរដ្ឋពិតជាទៅចុះឈ្មោះឆ្នោតមានចំនួនតិចតួចប្រាកដមែន។ ប៉ុន្តែលោកអះអាងថា មូលហេតុដែលពលរដ្ឋមិនសូវមកចុះឈ្មោះប្រហែលពួកគាត់ជាប់រវល់ការងារ៖ «យើងរកមូលហេតុអត់ទាន់ឃើញទេ ជួនកាលគាត់អាចថា ពេលចុះឈ្មោះនៅយូរអង្វែងទៅមុខ ហើយពួកគាត់ក៏រង់ចាំសិន ចាំដល់កៀតថ្ងៃបញ្ចប់ទើបពួកគាត់ទៅចុះឈ្មោះ»។
ចំណែកមន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តបាត់ដំបង លោក ហេង សាយហុង លើកឡើងថា បញ្ហាប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតតិច ប្រហែលមកពីពួកគាត់ឃើញស្ថានការណ៍នយោបាយរយៈពេលប៉ុន្មានថ្ងៃនេះតានតឹង ដែលសមត្ថកិច្ចចាប់លោក កឹម សុខា ដាក់ពន្ធនាគារ ធ្វើឲ្យពួកគាត់ភ័យខ្លាច ហើយមិនចង់ទៅចុះឈ្មោះបោះឆ្នោត៖ «យើងចង់ឲ្យមានការពន្យល់ និងបើកឲ្យទូលាយនីតិវិធីក្នុងការរៀបចំចុះឈ្មោះ និងចង់គណៈកម្មការរៀបចំការបោះឆ្នោតផ្សព្វផ្សាយព័ត៌មានពីការចុះឈ្មោះដល់ពលរដ្ឋទៅតាមមូលដ្ឋានឲ្យបានច្រើន ព្រោះកន្លងទៅដូចពុំមានការផ្សព្វផ្សាយព័ត៌មាននេះជូនពលរដ្ឋនោះទេ»។
គណៈកម្មការជាតិរៀបចំការបោះឆ្នោតបានធ្វើបច្ចុប្បន្នភាពបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ដើម្បីឲ្យពលរដ្ឋដែលផ្លាស់ទីលំនៅថ្មី និងអ្នកទើបគ្រប់អាយុបោះឆ្នោត បានចុះឈ្មោះបោះឆ្នោតគ្រប់គ្នា។ ការចុះឈ្មោះថ្មីនេះ មានរយៈពេល ៧០ថ្ងៃដោយចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៧។
របាយការណ៍គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ឲ្យដឹងថា ពលរដ្ឋដែលត្រូវទៅចុះឈ្មោះបោះឆ្នោតនៅបញ្ជីថ្មី ក្នុងខេត្តមួយនេះ មានពលរដ្ឋប្រមាណ ២០ម៉ឺននាក់ (២០០.០០០) នៃចំនួនពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោតសរុបជិត ៨សែននាក់ (៨០០.០០០)។ រីឯការចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃ១ ដល់ថ្ងៃទី៥ កញ្ញា មានពលរដ្ឋទៅចុះឈ្មោះជាង ១.៧០០នាក់ (១.៧៧៧)៕