Clik here to view.

ក្រសួងមហាផ្ទៃ ជូនដំណឹងទៅគណបក្សហ្វ៊ុនស៊ិនប៉ិច ឱ្យផ្លាស់ប្ដូរសញ្ញាសម្គាល់គណបក្ស។ លិខិតរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះកាលពីថ្ងៃពុធ ទី២៩ ខែសីហា ស្នើគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវធ្វើការផ្លាស់ប្ដូរនូវសញ្ញាសម្គាល់បក្សក្នុងរយៈពេល ៩០ថ្ងៃ ឱ្យស្របទៅតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ។
លិខិតនេះក៏បានបញ្ជាក់ដែរថា គណបក្សនយោបាយទាំងអស់ដែលប្រើប្រាស់ឈ្មោះ និងសញ្ញាសម្គាល់ជាសញ្ញាជាតិ រូបភាពតំណាងឱ្យសាសនា ប្រាសាទអង្គរវត្ត ព្រះឆាយាល័ក្ខណ៍ រូបសំណាករបស់ព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ឬរូបភាពរបស់រូបវន្តបុគ្គល ត្រូវបំពេញបែបបទផ្លាស់ប្ដូរនៅក្នុងអំឡុងពេល ៩០ថ្ងៃ បើមិនដូច្នោះទេ គណបក្សទាំងនោះត្រូវប្រឈមចំពោះមុខច្បាប់។
ជាមួយគ្នានេះដែរ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែសីហា កន្លងទៅនេះ បានប្ដឹងរំលាយគណបក្សនយោបាយមិនសូវឮឈ្មោះចំនួន ៩ ទៅតុលាការកំពូល ដោយលើកមូលហេតុថា បានប្រព្រឹត្តល្មើសច្បាប់គណបក្សនយោបាយ។ បទល្មើសទាំងនោះរួមមាន មិនបានផ្ញើរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនមកក្រសួងមហាផ្ទៃ ហើយគណបក្សខ្លះកំពុងជាប់បណ្ដឹងនៅសាលាដំបូងរាជធានីភ្នំពេញ៕