
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ នៅខែត្រតាកែវ បានចោទប្រកាន់មេឃុំមកពីគណបក្សប្រជាជនកម្ពុជា ថាបានរើសអើងជំទប់ទី២ មកពីបក្សប្រឆាំង ខណៈដែលមេឃុំរបស់គណបក្សសង្គ្រោះជាតិ ចំនួន ១៨ឃុំ មិនបានរើសអើងជំទប់ទី២ របស់គណបក្សកាន់អំណាចនោះទេ។
ការចោទប្រកាន់នេះ ក្រោយពេលដែលប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ នៅខែត្រតាកែវ លោក ម៉ៅ សុផល មើលឃើញតួនាទីសំខាន់ៗក្នុងគណៈកម្មការនៃឃុំ-សង្កាត់ក្នុងខែត្រតាកែវ មិនត្រូវបានមេឃុំប្រគល់ឲ្យជំទប់ទី២ ឬក្រុមប្រឹក្សាមកពីគណបក្សប្រឆាំងនោះទេ។
លោក ម៉ៅ សុផល អះអាងថា មេឃុំនៃគណបក្សប្រឆាំងដែលឈ្នះឆ្នោតនៅខែត្រតាកែវ ទាំង ១៨ឃុំ-សង្កាត់ មិនមានការរើសអើងជំទប់ទី២ មកពីគណបក្សកាន់អំណាចឡើយ ថែមទាំងប្រគល់បន្ទប់មួយឲ្យជំទប់ទី២ ធ្វើការថែមទៀត។ ប៉ុន្តែមេឃុំ-ចៅសង្កាត់ទាំង៨២ នៅខែត្រតាកែវ មកពីគណបក្សកាន់អំណាចវិញ មិនបានប្រគល់បន្ទប់មួយឲ្យទៅជំទប់ទី២ មកពីគណបក្សប្រឆាំងធ្វើការឡើយ៖ «រើសអើងគឺបានន័យថា ទី១ តួនាទី។ តួនាទីនៅក្នុងគណៈកម្មការផ្សេងៗ ចឹងនៅក្នុងហ្នឹង (ក្រុមប្រឹក្សាឃុំ-សង្កាត់) ដូចជាគណៈកម្មការដោះស្រាយទំនាស់ គណៈកម្មការស្ត្រី និងកុមារ គណៈកម្មការផ្សេងៗ គេ (មេឃុំមកពីគណបក្សប្រជាជនកម្ពុជា) មិនឲ្យនៅក្នុងគណៈកម្មការហ្នឹង។ ចំណុចទី២ នៅក្នុងរដ្ឋបាលឃុំ-សង្កាត់ ជាពិសេសមេឃុំ (មកពីគណបក្សប្រជាជនកម្ពុជា) មិនឲ្យជំទប់ទី២ (មកពីគណបក្សសង្គ្រោះជាតិ) មានបន្ទប់ធ្វើការទេ»។
ខែត្រតាកែវ មានឃុំ-សង្កាត់ចំនួន ១០០ឃុំ-សង្កាត់។ លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ គណបក្សប្រជាជនកម្ពុជា បានឈ្នះតំណែងជាមេឃុំ-ចៅសង្កាត់ និងជំទប់ទី១ ឬចៅសង្កាត់រងទី១ ចំនួន ៨២ឃុំ-សង្កាត់។ ឯគណបក្សសង្គ្រោះជាតិ ឈ្នះបានតំណែងមេឃុំ-ចៅសង្កាត់ និងជំទប់ទី១ ឬចៅសង្កាត់រងទី១ ចំនួន ១៨ឃុំ-សង្កាត់។
ឆ្លើយតបនឹងការចោទប្រកាន់នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថាមិនមានអ្វីមួយអាចយកមកវាយតម្លៃបានថាជាការរើសអើង ឬមិនរើសអើងនោះទេ។ លោកស្នើឲ្យមេឃុំ ឬចៅសង្កាត់ធ្វើការដោយយកច្បាប់ជាបង្អែក។ លោក សុខ ឥសាន បញ្ជាក់ថា នៅពេលឈ្នះឆ្នោត មេឃុំ ឬចៅសង្កាត់មិនមែនជាមនុស្សបម្រើឲ្យគណបក្សទៀតនោះទេ គឺជាអ្នកបម្រើពលរដ្ឋនៅក្នុងមូលដ្ឋាន៖ «អ្នកណាដែលអនុវត្តមិនត្រឹមត្រូវតាមគោលការណ៍ច្បាប់ដែលបានកំណត់រួចហើយ អ្នកនោះត្រូវទទួលខុសត្រូវហើយ។ គ្រប់ក្រុមប្រឹក្សាឃុំ-សង្កាត់ដែលជាប់ឆ្នោតហើយ គេលែងគិតគោលការណ៍គណបក្សហើយ គេត្រូវគិតកិច្ចការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយផ្អែកទៅលើគោលការណ៍ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបុគ្គលណាដែលអនុវត្តមិនត្រឹមត្រូវតាមគោលការណ៍ច្បាប់ហ្នឹង បុគ្គលហ្នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។
អតីតមេឃុំមកពីគណបក្សប្រជាជនកម្ពុជា ដែលចាញ់ឆ្នោតនៅខែត្រតាកែវ បានប្រគល់បន្ទប់មេឃុំចាស់ឲ្យទៅមេឃុំថ្មី ដើម្បីចាត់ចែងទាំងអស់។ លោក ម៉ៅ សុផល អះអាងថា មេឃុំថ្មីរបស់គណបក្សប្រឆាំងបានប្រគល់បន្ទប់មួយឲ្យជំទប់ទី១ បន្ទប់មួយទៀតឲ្យទៅជំទប់ទី២ បន្ទប់មួយសម្រាប់ស្មៀនឃុំ និងទុកបន្ទប់មួយសម្រាប់មេឃុំ ឬប្រធានក្រុមប្រឹក្សាឃុំ។ លោកទាមទារបន្ទប់មួយនៅសាលាឃុំ ឬសង្កាត់ ដែលគណបក្សសង្គ្រោះជាតិ ចាញ់ឆ្នោត ដើម្បីឲ្យជំទប់ទី២ ធ្វើការ។
មន្ត្រីអង្កេតនៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស រកឃើញថា ករណីរើសអើងគ្នារវាងមេឃុំ និងជំទប់ ឬករណីក្រុមប្រឹក្សារើសអើងគ្នាកន្លងទៅ ពិតជាមានមែន គឺកាលពីក្រោយបោះឆ្នោតថ្មីៗ។ ប៉ុន្តែមកដល់ពេលនេះ មានឃុំខ្លះបានសម្របសម្រួលគ្នារួចអស់ហើយ។ លោក កន សាវាង្ស យល់ឃើញស្រដៀងលោក សុខ ឥសាន ដែរ ដោយស្នើឲ្យមេឃុំ ជំទប់ និងក្រុមប្រឹក្សាអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនតាមច្បាប់ស្ដីពីការគ្រប់គ្រងឃុំ-សង្កាត់បានចែង៖ «កាលណាយើងអត់ធ្វើតាម គោរពទៅតាមច្បាប់ហ្នឹង វាបែងចែកស្តង់ដារគ្នាមួយទៀតហើយ ហើយអាហ្នឹងវាចូលករណីមានការរើសអើងហើយ គួរតែគោរពទៅតាមហ្នឹងទៅ ជជែកគ្នាទៅ វា (ដំណោះស្រាយ) អាចទៅមុខហើយ។ ប៉ិនគ្រាន់ថា ពីមុនកើតមានមែន ខាងយើង (អង្គការខុមហ្វ្រែល) អង្កេតឃើញកើតមាន ហើយវាមានចំនួនច្រើន ជាពិសេសគណបក្សថ្មីដែលសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មីៗហ្នឹង ដែលគាត់ថ្មីៗហ្នឹងទើបជាប់ឆ្នោតថ្មី គឺបញ្ហាមានរឿងអស់ហ្នឹង ប៉ុន្តែក្រោយមកទៀត គេសម្របសម្រួលអស់ហើយ។ មកដល់ពេលនេះ ឃុំ-សង្កាត់ដែលនៅសល់បញ្ហាគួរតែបញ្ឈប់ទៅ»។
សង្គមស៊ីវិលយល់ថា បញ្ហានេះគ្រាន់តែចំណុចតូចប៉ុណ្ណោះ។ មេឃុំ ជំទប់ឃុំ និងក្រុមប្រឹក្សា គួរប្រជុំគ្នាដើម្បីបញ្ឈប់ការរើសអើង និងរួមគ្នាក្នុងការអភិវឌ្ឍឃុំ-សង្កាត់របស់ខ្លួន៕