Clik here to view.

អាជ្ញាធរខេត្តពោធិ៍សាត់ សង្ឃឹមថា ទេសចរជាតិរាប់ពាន់នាក់នឹងសម្រុកទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ។ កំណើនទេសចរនេះ អាចបង្កឲ្យមានការកកស្ទះចរាចរណ៍ និងបញ្ហាសំរាម។ សហគមន៍ទេសចរណ៍ និងអាជ្ញាធរមានសមត្ថកិច្ចខេត្តពោធិ៍សាត់ កំពុងរិះរកវិធានការបន្ថែមដើម្បីដោះស្រាយបញ្ហាសំរាម ការកកស្ទះចរាចរណ៍ និងសុវត្ថិភាពជូនភ្ញៀវទេសចរណ៍។
ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ថាបើគ្មានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ដែលត្រូវជាថ្ងៃបុណ្យភ្ជុំធំ នឹងមានភ្ញៀវកើនឡើងជាងបុណ្យភ្ជុំឆ្នាំ២០១៦ ដែលមានជិត ៦ម៉ឺននាក់ (៥៦.៩៨៤)។ កត្តាដែលភ្ញៀវអាចទៅកម្សាន្តកាន់តែច្រើនឡើងៗ គឺដោយសារមានផ្លូវស្រួល និងទឹកថ្លាត្រជាក់ល្អ។
ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ លោក សំ ឃីម មានប្រសាសន៍ថា នៅកន្លែងលេងទឹកទាំង ៨ដំណាក់ សុទ្ធតែមានសន្តិសុខម្នាក់ៗនៅយាមកាម និងរង់ចាំសង្គ្រោះភ្ញៀវទេសចរពេលជួបគ្រោះអាសន្ន។ ក្រៅពីនេះក៏មានសន្តិសុខឈរជើងនៅខ្សែទឹកខាងលើ ដើម្បីពិនិត្យស្ថានភាពទឹក និងវាយជួងប្រកាស អាសន្នក្នុងករណីមានជំនន់ទឹកភ្លៀងអាចបង្កគ្រោះថ្នាក់ដល់អ្នកលេងទឹកនៅប៉ែកខាងក្រោម៖ «ភ្លៀងនៅក្បាលទឹកលើណោះ ដល់អ៊ីចឹងយើងអត់ចាប់អារម្មណ៍ទេ ដល់អ៊ីចឹងទឹកមកទាំងផ្ទាំងហ្មង អាហ្នឹងគ្រោះថ្នាក់បំផុត តែបើភ្លៀងសង្គ្រុបកន្លែងយើងលេងអត់អីទេ ខ្ញុំជួបប៉ុន្មានដងហើយ។ យើងបានត្រៀម ហើយយើងក៏បានធ្វើលិខិតទៅណែនាំតាមសេវាកម្ម និងប្រាប់ទៅខាងប៉ូលិសទេសចរណ៍ឲ្យគាត់ការពារសន្តិសុខដល់ប្រជាពលរដ្ឋទៅកម្សាន្តក្នុងរយៈពេលបីថ្ងៃ»។
លោកថា បញ្ហាសំរាម និងការចតយានជំនិះមិនត្រឹមត្រូវនៅតំបន់ទេសចរណ៍ទឹកធ្លាក់ច្រកល្អៀងនៅតែជាបញ្ហា ព្រោះអ្នកទៅកម្សាន្តមួយចំនួនមិនបានអនុវត្តតាមការណែនាំរបស់សន្តិសុខប្រចាំការនៅទីនោះ។ លោកអំពាវនាវដល់ភ្ញៀវគ្រប់រូប ត្រូវរក្សាសណ្ដាប់ធ្នាប់ អនាម័យ និងកុំចូលលេងនៅតាមតំបន់ហាមឃាត់ដែលមានគ្រោះថ្នាក់ ខណៈសហគមន៍ និងមន្ត្រីជំនាញគិតគូរពីសុវត្ថិភាពរបស់ភ្ញៀវ។
ប្រធានសហគមន៍តំបន់ទេសចរណ៍ទឹកធ្លាក់ច្រកល្អៀង លោក ណន ណេន ថាគណៈកម្មការសហគមន៍លោកក៏ប្រឹងប្រែងរក្សានិរន្តរភាពព្រៃឈើ អនាម័យ និងសម្រួលចរាចរណ៍មិនឲ្យកកស្ទះ។ លោកថា បច្ចុប្បន្ននៅថ្ងៃធម្មតាមានភ្ញៀវចន្លោះពី ២ ទៅ ៥ឡានតូចប៉ុណ្ណោះដែលមកកម្សាន្ត ព្រោះមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ។ ប៉ុន្តែក្រុមការងារសហគមន៍នៅតែប្រចាំការទទួលអ្នកកម្សាន្តជានិច្ច៖ «រាល់ថ្ងៃកំពុងភ្លៀងហើយច្រោះអស់ហើយ! វិធានការបម្រុងនៅមុនភ្ជុំបិណ្ឌយើងហ្នឹង បើរាំងបន្តិចយើងអាចនឹងរកគ្រឿងចក្រទៅឈូសឆាយបេនឡាន ឬម៉ូតូឡើងវិញ។ បើសិនថវិកាដែលយើងរកបានពីភាស៊ីម៉ូតូ ឬឡាន បើភ្ញៀវមកកើនច្រើនក៏យើងនឹងអាចដំឡើងបានទៅបើថាតិចដែរ ព្រោះអីបើយើងចំណាយថវិកាឲ្យគណៈកម្មការយើងច្រើនទៅប្រើប្រាស់ច្រើនពេក វាខ្វះលុយអភិវឌ្ឍ»។
លោករំលឹកថា កាលពីពេលថ្មីៗនេះ មានបុរសម្នាក់រអិលជើងធ្លាក់ជ្រោះស្លាប់ ប៉ុន្តែក្រោយមកខាងសន្តិសុខបានដាក់របាំងនៅតាមតំបន់ដែលអាចមានគ្រោះថ្នាក់ ជៀសវាងមានហេតុការណ៍អាក្រក់នេះទៀត។ នៅថ្ងៃអនាគត ក្រុមសន្តិសុខ ឬមគ្គុទ្ទេសក៍ទេសចរណ៍នឹងពង្រីកកន្លែងដាក់យានជំនិះ បង្គន់អនាម័យ ធុងដាក់សំរាម និងបង្កើនចំនួនអ្នកមើលការខុសត្រូវភ្ញៀវទេសចរទៅតាមស្ថានភាពជាក់ស្ដែង។
ទឹកធ្លាក់ច្រកល្អៀងមានប្រភពចេញពីភ្នំឱរ៉ាល់ ឋិតនៅឃុំឈើតុំ ស្រុកក្រគរ ចម្ងាយប្រមាណ ៧៣គីឡូម៉ែត្រ ឋិតនៅភាគអាគ្នេយ៍ក្រុងពោធិ៍សាត់ និងមានចម្ងាយ ៤៣គីឡូម៉ែត្រពីទីរួមស្រុកក្រគរ៕