
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។ នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យអាស៊ីសេរីដឹងយ៉ាងខ្លីបន្ទាប់ពីកងកម្លាំងសមត្ថកិច្ចចាប់ខ្លួនលោក កឹម សុខា និងកងអង្គរក្ស ៨នាក់ទៀតដល់ផ្ទះរបស់លោក កឹម សុខា នៅយប់រំលងអធ្រាត្រចូលថ្ងៃទី៣ កញ្ញា ដោយគ្មានដីកាចាប់ខ្លួន។
ទីប្រឹក្សារបស់លោក កឹម សុខា និងជានាយខុទ្ទកាល័យគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា មានប្រសាសន៍ថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងអង្គរក្សចំនួន ៨នាក់ទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនដល់គេហដ្ឋានរបស់លោក កឹម សុខា ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
លោកបន្តថា ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងរូបនេះ គឺជាស្ថានការណ៍ដ៏ធំមួយដែលនាំឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា និងការបោះឆ្នោតជាតិនៅពេលខាងមុខ។ លោកថា មេធាវីរបស់គណបក្សនឹងពិនិត្យមើលចំពោះបញ្ហានេះ។
ភ្លាមៗក្រោយការចាប់ខ្លួនប៉ុន្មាននាទី រដ្ឋាភិបាលអំពាវនាវឲ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ ហើយទុកឲ្យករណីចាប់ខ្លួនមេបក្សប្រឆាំងលោក កឹម សុខា ដើម្បីអោយតុលាការចាត់ការតាមច្បាប់។ សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលអះអាងថា ករណីចាប់ខ្លួននេះ មន្ត្រីនគរបាលផ្អែកហេតុផលថាជាករណីជាក់ស្ដែងទៅតាមក្រមនីតិវិធីព្រហ្មទណ្ឌ។
រដ្ឋាភិបាលបញ្ជាក់ទៀតថា តាមរយៈវីដេអូឃ្លីបដែលផ្សព្វផ្សាយដោយបណ្ដាញផ្សាយព័ត៌មានកម្ពុជា ដែលហៅខ្លីថា ស៊ីប៊ីអិន (Cambodian Broadcasting Network) មានប្រភពនៅប្រទេសអូស្ត្រាលី (Australia) និងភស្តុតាងដទៃទៀត អាជ្ញាធរចោទថាលោក កឹម សុខា មានផែនការសម្ងាត់ឃុបឃិតជាមួយបរទេសដែលធ្វើអោយប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា។ រដ្ឋាភិបាលចាត់ទុកការឃុបឃិតនេះថាជាអំពើក្បត់ជាតិដែលជាបទល្មើសមានចែងក្នុងមាត្រា៤៤៣ ក្នុងក្រមព្រហ្មទណ្ឌ៕