Clik here to view.

ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានចោទជាសំណួរថា តើកម្ពុជា មានការប្ដេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យដែរឬទេ? ការចោទសួរនេះ បន្ទាប់ពីរដ្ឋាភិបាលប្រកាសបញ្ឈប់សកម្មភាពអង្គការអាមេរិកមួយ គឺវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកាត់ថា អិន.ឌី.អាយ (NDI) និងបណ្ដេញបុគ្គលិកបរទេសរបស់វិទ្យាស្ថាននេះឲ្យចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែសីហា។
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ចាត់ទុកចំណាត់ការនេះ ថាមិនបានឈរលើមូលដ្ឋានត្រឹមត្រូវមួយ។
ភ្លាមៗនៅក្រោយរដ្ឋាភិបាលប្រកាសបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) នៅលើហ្វេសប៊ុក (facebook) របស់ស្ថានទូតនេះប្រចាំនៅកម្ពុជា បានដាក់សំណួរមួយទៅកាន់សាធារណជនពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល និងថាសាធារណជន គឺជាអ្នកសម្រេចចិត្ត ហើយអាចឆ្លើយសំណួរនេះតបទៅស្ថានទូតវិញ។
លើសពីនេះ ស្ថានទូតអាមេរិក ក៏បានពន្យល់ពីសកម្មភាពការងារ គោលដៅ និងការស្វែងរកការចុះបញ្ជីផ្លូវការរបស់វិទ្យាស្ថាននេះ តបនឹងការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ សីហា ថាការសម្រេចបញ្ឈប់សកម្មភាពវិទ្យាស្ថាននេះ ក្នុងគោលបំណងធានាការអនុវត្តយ៉ាងត្រឹមត្រូវ និងប្រសិទ្ធភាពនូវច្បាប់នានា និងដើម្បីពង្រឹងនីតិរដ្ឋ និងការគោរពអធិបតេយ្យភាពរបស់កម្ពុជា។
ក្រសួងការបរទេស អះអាងថា បន្ទាប់ពីមានការពិចារណា និងការពិភាក្សាគ្នាយ៉ាងហ្មត់ចត់ក្នុងកិច្ចប្រជុំជាបន្តបន្ទាប់មក អាជ្ញាធរកម្ពុជា ឈានដល់សម្រេចបញ្ឈប់សកម្មភាពវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) នេះ ដោយចោទថាមិនអនុវត្តច្បាប់របស់កម្ពុជា។
ក្រសួងការបរទេស បានបំភ្លឺថា ការសម្រេចនេះក៏បានផ្អែកលើមូលដ្ឋានច្បាប់សំខាន់ចំនួនពីរ គឺច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្ដីពីសារពើពន្ធ ក្នុងនោះសំអាងថា NDI ធ្វើសកម្មភាពដោយមិនបានចុះបញ្ជីជាមួយក្រសួងការបរទេស និងមិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធសម្រាប់ដំណើរការបង់ពន្ធ។Image may be NSFW.
Clik here to view.
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោកថា វិធានការនេះគឺការពារផលប្រយោជន៍របស់ខ្មែរ និងចោទថាការប្រើប្រាស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គឺដើម្បីបំបែកបំបាក់ផ្ទៃក្នុងកម្ពុជា និងប្រឆាំងផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីស្របច្បាប់ដែលចេញពីការបោះឆ្នោត។
រហូតមកដល់ពេលនេះ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) នៅមិនទាន់ឆ្លើយតបចំពោះចំណាត់ការរបស់រដ្ឋាភិបាលនេះនៅឡើយទេ។
ស្ថានទូតសហរដ្ឋអាមេរិក បានពន្យល់ថា NDI មានអនុស្សរណៈយោគយល់គ្នានៅមានសុពលភាពជាមួយ គ.ជ.ប ហើយធ្វើការជិតស្និទ្ធជាមួយស្ថាប័ននេះ និងក្រសួងមហាផ្ទៃ។ តាំងពីឆ្នាំ១៩៩២ មក កម្មវិធីរបស់អង្គការនេះ គឺជួយលើកកម្ពស់គណនេយ្យភាពរបស់រដ្ឋាភិបាលជាមួយពលរដ្ឋ និងរួមចំណែកធ្វើឲ្យដំណើរការបោះឆ្នោតមានការបើកចំហច្រើន និងមានការចូលរួមពីក្រុមមនុស្សទាំងអស់។ NDI បានស្វែងរកការចុះបញ្ជីជាច្រើនលើក ហើយក្រសួងការបរទេស ក៏បានទទួលសំណើតាំងពីខែកញ្ញា ឆ្នាំ២០១៦ ហើយរហូតមកដល់ពេលនេះមានរយៈពេល ៣៣៥ថ្ងៃហើយ ក្រសួងមិនបានចាត់ការសំណើនោះឡើយ ដែលក៏ជាការរំលោភលើមាត្រា១៤ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ស្ថានទូតសហរដ្ឋអាមេរិក លើកឡើងទៀតថា មានរយៈពេលតែ ២ខែប៉ុណ្ណោះ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងការសម្រេចបិទទ្វារ NDI នៅពេលនេះ។
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល (Comfrel) លោក គល់ បញ្ញា បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ជាង ២០ឆ្នាំមកនេះ NDI ឈានមុខក្នុងការពង្រឹងឯករាជភាព អព្យាក្រឹត និងការមិនលម្អៀងនយោបាយរបស់អង្គការមិនមែនរដ្ឋាភិបាលក្នុងកិច្ចការបោះឆ្នោត ព្រមទាំងបានផ្ដួចផ្ដើមចងក្រងគោលការណ៍ និងក្រមសីលធម៌ ហើយបញ្ចុះបញ្ចូលអង្គការសហប្រជាជាតិទទួលស្គាល់ និងជំរុញអង្គការជាតិ និងអន្តរជាតិ ទទួលយកទៅអនុវត្ត។ លោកថា ក្រៅពីហេតុផលនយោបាយ ការបញ្ឈប់សកម្មភាពវិទ្យាស្ថាន NDI ខ្វះហេតុផលត្រឹមត្រូវ។Image may be NSFW.
