
ខណៈដែលរដ្ឋាភិបាលកម្ពុជា ហាក់មិនបង្អង់ដៃចាត់វិធានការផ្លូវច្បាប់លើអង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយរិះគន់រដ្ឋាភិបាល សមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្សបន្តទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ការបង្ក្រាបលើសំឡេងរិះគន់ទាំងអស់នេះ។ ស្ថាប័ននេះរិះគន់ចំណាត់ការរបស់រដ្ឋាភិបាលថា កំពុងធ្វើឲ្យប្រជាធិបតេយ្យកម្ពុជា ដើរថយក្រោយ។
នេះជាលើកទី២ហើយដែលសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស ចេញមុខរិះគន់ចំណាត់ការរបស់រដ្ឋាភិបាល តាំងពីពេលរដ្ឋាភិបាលបានបញ្ជាឲ្យបិទទ្វារវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) កាលពីថ្ងៃទី២៣ ខែសីហា មក។
ក្នុងសេចក្ដីថ្លែងការណ៍ផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែសីហា សមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស លើកឡើងថា សមាជិកសភាមកពីគ្រប់ប្រទេសសមាជិកអាស៊ានទាំងអស់ កំពុងព្រួយបារម្ភយ៉ាងខ្លាំងពីស្ថានភាពសិទ្ធិមនុស្សកាន់តែដុនដាបនៅកម្ពុជា។
ប្រធានសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស និងជាសមាជិកសភាម៉ាឡេស៊ី (Malaysia) លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ដោយចាត់ទុកការបង្ក្រាបរបស់រដ្ឋាភិបាលលើសំឡេងរិះគន់ ថាកំពុងធ្វើឲ្យប៉ះពាល់ដល់ជោគវាសនាប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសនៅពេលការបោះឆ្នោតជាតិជិតចូលមកដល់។
លោក ឆាលស៍ សានទីអេហ្គោ ថ្លែងបន្តថា ជាច្រើនឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានប្រើយុទ្ធសាស្ត្របំភ័យដែលជាមធ្យោបាយដើម្បីការពារអំណាច ប៉ុន្តែលោកថា ចំណាត់ការរដ្ឋាភិបាលមួយរយៈពេលចុងក្រោយនេះ គឺជាការវាយប្រហារផ្លូវច្បាប់លើសំឡេងរិះគន់ដែលមិនធ្លាប់កើតមានឡើយតាំងពីកម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ មក។
ដោយសារតែការបិទទ្វារវិទ្យាស្ថានជាតិប្រជាធិបតេយ្យ រដ្ឋាភិបាលបានសំអាងលើច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល លោក ឆាលស៍ សានទីអេហ្គោ រម្លឹកថា ចាប់តាំងពីច្បាប់នេះឋិតក្នុងដំណាក់កាលធ្វើសេចក្ដីព្រាងម្ល៉េះ សង្គមស៊ីវិលបាននិយាយហើយថា ច្បាប់នេះធ្វើឡើងដើម្បីបិទទ្វារអង្គការទាំងឡាយណាដែលរិះគន់រដ្ឋាភិបាល។ លោកថា ការបិទទ្វារ NDI នៅពេលនេះ វាបង្ហាញកាន់តែច្បាស់ថា ការបារម្ភរបស់សង្គមស៊ីវិលគឺត្រឹមត្រូវ។
រីឯសមាជិកនៃសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស និងជាសមាជិកសភារបស់ប្រទេសហ្វីលីពីន (Philippines) គឺលោក ថម វីឡារីន (Tom Villarin)។ លោកយល់ថា ពលរដ្ឋកម្ពុជា កំពុងបាត់បង់ព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលជាផ្នែកសំខាន់មួយនៅក្នុងសង្គមប្រជាធិបតេយ្យ។ លោកក៏រិះគន់ចំពោះចំណាត់ការពន្ធដារភ្លាមៗរបស់រដ្ឋាភិបាលចំពោះប្រព័ន្ធផ្សព្វផ្សាយ ដែលលោកថា ធ្វើតាមតែអំពើចិត្តដោយមិនបានទុកឱកាសឲ្យម្ចាស់ខ្លួនបកស្រាយ តវ៉ាឡើយ ដូចជាករណីកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) អ៊ីចឹង។ ផ្ទុយទៅវិញ លោកកត់សម្គាល់ថា រដ្ឋាភិបាលមិនបានចាត់វិធានការចំពោះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនដែលផ្សាយព័ត៌មានចោទប្រកាន់បក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួនថា បានរៀបចំគម្រោងផ្ដួលរំលំរដ្ឋាភិបាលនោះឡើយ បើទោះជាការផ្សព្វផ្សាយនោះមិនមានប្រភពច្បាស់លាស់ក្ដី។
ក្រៅពីបណ្ដេញ NDI ចេញពីប្រទេស រដ្ឋាភិបាលក៏បិទមិនឲ្យមានបន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោត គំរាមបិទកាសែត ឌឹ ខេមបូឌា ដេលី ខណៈស្ថានីយវិទ្យុមួយចំនួនដែលផ្សាយបន្តកម្មវិធីវិទ្យុរបស់គណបក្សសង្គ្រោះជាតិ អាស៊ីសេរី (RFA) សំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ត្រូវបានក្រសួងព័ត៌មានបិទទ្វារមិនឲ្យធ្វើអាជីវកម្ម ដោយចោទប្រកាន់ថា មិនបានគោរពប្រកាស និងកិច្ចសន្យាជាមួយក្រសួង។
ម្ចាស់ស្ថានីយវិទ្យុកំពង់ចាម លោក ថាន សុរិទ្ធិ ដែលត្រូវបានក្រសួងព័ត៌មាន បញ្ជាឲ្យបញ្ឈប់អាជីវកម្មទាំងស្រុងឲ្យអាស៊ីសេរី ដឹងនៅថ្ងៃទី៣១ សីហា ថា រហូតមកទល់ពេលនេះ ក្រសួងមិនទាន់ឆ្លើយតបចំពោះលិខិតស្នើសុំរួមរបស់ពួកលោកដើម្បីបើកអាជីវកម្មឡើងវិញ ដែលបានដាក់ជូនក្រសួងកាលពីថ្ងៃទី២៨ សីហា នៅឡើយទេ។ លោកថា ក្រសួងគួរឆ្លើយតបឲ្យបានឆាប់ចំពោះការស្នើសុំនេះ ព្រោះការឆ្លើយតបយឺតយ៉ាវរបស់ក្រសួង គឺជាការបិទដង្ហើមសេដ្ឋកិច្ច និងបំបែកឆ្នាំងបាយរបស់ពួកលោក៖ «ក្រសួងគួរពិចារណាឲ្យបានច្បាស់ថា តើការធ្វើរបស់ក្រសួងនេះត្រឹមត្រូវអត់? ការបិទស្ថានីយនីមួយៗគួរណាស់ជូនដំណឹងម្ដង ឬ២ដងសិនទៅ ហើយស្ថានីយគោរពតាម ឬអត់? ហ្នឹងចាំចាត់វិធានការ តែនេះចាត់វិធានការតែម្ដង មានន័យថា អត់ផ្ដល់ឱកាសឲ្យគ្នាបានដឹងឮ ព័ត៌មានពីក្រសួងថា ត្រូវតែបិទទេ គឺអត់ដឹងសោះតែម្ដង»។
ឆ្លើយតបចំពោះកង្វល់នេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង មានប្រសាសន៍ថា ផ្នែកសោតទស្សន៍កំពុងរៀបចំឯកសារឆ្លើយតបចំពោះម្ចាស់ស្ថានីយទាំងអស់នេះហើយ។ ប៉ុន្តែការសម្រេចយ៉ាងណានោះ លោកនៅមិនទាន់ដឹងនៅឡើយ៖ «មកដល់ថ្ងៃនេះ យើងអត់ទាន់ធ្វើហើយទេ ព្រោះអីនៅកំពុងតែរៀបចំ ត្រង់ថា សម្រេចរបៀបម៉េច ខ្ញុំអត់ទាន់ដឹងនៅឡើយទេ ប៉ុន្តែយើងបានទទួលលិខិតពួកគាត់ហើយ»។
ក្រៅពីបិទអង្គការក្រៅរដ្ឋាភិបាល និងគំរាមបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បក្សកាន់អំណាចក៏បានកែប្រែច្បាប់គណបក្សនយោបាយជាបន្តបន្ទាប់ដើម្បីធ្វើទុក្ខបុកម្នេញបក្សប្រឆាំង ប្រើពាក្យសម្ដីគំរាមកំហែង វាយបំបែកធ្មេញ សំពងក្បាល និងកម្ទេចអ្នកតវ៉ាលទ្ធផលឆ្នោតជាដើម។
សមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស ស្នើឲ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទាំងអស់ ថ្កោលទោសចំពោះអ្វីដែលកំពុងកើតឡើងនៅកម្ពុជា និងត្រូវជំរុញឲ្យកម្ពុជា គោរពសិទ្ធិសេរីភាពនានា ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ៕