Quantcast
Viewing all articles
Browse latest Browse all 11174

កម្ពុជា-​ឡាវ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​សេសសល់​ក្រោយ​ឡាវ​ដក​ទាហាន​ចេញ​ដី​ខ្មែរ

Image may be NSFW.
Clik here to view.

រដ្ឋាភិបាល​កម្ពុជា និង​ឡាវ កំពុង​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដើម្បី​ឈាន​ទៅ​ដល់​ការ​បោះ​បង្គោល​ព្រំដែន​សេសសល់​ឲ្យ​រួច​រាល់​ក្រោយ​ពី​ប្រទេស​ឡាវ បាន​ដក​ទាហាន​ចេញ​ពី​ដី​ខ្មែរ។ ទោះ​ជា​យ៉ាង​ណា ការ​ពិភាក្សា​ស្វែង​រក​ដំណោះស្រាយ​ព្រំដែន​រវាង​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​នេះ ក៏​ស្រប​ពេល​មាន​សេចក្ដី​រាយការណ៍​ថា ប្រទេស​ទាំង​២ កំពុង​បង្កើន​កម្លាំង​ទ័ព​រៀងៗ​ខ្លួន​នៅ​តាម​ព្រំដែន។

ក្នុង​រយៈពេល​តែ ៣​សប្តាហ៍​ប៉ុណ្ណោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ឡាវ លោក  ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) ជួប​ពិភាក្សា​ទល់​មុខ​គ្នា​ដល់​ទៅ ២​ដង​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ត្រង់​ចំណុច​សេសសល់​រហូត​ធ្វើ​ឲ្យ​ខាង​ភាគី​កម្ពុជា សំញែង​កម្លាំង​យោធា​មួយ​ប្រាវ​កាល​ពី​ពេល​ថ្មីៗ​នេះ។

នៅ​ក្នុង​ជំនួប​នៅ​លើ​ទឹកដី​ខ្មែរ​ពេល​នេះ ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​ប្តេជ្ញា​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ទាំង​អស់ ដោយ​ក្នុង​នោះ​បាន​ឯកភាព​​គ្នា​នូវ​ចំណុច​មួយ​ចំនួន រួម​មាន បង្កើត​ឲ្យ​មាន​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​ទាំង​ពីរ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​ខាង​មុខ ដើម្បី​ពិភាក្សា​ស្វះស្វែង​រក​ការ​ស្រុះស្រួល និង​យោគយល់​គ្នា ឯកភាព​គ្នា​ឲ្យ​មន្ត្រី​ព្រំដែន​ប្រទេស​ទាំង​២ ចុះ​ទៅ​ដោះស្រាយ​នៅ​នឹង​កន្លែង​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា ព្រម​ទាំង​យល់​ស្រប​គ្នា​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​បារាំង ដើម្បី​ស្នើ​សុំ​ប្រទេស​អតីត​អាណានិគម​មួយ​នេះ ជួយ​ផ្ទេរ​ផែន​ដែល​បន្សល់​ទុក​ពី​ខ្នាត ១ លើ ១០០​ពាន់ ទៅ​ជា​ខ្នាត ១ លើ ៥០​ពាន់​វិញ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជំនួប​ពិភាក្សា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា ការ​ជួប​ជជែក​ដោះស្រាយ​ពេល​នេះ មិន​មែន​ជា​ការ​ដោះស្រាយ​ដោយ​ចំណុច​នោះ​ទេ តែ​វា​ការ​ដោះស្រាយ​ជា​កញ្ចប់​តែម្ដង។ លោក​ថា ដើម្បី​សម្រេច​ការ​បោះ​បង្គោល​ព្រំដែន​សេសសល់ ប្រទេស​ទាំង​ពីរ​ចាំបាច់​ត្រូវ​ការ​ប្រទេស​បារាំង ដើម្បី​ផ្ទេរ​ផែនទី​ជា​មុន​សិន។ លោក​ថា ប្រទេស​បារាំង ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ​ជួយ​កម្ពុជា និង​ឡាវ ក្នុង​បញ្ហា​នេះ៖ «មូលដ្ឋាន​ដែល​បារាំង ផ្ដល់​អោយ​គឺ​ផែនទី​ខ្នាត ១ លើ ១០០​ពាន់ ប៉ុន្តែ​ការ​ធ្វើ​ព្រំដែន​មិន​អាច​ប្រើប្រាស់​ខ្នាត ១ លើ ១០០​ពាន់​បាន​ទេ ត្រូវ​ប្រើ​ខ្នាត ១ លើ ៥០​ពាន់ អ៊ីចឹង​សង្ឃឹម​ថា នៅ​ពេល​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ រដ្ឋមន្ត្រី​ការបរទេស​ទាំង​ពីរ​នឹង​ពិនិត្យ ពិភាក្សា​លើ​លិខិត​នេះ​ផង​ដែរ»

ជំនួប​ពិភាក្សា​រវាង​លោក ហ៊ុន សែន និង​លោក ថងលួង ស៊ីស៊ូលីត នៅ​លើ​ទឹក​ដី​កម្ពុជា នៅ​ពេល​នេះ ធ្វើ​ឡើង​ហាក់​ក្នុង​សភាព​ស្ងប់ស្ងាត់​ជាង​ពេល​ដែល​លោក ហ៊ុន សែន ទៅ​ចរចា​នៅ​ប្រទេស​ឡាវ កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ដោយ​មួយ​ថ្ងៃ​មុន​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ឡាវ​នោះ លោក​បាន​ដាក់​ឱសានវាទ​ឲ្យ​ឡាវ ដកទ័ព​ចេញ​ពី​ដី​ខ្មែរ​ឲ្យ​អស់​ក្នុង​រយៈពេល ១​សប្ដាហ៍​នៅ​តំបន់​អូរ​តាង៉ាវ និង​អូរអាឡៃ ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង។ ក្នុង​ពេល​ជាមួយ​គ្នា កម្ពុជា​ក៏​បាន​បញ្ជូន​កងទ័ព​ទៅ​កាន់​តំបន់​ព្រំដែន​ដែល​ទាហាន​ឡាវ កំពុង​ឈរ​ជើង​នោះ​ដែរ។

​មួយ​ថ្ងៃ​មុន​ជំនួប​ពិភាក្សា​រវាង​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​នេះ មាន​សេចក្ដី​រាយការណ៍​ពី​ព្រំដែន​មក​ថា ឡាវ បាន​បញ្ជូន​ទ័ព​មក​ដាក់​នៅ​ក្បែរ​តំបន់​ព្រំដែន ប៉ុន្តែ​មន្ត្រី​យោធា​កម្ពុជា នៅ​តាម​ព្រំដែន អះអាង​ថា មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​កម្ពុជា នោះ​ឡើយ។

ទោះជា​យ៉ាង​ណា ទាំង​លោក ហ៊ុន សែន ទាំង​លោក ថងលួង ស៊ីស៊ូលីត សុទ្ធតែ​សម្ដែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​នេះ ហើយ​ថា ការ​ដោះស្រាយ​ព្រំដែន​នេះ ឈរ​លើ​មូលដ្ឋាន​មិត្តភាព ស្មើភាព ដោយ​មិន​ឲ្យ​ខាង​ណា​ខាត ខាង​ណា​ចំណេញ​នោះ​ទេ។

​ប្រទេស​កម្ពុជា មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ឡាវ ប្រវែង ៥៤០​គីឡូម៉ែត្រ ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន ១៤៥​បង្គោល។ បច្ចុប្បន្ន​ប្រទេស​ទាំង​ពីរ​បោះ​បង្គោល​បាន​ចំនួន ១២១​បង្គោល​រួច​ហើយ៕ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles