Quantcast
Viewing all articles
Browse latest Browse all 11174

"​ស្ថានការណ៍​នយោបាយ​ពេល​នេះ​ជា​ស្ថានការណ៍​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស"

Image may be NSFW.
Clik here to view.

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រក្សា​ភាព​ស្ងប់ស្ងាត់​ក្នុង​ពេល​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​ប្រធាន​គណបក្ស គឺ​លោក កឹម សុខា។ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ចាត់​ទុក​ស្ថានការណ៍​នយោបាយ​ពេល​នេះ​ជា​ស្ថានការណ៍​មិន​ល្អ។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ខ្លី​ជា​មួយ​អ្នក​កាសែត​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​រសៀល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា ពេល​នេះ ធ្វើ​ឲ្យ​ស្ថានការណ៍​ប្រទេស​ជាតិ កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង៖ «សភាពការណ៍​ធ្ងន់ធ្ងរ ហើយ​ជំហរ​របស់​យើង​ច្បាស់​ណាស់​នៅ​ក្នុង​ការ​បោះឆ្នោត​ត្រឹមត្រូវ និង​យុត្តិធម៌ សុំ​ឲ្យ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​រឿង​នេះ ភាគី​ណា​ទទួល​ខុស​ត្រូវ ភាគី​នោះ​ទទួល​ខុស​ត្រូវ រួម​កម្លាំង​ជាមួយ​គ្នា​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​បោះឆ្នោត​ដ៏​ត្រឹមត្រូវ សេរី និង​យុត្តិធម៌»

លោក កឹម សុខា ដែល​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ខ្លួន​ពី​ផ្ទះ​កាល​ពី​ម៉ោង ១២​កន្លះ​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​អប់រំ​កែប្រែ​ត្រពាំងផ្លុង ហៅ​កាត់​ថា ម-៣ នៅ​ខេត្ត​ត្បូងឃ្មុំ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​៣ កញ្ញា ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ ព្រោះ​តែ​លោក​បង្ហាញ​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក ដែល​មិន​អាច​អត់​អោន​បាន។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​បញ្ជាក់​ថា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៣ ខែ​កញ្ញា លោក កឹម សុខា ត្រូវ​បាន​ដាក់​នៅ​ក្នុង​បរិវេណ​មន្ទីរ​អប់រំ​កែប្រែ ម-៣ នៅ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ដដែល ប៉ុន្តែ​មិន​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ទេ៖ «យើង​បាន​បញ្ជូន​លោក​ទៅ​មន្ទីរ​អប់រំ​កែប្រែ ម-៣ នៅ​ត្រពាំងផ្លុង ប៉ុន្តែ​មិន​ទាន់​បាន​បញ្ចូល​ទៅ​ក្នុង Cell (បន្ទប់​ឃុំឃាំង) ទេ គឺ​ឋិត​នៅ​ក្នុង Office (ការិយាល័យ) របស់​មន្ត្រី​ការងារ​នៅ​ឡើយ។ Office មន្ត្រី​ពន្ធនាគារ ធម្មតា»

នៅ​រសៀល​ថ្ងៃ​ទី​៣ កញ្ញា ដដែល អង្គរក្ស​ទាំង ៨​រូប​របស់​លោក កឹម សុខា ត្រូវ​បាន​ដោះលែង​វិញ​ហើយ។ ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី ឲ្យ​ដឹង​ថា អ្នក​ទាំង ៨​នាក់ ត្រូវ​បាន​មេធាវី​របស់​គណបក្ស​ធានា​សុំ​ឲ្យ​នៅ​ក្រៅ​ឃុំ។ ទន្ទឹម​គ្នា​នេះ លោក ខៀវ សុភ័គ ថ្លែង​បញ្ជាក់​ថា ករណី​នេះ​ពាក់ព័ន្ធ​តែ​លោក កឹម សុខា ម្នាក់​ប៉ុណ្ណោះ ហើយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​កុំ​ឲ្យ​ចលាចល ដែល​អាច​វឹកវរ​ដូច​ប្រវត្តិសាស្ត្រ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០៖ «អាស្រ័យ​ទៅ​លើ​ស្ថាប័ន​តុលាការ។ ប៉ុន្តែ​រឿង​ហ្នឹង​ខ្ញុំ​គិត​ថា បច្ចុប្បន្ន​នេះ​ត្រឹមតែ​គាត់​មួយ​សិន​ទេ ចោទ​ប្រកាន់​ត្រឹម​គាត់​ទេ ឬ​មួយ​រក​​ឃើញ​ដល់​គណបក្ស អា​ហ្នឹង​យើង​បន្ត​ទៅ​ទៀត។ ប៉ុន្តែ​ឥឡូវ​ត្រឹម​គាត់​ទេ»

ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន លោក កឹម សុខា ទេ ពេល​ដែល​អ្នក​កាសែត​ជួប​លោក នៅ​​ឯ​ទីស្នាក់ការ​កណ្ដាល​បក្ស នៅ​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ។ មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត​របស់​គណបក្ស ក៏​ចាកចេញ​ពី​ទីស្នាក់ការ​ដែរ។ ក្រៅ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ៣០​នាក់ និង​អ្នក​កាសែត​ប្រមាណ ២០​នាក់ មិន​មាន​មនុស្ស​ប្រមូល​ផ្ដុំ​គ្នា​ទៀត​ទេ។ មន្ត្រី​នាំ​ពាក្យ​ដែល​មិន​ចង់​បញ្ចេញ​ឈ្មោះ​ម្នាក់​ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចៀសវាង​ការ​ប្រមូល​ផ្ដុំ ឬ​ធ្វើ​បាតុកម្ម​តវ៉ា​ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles