Quantcast
Viewing all articles
Browse latest Browse all 11174

មន្ត្រី​ពន្ធនាគារ​ខេត្ត​បាត់ដំបង​ឲ្យ​មន្ត្រី​អាដហុក​និង​អ.ស.ប​ធ្វើ​កិច្ចសន្យា​រឿង​ថត​រូប​មុខ​ពន្ធនាគារ

Image may be NSFW.
Clik here to view.

មន្ត្រី​ពន្ធនាគារ​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ សីហា បង្ខំ​ឲ្យ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ម្នាក់ និង​មន្ត្រី​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ (..) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​បាត់ដំបង ម្នាក់ ផ្ដិត​ស្នាម​មេដៃ​ធ្វើ​កិច្ចសន្យា​រឿង​ថត​រូប​នៅ​មុខ​ពន្ធនាគារ។ ពួក​គាត់​ក៏​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ បង្ខំ​ឲ្យ​លុប​រូបភាព​ចេញ​ពី​ទូរស័ព្ទ​ដៃ​ផង​ដែរ។

ក្នុង​បេសកកម្ម​ចុះ​ស៊ើប​អង្កេត​ករណី​មាន​អ្នក​ទោស​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បាត់ដំបង ដែល​បាន​កើត​ឡើង​កាល​ពី​ខែ​មិថុនា កន្លង​ទៅ មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​ពីរ​ស្ថាប័ន ក្រោយ​ពេល​ចប់​ការងារ​របស់​ខ្លួន ពួក​គេ​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ឃាត់​ខ្លួន​ភ្លាមៗ​នៅ​ពេល​កំពុង​ថត​រូប​នៅ​ខាង​មុខ​ពន្ធនាគារ។ ក្នុង​ពេល​នោះ មន្ត្រី​ពន្ធនាគារ​បាន​យក​ទូរស័ព្ទ​មន្ត្រី​សិទ្ធិ​មនុស្ស​ទៅ​លុប​រូបភាព​ចេញ​អស់ រួច​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ពន្ធនាគារ។ មន្ត្រី​ពន្ធនាគារ​ក៏​បាន​ទាមទារ​ដក​ហូត​ទូរស័ព្ទ​ដៃ​ពី​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ដែល​ទៅ​ថត​រូប​នៅ​មុខ​ពន្ធនាគារ ដើម្បី​លុប​រូបភាព​ចោល​ផង​ដែរ។

ថ្លែង​ប្រាប់​អាស៊ីសេរី​ក្រោយ​ចេញ​ពី​ពន្ធនាគារ​វិញ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ពីរ​រូប​អះអាង​ថា ពួក​គាត់​ថត​រូប​នៅ​ខាង​ក្រៅ​ពន្ធនាគារ ដើម្បី​បង្ហាញ​ពី​សកម្មភាព​ការងារ​ប៉ុណ្ណោះ ដោយ​ពុំ​មាន​ចេតនា​ធ្វើ​អ្វី​ផ្សេង​ឡើយ។

មន្ត្រី​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​បាត់ដំបង អ្នកស្រី ប្រាក់ សុភិមា មាន​ប្រសាសន៍​ថា ក្រោយ​ពី​អ្នកស្រី​ថត​រូប​នៅ​ខាង​មុខ​ពន្ធនាគារ​ជាមួយ​សាច់ញាតិ​អ្នក​ទោស​ម្នាក់​ដែល​ស្លាប់​ក្នុង​ពន្ធនាគារ​មួយ​នេះ​ភ្លាម ស្រាប់​តែ​អនុរក្ស​ពន្ធនាគារ​បាន​យក​ទូរស័ព្ទ​របស់​អ្នកស្រី​លុប​រូបភាព​ចេញ​ទាំងអស់ ព្រម​ទាំង​ហៅ​អ្នកស្រី និង​ស្ត្រី​បុគ្គលិក​អង្គការ​សហប្រជាជាតិ​ម្នាក់ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ផ្ដិត​ស្នាម​មេដៃ​លើ​កំណត់​ហេតុ​ប្រចាំ​ថ្ងៃ​នៅ​ខាង​ក្នុង​ពន្ធនាគារ៖ «យើង​អត់​ដឹង​ថា​ខាង​ក្រៅ​ពន្ធនាគារ​គេ​មិន​ឲ្យ​ថត​រូប​ទេ អ្វី​ដែល​យើង​នៅ​ខាង​ក្នុង គេ​មិន​ឲ្យ​ថត។ យើង​គ្រាន់​តែ​សុំ​សម្រួល​គាត់​សុំ​យក​ទូរស័ព្ទ​មក​វិញ បាន​គេ​ធ្វើ​កំណត់​ហេតុ​ឲ្យ​លុប​រូបភាព​ចេញ​ពី​ទូរស័ព្ទ​ដៃ​របស់​ខ្ញុំ»