Clik here to view.
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានសរសេរលើហ្វេសប៊ុកអ្នកស្រីថា ករណីចោទប្រកាន់ NDI នេះ គួរតែមានការស៊ើបអង្កេតច្បាស់លាស់ មានតម្លាភាព និងផ្ដល់ពេលវេលាគ្រប់គ្រាន់ឲ្យអង្គការនេះបានឆ្លើយតបឲ្យបានពេញលេញ។ អ្នកស្រីចោទសួរថា NDI បានស្នើសុំចុះបញ្ជីកាលពីខែមិថុនា ឆ្នាំ២០១៦ តើហេតុអ្វីទើបដំណើរការនេះមានរយៈពេលដល់ទៅ ១ឆ្នាំ នៅពេលដែលច្បាប់ចែងថា ការសម្រេចពីក្រសួងការបរទេស ត្រូវធ្វើក្នុងរយៈពេល ៤៥ថ្ងៃ បន្ទាប់ទទួលបានសំណើ? អ្នកស្រីសរសេរទៀតថា ករណីនេះបង្ហាញឲ្យឃើញពីក្ដីបារម្ភរបស់អង្គការសង្គមស៊ីវិលពីការតម្រូវឲ្យចុះបញ្ជីតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅពេលដែលច្បាប់នេះផ្ដល់លទ្ធភាពឲ្យអាជ្ញាធរគ្រប់គ្រងដ៏លើសលប់ និងតាមអំពើចិត្តទៅលើសកម្មភាពរបស់អង្គការសង្គមស៊ីវិល ដោយអាចបដិសេធ និងពន្យារពេលសម្រេចលើសំណើសុំចុះបញ្ជីតាមអំពើចិត្ត។
ភ្លាមៗនេះដែរ សមាជិកសភានៃប្រទេសម៉ាឡេស៊ី និងជាប្រធានសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ចេញមកថ្លែងការណ៍ថា លោកព្រួយបារម្ភចំពោះចំណាត់ការនេះ ហើយក៏ជាអ្វីដែលក្រុមលោកធ្លាប់ព្រួយបារម្ភចំពោះការអនុវត្តច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ លោកថា ការបិទទ្វារ NDI នេះ រដ្ឋាភិបាលមិនបានផ្ដល់ឱកាសគ្រប់គ្រាន់ឲ្យ NDI ឆ្លើយតបនឹងការចោទប្រកាន់របស់ខ្លួនឡើយ៖ «ហេតុការណ៍នេះកើតឡើងនៅក្នុងបរិបទនៃការកើនឡើងការបង្ក្រាប សេរីភាពបញ្ចេញមតិ និងរឹតត្បិតបរិយាកាសសង្គមស៊ីវិល គឺសុទ្ធសឹងតែជាបញ្ហានាំឲ្យមានក្ដីបារម្ភ និងបង្ហាញឲ្យឃើញពីការប៉ុនប៉ងដោយគណបក្សកាន់អំណាច ក្នុងការពង្រឹងអំណាចនៅមុនការបោះឆ្នោតជាតិ ដែលនឹងមកដល់នៅឆ្នាំក្រោយ»។
កាលពីពេលថ្មីៗនេះ សារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល ហ្វ្រែសញូវ (Fresh News) បានផ្សព្វផ្សាយថា NDI បានរៀបចំយុទ្ធសាស្ត្រជួយបក្សប្រឆាំងដើម្បីផ្ដួលរំលំបក្សកាន់អំណាច។
ឆ្លើយតបនឹងការចោទប្រកាន់នេះ NDI បដិសេធថា ខ្លួនមិនបានលម្អៀងទៅរកគណបក្សនយោបាយណាមួយឡើយ ក្នុងការបំពេញមុខងាររបស់ខ្លួននៅកម្ពុជា។ NDI អះអាងថា ពួកគេជាស្ថាប័នឯករាជ្យ មិនលម្អៀង និងជាដៃគូរបស់គ្រប់គណបក្សនយោបាយទាំងអស់ មិនថាបក្សកាន់អំណាច ឬបក្សប្រឆាំងឡើយ។
លិខិតក្រសួងការបរទេស ដដែលបញ្ជាក់ថា ក្រៅពីអនុវត្តចំពោះ NDI អាជ្ញាធរកម្ពុជា ក៏ត្រៀមលក្ខណៈរួចជាស្រេចក្នុងការចាត់វិធានការបែបនេះចំពោះសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេសណាដែលមិនគោរពតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយនិងច្បាប់ផ្សេងៗទៀតរបស់កម្ពុជា៕