Quantcast
Viewing all articles
Browse latest Browse all 11174

អគ្គស្នងការ​នគរបាល​ជាតិ​កំពុង​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ

Image may be NSFW.
Clik here to view.

សំណុំរឿង​ស៊ើបអង្កេត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្រសួង​មហាផ្ទៃ បើក​ការ​ស្រាវជ្រាវ​នោះ ពេល​នេះ​ក្រសួង​ប្រគល់​ភារកិច្ច​នេះ​ទាំង​ស្រុង​ឲ្យ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ របស់​លោក នេត សាវឿន ជា​អ្នក​ស្រាវជ្រាវ​វិញ​ម្ដង។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ឲ្យ​អាស៊ីសេរី ដឹង​ថ្ងៃ​ទី​២ ខែ​កញ្ញា ថា អគ្គស្នងការ​នគរបាល​ជាតិ កំពុង​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​នឹង​ព័ត៌មាន​ដែល​បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​ចោទ​ប្រកាន់​ពី​ប្រភព​លុយ​គណបក្ស និង​ចោទ​គណបក្ស​នេះ​ថា មាន​គម្រោង​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។

​ទោះ​បី​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ មិន​ទាន់​រក​ឃើញ​តម្រុយ​អ្វី​ជុំវិញ​ការ​ចោទប្រកាន់​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ក្ដី ក៏​អ្នក​នាំ​ពាក្យ​គណបក្ស​អំណាច លោក សុខ ឥសាន សំណូមពរ​ឲ្យ​ក្រសួង​មហាផ្ទៃ ចាត់​ការ​ស៊ើប​អង្កេត​រក​ឲ្យ​ឃើញ​ការពិត និង​ចាត់​ទុក​ការ​ផ្សាយ​ព័ត៌មាន​ចោទ​ប្រកាន់​លើ​គណបក្ស​ប្រឆាំង​ថា ជា​ការ​ផ្សាយ​ដ៏​មាន​សារសំខាន់។

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​ថា ប្រសិនបើ​ក្រុម​ជំនាញ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​របស់​លោក នេត សាវឿន រក​ឃើញ​ពី​កំហុស​របស់​គណបក្ស​នេះ ក្រសួង​នឹង​ប្ដឹង​ទៅ​តុលាការ ដែល​អាច​ឈាន​ដល់​រំលាយ​គណបក្ស​នេះ​ចោល។ ចំណែក​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ថា គណបក្ស​នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ការ​ផ្ដល់​របាយការណ៍​ដែល​សមត្ថកិច្ច​ចង់​បាន។

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មិន​ទាន់​បង្ហាញ​​តម្រុយ​នៃ​ការ​រក​ឃើញ​យ៉ាង​ណា​នៅ​ឡើយ ដោយ​លោក​គ្រាន់តែ​ប្រាប់​ថា ក្រុម​សវនករ​អគ្គស្នងការ​នគរបាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ កំពុង​ផ្ទៀងផ្ទាត់​របាយការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​នឹង​ព័ត៌មាន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ លោក​ថា នៅ​ពេល​រក​ឃើញ​យ៉ាង​ណា​នោះ ក្រសួង​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ៖ «មិន​អាច​ធ្វើ​អ្វី​កើត​ទេ ក្រសួង​មហាផ្ទៃ គ្រាន់តែ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ប៉ុណ្ណឹង​ទេ បើ​មាន​មែន»

​ការ​បង្ហាញ​ពី​ចំណាត់​ការ​របស់​ស្ថាប័ន​រដ្ឋ​មក​លើ​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ បន្ទាប់​ពី​សារព័ត៌មាន​ហ្វ្រេសញូវ (Fresh News) ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់ ដោយ​យោង​តាម​ប្រភព​ពី​ហ្វេសប៊ុក ឈ្មោះ “កូន​ខ្មែរ” ឬ "ចៅ​ចាក់​ស្មុគ" ដែល​ជា​ប្រភេទ​ហ្វេសប៊ុក មិន​ហ៊ាន​បង្ហាញ​ម្ចាស់​គណនេយ្យ​ពិត​ប្រាកដ​មក​ចុះ​ផ្សាយ​ពី​ភាព​មិន​ស្របច្បាប់​នៃ​នៃ​ប្រភព​ហិរញ្ញប្បទាន​របស់​បក្ស​ប្រឆាំង និង​ការ​ចោទ​ប្រកាន់​ថា បក្ស​ប្រឆាំង​រៀបចំ​ផែន​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដោយ​គណបក្ស​នេះ​មាន​ទំនាក់ទំនង​សម្ងាត់​ជាមួយ​ក្រុម​ជ្រុល​និយម​តៃវ៉ាន់ ដែល​ទំនាក់ទំនង​នេះ ត​ភ្ជាប់​ដោយ​កូនស្រី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា។

ទាក់ទង​ការ​ស៊ើបអង្កេត​របស់​អគ្គ​ស្នងការ​នគរបាល​ជិត​នៅ​ពេល​នេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់​ថា ក្រៅ​ពី​របាយការណ៍​ប្រចាំ​ឆ្នាំ​ដែល​គណបក្ស​តែង​ផ្ដល់​ឲ្យ​ទៅ​ក្រសួង​មហាផ្ទៃ​នោះ នៅ​ពេល​នេះ​គណបក្ស​មិន​ទាន់​ឃើញ​ក្រុម​សមត្ថកិច្ច​មក​ទាមទារ​ឯកសារ​អ្វី​នៅ​ឡើយ​ទេ។ យ៉ាង​ណា​ក៏​ដោយ​ចុះ លោក​ថា គណបក្ស​នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ការ​ផ្ដល់​ព័ត៌មាន និង​ឯកសារ៖ «បាទ! ក្នុង​ករណី​ចាំបាច់​ត្រូវ​ការ​ឯកសារ​អី គឺ​គណបក្ស​ឲ្យ​អត់​មាន​បញ្ហា​ទេ»

​នៅ​រយៈពេល​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​លើក​ហេតុផល​ផ្សេងៗ​ដោយ​ប្រើ​កណ្ដាប់​ដៃ​ដែក​របស់​ខ្លួន​បិទ​វិទ្យាស្ថាន​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NDI) និង​ការ​បិទ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​ទទួល​ផ្សាយ​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ព្រមទាំង​ព្រមាន​បិទ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily)។
​ចំណាត់​ការ​ទាំង​នេះ ធ្វើ​ឲ្យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស បង្ហាញ​ការ​ព្រួយ​បារម្ភ និង​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ធានា​ឲ្យ​បាន​ពេញលេញ​នូវ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ព្រមទាំង​សេរីភាព​សារព័ត៌មាន​នៅ​មុន​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles