Clik here to view.

មន្ត្រីក្រសួងព័ត៌មានប្រាប់ដល់ម្ចាស់ស្ថានីយវិទ្យុទាំងអស់ ដែលរងការបញ្ឈប់ធ្វើអាជីវកម្មដោយសារការចាក់ផ្សាយកម្មវិធីបន្តពីវិទ្យុអាស៊ីសេរី និងវីអេអូ (VOA) មកតវ៉ាជាមួយក្រសួងនេះ បើសិនពួកគេគិតថា ខ្លួនត្រឹមត្រូវតាមច្បាប់ និងមានហេតុផលសម្រាប់តវ៉ា។
រហូតមកដល់ពេលនេះ ស្ថានីយវិទ្យុអេហ្វអឹម (FM) ជិត១០ហើយ ត្រូវបានក្រសួងព័ត៌មានប្រកាសដកហូតអាជ្ញាប័ណ្ណទាំងស្រុង ខណៈវិទ្យុខ្លះទៀត ត្រូវបានហាមមិនឲ្យផ្សាយបន្តព័ត៌មានពីវិទ្យុអាស៊ីសេរី និងវីអេអូ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៤ សីហា ថា ម្ចាស់ស្ថានីយវិទ្យុណាដែលត្រូវក្រសួងដកហូតអាជ្ញាប័ណ្ណទាំងស្រុង ពួកគេអាចមកជួបតវ៉ាជាមួយក្រសួងបាន បើពួកគេមិនពេញចិត្តចំពោះចំណាត់ការរបស់ក្រសួងនៅពេលនេះ៖ «បើគាត់(ម្ចាស់វិទ្យុដែលត្រូវបានដកអាជ្ញាប័ណ្ណ) ត្រូវៗ មកជួបចេញមុខក្រសួងព័ត៌មាន យកឯកសារទាំងនិយាយជាមួយក្រសួងព័ត៌មាន»។
លោកបន្តថា ស្ថានីយវិទ្យុដែលរងការបិទទ្វារទាំងស្រុងនោះ បានរំលោភប្រកាសអនុញ្ញាត និងកិច្ចសន្យាធ្វើអាជីវកម្មដែលតម្កល់ទុកនៅក្រសួងព័ត៌មាន។
ប៉ុន្តែភាគច្រើននៃវិទ្យុទាំងនោះ សុទ្ធសឹងតែជាវិទ្យុដែលទទួលចាក់ផ្សាយបន្តពីវិទ្យុអាស៊ីសេរី វីអូអេ វិទ្យុសំឡេងដើម្បីប្រជាធិបតេយ្យ វីអូឌី (VOD) និងគោលនយោបាយរបស់គណបក្សប្រឆាំងជាដើម។
វិទ្យុដែលត្រូវបានបិទទ្វារ រួមមានវិទ្យុមហានគរ FM 93.5 វិទ្យុសំឡេងជាយដែន វិទ្យុសារិកា វិទ្យុអង្គររដ្ឋា ខេត្តសៀមរាម FM ៩៥.៥ វិទ្យុស្ទឹងសែន កំពង់ធំ FM ៨៨.៥ និងវិទ្យុកំពង់ចាម FM ៩៩.៧០។ ចំណែកវិទ្យុនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ចំនួន៣ គឺវិទ្យុស្ទឹងខៀវ FM ៩៨.៧៥ និងFM៨៨.៣០ និងវិទ្យុឃ្លាំងមឿង FM ៩០.២៥ ត្រូវបានក្រសួងហាមលែងឲ្យចាក់កម្មវិធីផ្សាយរបស់អាស៊ីសេរី និងវីអេអូបន្តទៀត។
ឆ្លើយតបនឹងបទបញ្ជារបស់ក្រសួងព័ត៌មាននៅពេលនេះ ម្ចាស់វិទ្យុអង្គររដ្ឋា ខេត្តសៀមរាម អ្នកស្រី ស៊ាន សុយ៉ានី អះអាងថា ការបិទស្ថានីយវិទ្យុរបស់អ្នកស្រី ដោយសារវិទ្យុនេះ ទទួលចាក់ផ្សាយបន្តកម្មវិធីរបស់អាស៊ីសេរី។ អ្នកស្រីថា គាត់នឹងឡើងតវ៉ាដល់ក្រសួង ព្រោះអ្នកស្រីមិនដែលរំលោភប្រកាសអនុញ្ញាត និងកិច្ចសន្យាធ្វើអាជីវកម្មដែលតម្កល់ទុកនៅក្រសួងព័ត៌មានទេ។ អ្នកស្រីអះអាងថា វិទ្យុអង្គររដ្ឋា ទទួលបានការអនុញ្ញាតត្រឹមត្រូវ ក្នុងការចាក់ផ្សាយបន្តព័ត៌មានពីវិទ្យុបរទេស៖ សំឡេង
មកទល់ពេលនេះ វិទ្យុក្នុងស្រុកដែលបន្តការផ្សាយព័ត៌មានពីវិទ្យុអាស៊ីសេរី និងវីអេអូ រួមមាន វិទ្យុសំបុកឃ្មុំ FM ១០៥ និងវិទ្យុស្ត្រី FM ១០២ និងFM៩០ជាដើម។ ម្ចាស់ស្ថានីយវិទ្យុស្ត្រី FM ១០២ អ្នកស្រី ជា ស៊ុនដាណែត អះអាងថា វិទ្យុអ្នកស្រីនឹងចាក់ផ្សាយបន្តព័ត៌មានពីវិទ្យុបរទេសទាំងពីរនេះកន្លះៗម៉ោង តាមកិច្ចព្រៀមព្រៀងជាមួយក្រសួងព័ត៌មាន៕