Clik here to view.

ប្រជាពលរដ្ឋមួយចំនួននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចោទប្រកាន់សមត្ថកិច្ចប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ថាផ្ដល់សំបុត្រឆ្លងដែនជូនពួកគាត់យឺតយ៉ាវ ដែលធ្វើឲ្យពួកគាត់រាំងស្ទះដល់របរលក់ដូរប្រចាំថ្ងៃនៅផ្សាររ៉ុងក្លឿ ប្រទេសថៃ។
ពលរដ្ឋនៅក្រុងប៉ោយប៉ែត លើកឡើងថា បញ្ហាសមត្ថកិច្ចផ្ដល់សំបុត្រឆ្លងដែនយឺតយ៉ាវនេះ បង្កឲ្យមានការកកស្ទះចរាចរណ៍នៅគល់ស្ពានច្រកទ្វារព្រំដែនជាច្រើនម៉ោង។
ពលរដ្ឋមួយចំនួននៅក្រុងប៉ោយប៉ែត ឲ្យដឹងនៅថ្ងៃទី២៨ សីហា ថា សមត្ថកិច្ចផ្ដល់សំបុត្រឆ្លងដែនដែលទៅព្រឹកវិលល្ងាច ជូនពួកគាត់ចេញចូលទៅផ្សាររ៉ុងក្លឿ ប្រទេសថៃ យឺតយ៉ាវចាប់ពីថ្ងៃទី២៦ សីហា មក។ ពួកគាត់អះអាងថា បញ្ហានេះធ្វើឲ្យពលរដ្ឋរាប់ពាន់នាក់កកស្ទះនៅគល់ស្ពានព្រំដែនប៉ោយប៉ែត ជាច្រើនម៉ោង ធ្វើឲ្យមិនអាចឆ្លងទៅលក់ដូរនៅប្រទេសថៃ បានទាន់ពេលនោះទេ៖ «មនុស្សកកស្ទះរញ៉េវរញ៉ាវពេញផ្លូវ ហើយខ្ញុំទៅលក់មិនទាន់ម៉ូយ គេមកយកទំនិញពេលព្រឹក ធ្វើឲ្យខាតការងាររបស់ខ្ញុំ។ ខ្ញុំស្នើឲ្យអាជ្ញាធរច្រកព្រំដែន សម្រួលធ្វើយ៉ាងណាឲ្យផ្ដល់សំបុត្រដើម្បីបានចេញចូលទៅប្រទេសថៃ ងាយស្រួលជាងមុន»។
អាស៊ីសេរី ពុំអាចទាក់ទងប្រធានច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោក វិច អូន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៨ សីហា ដោយលោកពុំទទួលទូរស័ព្ទ។
ទោះជាយ៉ាងនេះក្ដី អ្នកឆ្លងដែនទៅប្រទេសថៃ អះអាងថា សមត្ថកិច្ចបានប្រាប់ពួកគាត់ថា ការផ្ដល់សំបុត្រឆ្លងដែនយឺតយ៉ាវនេះ ដោយសារបោះពុម្ពសំបុត្រមិនទាន់។
ចំណែកមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើងថា បញ្ហានេះដោយសារខ្វះការយកចិត្តទុកដាក់ពីសមត្ថកិច្ចច្រកព្រំដែន ដែលបង្កការលំបាកដល់ប្រជាពលរដ្ឋ ធ្វើឲ្យខាតបង់ដល់របរលក់ដូរប្រចាំថ្ងៃរបស់ពួកគាត់៖ «គាត់យកលេសថាបោះពុម្ពមិនទាន់ និងថាអ្នកចែកសំបុត្រមិននៅមិនមែនជាគោលការណ៍របស់រដ្ឋទេ។ មន្ត្រីទាំងនេះ រដ្ឋាភិបាលគួរតែដកចេញពីតំណែង ហើយយកអ្នកដែលសកម្មការងារមក មកបម្រើប្រជាពលរដ្ឋជំនួសវិញប្រសើរជាង»។
ពលរដ្ឋឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ សីហា សមត្ថកិច្ចច្រកព្រំដែនមួយនេះបានផ្ដល់សំបុត្រឆ្លងដែនជូនពួកគាត់លឿនជាងមុនបន្តិច ក៏ប៉ុន្តែចំពោះអ្នកដែលឆ្លងដែនចាប់ពីម៉ោងប្រមាណ ៨ព្រឹកដល់ម៉ោង ១០ព្រឹក នៅតែជួបការរាំងស្ទះ ដោយសារផ្ដល់សំបុត្រជូនពួកគាត់យឺតយ៉ាវដដែល។
នៅច្រកព្រំដែនមួយនេះមានពលរដ្ឋឆ្លងដែនទៅផ្សាររ៉ុងក្លឿ ប្រទេសថៃ ប្រមាណពី ៣ពាន់ទៅ ៦ពាន់នាក់ក្នុងមួយថ្ងៃ។ កាលពីដើមឆ្នាំ២០១៧ នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាជ្ញាធរក្រុងប៉ោយប៉ែត បានសហការជាមួយសមត្ថកិច្ចច្រកព្រំដែនមួយនេះ ផ្ដល់សំបុត្រឆ្លងដែនជូនពលរដ្ឋដោយមិនយកប្រាក់ ដែលកាលពីមុនអ្នកឆ្លងដែនទៅផ្សាររ៉ុងក្លឿ ត្រូវទិញសំបុត្រមួយចេញចូលបានម្ដងតម្លៃ ១ពាន់រៀល៕