បន្ទាប់​ពី​ពួក​គាត់​យល់ព្រម​ផ្ដិត​ស្នាម​មេដៃ ប្រមាណ​កន្លះ​ម៉ោង​ក្រោយ​មក អ្នក​ទាំង​ពីរ​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ឆ្លើយតប​នឹង​បញ្ហា​នេះ ប្រធាន​ពន្ធនាគារ​ខេត្ត​បាត់ដំបង លោក សំអុល ធារិទ្ធ ពុំ​បាន​ឆ្លើយតប​អ្វី​ជុំវិញ​បញ្ហា​នេះ​ទេ ដោយ​លោក​ប្រាប់​ថា​មិន​ស្គាល់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ដូច្នេះ​លោក​មិន​អាច​បកស្រាយ​បាន​ឡើយ៖ «ប្រទេស​គេ​មាន​ច្បាប់​ទម្លាប់​តើ! អូន​ឯង​មក​មាន​លិខិត​ស្នាម​មក អូន​ឯង​កុំ​ចេះ​តែ​ថា​មួយ​អាស៊ីសេរី ពីរ​អាស៊ីសេរី មិន​ដឹង​អាណា​អាស៊ីសេរី? អាស៊ីសេរី​ហ្នឹង​ស្អី​គេ? អ្នក​ណា​តែងតាំង​អាស៊ីសេរី​ហ្នឹង? បើ​គ្មាន​អ្នក​តែងតាំង អូន​មក​និយាយ​មក ព្រោះ​កន្លែង​នេះ​ជា​កន្លែង​ការងារ​រដ្ឋ បើ​ការងារ​រដ្ឋ យើង​ត្រូវ​ទៅ​តាម​ការងារ​រដ្ឋ ព្រោះ​ស្រុក​ខ្មែរ​មាន​ច្បាប់»

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា ការ​ថត​រូប​នៅ​ទី​សាធារណៈ​ពុំ​ខុស​ច្បាប់​ឡើយ។ លោក​ហៅ​ការ​លុប​រូបភាព​ពី​ទូរស័ព្ទ​ដៃ​របស់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ពីរ​រូប​ដោយ​មន្ត្រី​ពន្ធនាគារ​នេះ ថា​ជា​ការ​ភ័យ​ខ្លាច​ហួស​ហេតុ៖ «ខ្ញុំ​ចេះ​តែ​សង្ស័យ ចេះ​តែ​នឹក​ឆ្ងល់​ដែរ​ថា ទី​សាធារណៈ​នៅ​ខាង​ក្រៅ​ដែល​យើង​ថត​មិន​បាន ដែល​យើង​ហាម​គេ​នោះ វា​កាន់​តែ​មាន​មន្ទិល​សង្ស័យ​ទៅ​វិញ​ទេ ថា​ខាង​ក្នុង​កន្លែង​នោះ​មាន​លាក់​បាំង​បញ្ហា​អី​មួយ​ហើយ ឬ​យ៉ាង​ម៉េច? បាន​ដល់​ថ្នាក់​រឹត​បន្តឹង​ហួស​ហេតុ​ពេក​នោះ»

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​មន្ត្រី​អង្គការ​សហប្រជាជាតិ ខេត្ត​បាត់ដំបង ទៅ​ពន្ធនាគារ ដើម្បី​សាកសួរ​មន្ត្រី​ពន្ធនាគារ​មួយ​នេះ​យក​ឯកសារ​កោសល្យវិច័យ​ករណី​អ្នក​ទោស​ម្នាក់​ឈ្មោះ ព្រំ ប៊ុនធឿន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​នេះ​កាល​ពី​ថ្ងៃ​ទី​១៩ មិថុនា កន្លង​ទៅ។ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​បើក​ការ​ស៊ើប​អង្កេត​លើ​ការ​ស្លាប់​នេះ បន្ទាប់​ពី​មាន​បណ្ដឹង​របស់​សាច់ញាតិ​អ្នក​ទោស​ដែល​សង្ស័យ​ថា ការ​ស្លាប់​នេះ​គឺ​ជា​ការ​ធ្វើ​ទារុណកម្ម​លើ​អ្នក​ទោស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles