
សហភាពអឺរ៉ុបចាត់ទុកការចាប់ខ្លួនមេដឹកនាំគណបក្សសង្រ្គោះជាតិ លោក កឹម សុខា កាលពីរំលងអាធ្រាតឈានចូលថ្ងៃទី ០៣ កញ្ញា ទាំងក្នុងពេលដែលលោកកំពុងមានអភ័យឯកសិទ្ធិសភានោះ គឺជាការវិវឌ្ឍន៍នយោបាយគួរឱ្យគ្រោះថ្នាក់។
សហភាពអឺរ៉ុបបន្តថា បន្ថែមពីលើសកម្មភាពប្រឆាំងនឹងអង្គការសង្គមស៊ីវិល និងស្ថាប័នសារព័ត៌មាននោះ ការចាប់ខ្លួននេះបង្ហាញពីការខិតខំប្រឹងប្រែងរឹតតែខ្លាំងជាងមុន ដើម្បីរឹតត្បិតលំហប្រជាធិបតេយ្យនៅកម្ពុជា និងលំហនៃការរិះគន់ ការបញ្ចេញមតិ និងការរាយការណ៍ព័ត៌មានដោយឯករាជ្យ។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនពីទីក្រុងប្រ៊ុចសែល (Bruxelles) ប្រទេសប៊ែលហ្ស៊ិក (Belgium) ដែលចេញផ្សាយនៅល្ងាចថ្ងៃទី ០៣ កញ្ញា សហភាពអឺរ៉ុបបញ្ជាក់ថា ដំណើរការប្រជាធិបតេយ្យឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខ ដ៏គួរឱ្យទុកចិត្តបាន គឺចាំបាច់ត្រូវតែមានបរិយាកាសមួយដែលគ្រប់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ អាចបន្តបំពេញតួនាទីស្របតាមច្បាប់របស់ពួកគេ ដោយគ្មានការភ័យខ្លាច ការគំរាមកំហែង និងគ្មានការរឹតបន្តឹងតាមតែអំពើចិត្តនោះទេ។ ហើយសហភាពអឺរ៉ុបត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តជួយកម្ពុជាក្នុងបញ្ហានេះ។
សហភាពអឺរ៉ុបសង្ឃឹមថា អាជ្ញាធរកម្ពុជានឹងគោរពសិទ្ធិជំនុំជម្រះដោយស្មើភាពចំពោះពលរដ្ឋកម្ពុជាគ្រប់រូប និងចំពោះអង្គការទាំងឡាយដែលកំពុងបំពេញការងារនៅកម្ពុជា ហើយដោយយោងទៅលើអភ័យឯកសិទ្ធិសភា សហភាពអឺរ៉ុបរំពឹងថា អាជ្ញាធរនឹងដោះលែងលោក កឹម សុខា ជាបន្ទាន់៕