
សហគមន៍ខ្មែរនៅក្រៅប្រទេសជំរុញឲ្យមានការអនុញ្ញាតឲ្យពលរដ្ឋខ្មែរមានសិទ្ធិចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត សម្រាប់ការបោះឆ្នោតក្នុងប្រទេសកម្ពុជា នៅតាមបណ្ដាប្រទេសដែលពួកគេកំពុងរស់នៅ។ ការទាមទារនេះ ស្របពេលដែលគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាក្នុងប្រទេសកម្ពុជា បានទទួលសេចក្ដីស្នើកែប្រែច្បាប់បោះឆ្នោត ដើម្បីអាចអោយពលរដ្ឋខ្មែរនៅក្រៅប្រទេសមានលទ្ធភាពបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេសតាមឆន្ទៈរបស់ពួកគេ។
ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល ជំរុញឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញ បើកសិទ្ធិឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស អាចចេញទៅបោះឆ្នោតនៅតាមស្ថានទូត ឬតាមស្ថានកុងស៊ុលដែលមានពលរដ្ឋខ្មែររស់នៅច្រើន។ លោកបន្តថា ធ្វើដូច្នេះគឺដើម្បីអាចពលរដ្ឋខ្មែរនៅឯនាយសមុទ្របង្ហាញឆន្ទៈរបស់ខ្លួនក្នុងការចូលរួមសម្រេចលើជោគវាសនានៃប្រទេសកំណើតរបស់ពួកគេ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖ «ក្នុងនាមសម្ព័ន្ធមិត្តខ្មែរអាមេរិកាំង និងពលរដ្ឋខ្មែរនៅតាមសហគមន៍នានា ជុំវិញពិភពលោកហ្នឹងគឺថា អំពាវនាវដល់អ្នកនយោបាយខ្មែរយើងហ្នឹងដល់ពេលវេលាដែលត្រូវបើកបេះដូងអោយទូលាយ និងមានឆន្ទៈការរៀបចំអោយបានទូលំទូលាយ ហើយល្មមផ្ដល់ឱកាសអោយបងប្អូននៅក្រៅស្រុកហ្នឹងមានឱកាសចូលរួមកំណត់ជោគវាសនា ក៏ដូចជាការជ្រើសរើសមេដឹកនាំរបស់ខ្លួន»។
លោក ទូច វិបុល មានប្រសាសន៍ថា ដោយសារតែអង្គការរបស់លោកមានទំនាក់ទំនងល្អជាមួយក្រុមតំណាងរាស្ត្រសហរដ្ឋអាមេរិក លោកនឹងជំរុញឲ្យសភានៃប្រទេសមហាអំណាចមួយនេះប្រើយន្តការរបស់ខ្លួនដើម្បីជំរុញឲ្យរដ្ឋសភាកម្ពុជា ធ្វើការអនុម័តទៅលើការធ្វើវិសោធនកម្មនេះ។
លោកបន្តថា លោកនឹងធ្វើចលនានៅទូទាំងពិភពលោកដើម្បីឲ្យពលរដ្ឋខ្មែរនាំគ្នាជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បង្កើតស្ថានីយបោះឆ្នោតនៅក្រៅប្រទេស៖ «អ្វីដែលយើងអាចធ្វើបានគឺមិនត្រឹមតែបញ្ចុះបញ្ចូលរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ដែលជាប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ប៉ុណ្ណឹងទេ។ យើងនឹងអំពាវនាវអោយសហគមន៍ខ្មែរយើងនៅប្រទេសអូស្ត្រាលី និងនៅអឺរ៉ុប អោយបញ្ចុះបញ្ចូលតំណាងរបស់ពួកគេធ្វើយ៉ាងណាអាចជំរុញអោយរដ្ឋសភា កម្ពុជាអនុម័តវិសោធនកម្មច្បាប់បោះឆ្នោតនេះ»។
ការទាមទារឲ្យពលរដ្ឋខ្មែរមានសិទ្ធិបោះឆ្នោតនៅក្រៅប្រទេស ស្របពេលដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ៣៣រូប កាលពីថ្ងៃទី១១ ខែសីហា បានផ្ញើសេចក្ដីស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោតសម្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបាននៅប្រទេសដែលខ្លួនកំពុងស្នាក់នៅ និងធ្វើការ។ សេចក្ដីស្នើច្បាប់នេះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាសម្រេចបញ្ជូនទៅគណៈកម្មការនីតិកម្មដើម្បីពិនិត្យ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យដឹងថា តាមនីតិវិធីនៅពេលគណៈកម្មការជំនាញពិនិត្យរួចហើយនឹងប្រគល់មកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីសម្រេចថា នឹងបញ្ជូនទៅជជែកបន្តទៅសភាពេញអង្គ ឬទម្លាក់ចោលត្រឹមគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់ចោទប្រកាន់ក្រុមតំណាងរាស្ត្ររបស់បក្សប្រឆាំងថា ការស្នើធ្វើវិសោធនកម្មច្បាប់ប្រភេទនេះ គឺដើម្បីបុព្វហេតុកេងចំណេញនយោបាយ និងចង់វាយបំបែកឆ្នាំងបាយរបស់ក្រុមពលករខ្មែរចំណាកស្រុកប៉ុណ្ណោះ។
នៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃសុក្រ ទី១៨ ខែសីហា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ដែលជាអ្នកសកម្មក្នុងការដឹកនាំឲ្យមានការកែប្រែច្បាប់បោះឆ្នោតនេះ ថ្លែងថា សំណើរបស់បក្សប្រឆាំងធ្វើឡើងក្រោយពីមានការជំរុញរបស់ក្រុមអង្គការសង្គមស៊ីវិលជាច្រើនដែលពួកគេធ្លាប់បានស្នើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីជំរុញឲ្យមានការរៀបចំស្ថានីយបោះឆ្នោតនៅបរទេស៖ «ការរៀបចំគឺធ្វើយ៉ាងម៉េចអោយបងប្អូនយើងនៅប្រទេសជិតខាង ដូចថៃ អីជាដើមហ្នឹង ទីមួយមានក្រុមចល័តដែលអាចចូលទៅចុះឈ្មោះនៅក្បែរទីតាំងដែលមានពលរដ្ឋខ្មែរយើងធ្វើការច្រើនហ្នឹង តាមរយៈការជំរុញអោយក្រសួងការបរទេសយើងធ្វើការទាក់ទង សុំការអនុញ្ញាតទៅប្រទេសថៃ។ ទី២ យើងអាចធ្វើការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមព្រំដែនដើម្បីអាចអោយបងប្អូនយើងដែលនៅក្បែរហ្នឹងអាចឆ្លងដែនមកបោះឆ្នោតបាន»។
សំណើរបស់ក្រុមតំណាងរាស្ត្របក្សប្រឆាំងធ្វើឡើងផ្អែកតាមមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលចែងថា ពលរដ្ឋខ្មែរដែលកំពុងរស់នៅបរទេស ត្រូវបានគាំពារដោយរដ្ឋ ហើយពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត។
លោក សុន ឆ័យ បានផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាលកម្ពុជាថា ដោយសារកម្ពុជា ប្រើប្រព័ន្ធបោះឆ្នោតបែបសមាមាត្រដោយយកខេត្ត និងរាជធានីជាមណ្ឌលបោះឆ្នោត ដូច្នេះ គ.ជ.ប អាចបង្កើតធុងចំនួន ២៥ តំណាងឲ្យរាជធានី-ខេត្តទាំងនេះដាក់តាមស្ថានទូត និងស្ថានកុងស៊ុល នៃបណ្ដាប្រទេសដែលមានពលរដ្ឋខ្មែរកំពុងរស់ និងស្នាក់នៅ។ ពលរដ្ឋទាំងនោះអាចបោះទម្លាក់ចូលក្នុងធុងណាដែលជាធុងនៃខេត្តកំណើត ឬមណ្ឌលរបស់ពួកគេ។ លោកបន្តថា ពលរដ្ឋទាំងនោះបញ្ជាក់ស្រុកកំណើតរបស់ពួកគេបានតាមរយៈលិខិតកំណើត ឬអត្តសញ្ញាណប័ណ្ណរបស់ពួកគេ។
តំណាងរាស្ត្រអូស្ត្រាលី ប្រចាំរដ្ឋវ៉ិកតូរីយ៉ា (Victoria) ដែលមានដើមកំណើតខ្មែរ លោក ហុង លីម ប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា លោកគាំទ្រឲ្យពលរដ្ឋនៅក្រៅប្រទេសអាចមានលទ្ធភាពក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់ប្រទេសកម្ពុជា។ លោកបន្តថា ធ្វើដូច្នេះ គឺមានប្រយោជន៍ជាខ្លាំងដើម្បីឲ្យពលរដ្ឋខ្មែរយកចិត្តទុកដាក់អំពីប្រទេសកំណើតរបស់ពួកគេ និងអាចចូលរួមសម្រេចជោគវាសនាទាំងមូលរបស់ជាតិ ដូចបណ្ដាប្រជាជាតិនៃប្រទេសជឿនលឿនដទៃទៀត៖ «ការអនុញ្ញាតឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចបោះឆ្នោតបានហ្នឹង វាកាន់តែធ្វើឲ្យពួកគេយកចិត្តទុកដាក់អំពីបញ្ហាស្រុកខ្មែរ និងស្ថានការណ៍ស្រុកខ្មែរ»។
រហូតមកទល់ពេលនេះ មានប្រទេសចំនួន ៩៣ ក្នុងពិភពលោកដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យបានរៀបចំឲ្យអោយពលរដ្ឋរបស់ខ្លួន អាចមានសិទ្ធិចូលរួមការបោះឆ្នោតនៅក្រៅប្រទេស។ ប្រទេសទាំង ៩៣ នោះរួមមានបណ្ដាប្រទេសក្នុងទ្វីបអាហ្វ្រិក អាមេរិកខាងត្បូង អាស៊ី និងបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុបជាដើម។
អ្នកអង្កេតខាងកិច្ចការនយោបាយកម្ពុជា និងជាអតីតប្រធានចលនា និស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ប៉ាង សុខឿន មានប្រសាសន៍ថា រដ្ឋាភិបាលគួរសាទរចំពោះការទាមទារណាមួយឲ្យបង្កើតប្រព័ន្ធបោះឆ្នោតនៅក្រៅប្រទេស។ លោកបន្តរដ្ឋាភិបាលប្រញាប់ប្រញាល់ធ្វើកិច្ចការជាអាទិភាពដើម្បីអាចអោយពលរដ្ឋនៅទូទាំងពិភពលោកអាចចូលរួមការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ ខាងមុខ៖ «ប្រទេសជាច្រើននៅក្នុងពិភពលោក ក្រៅពីប្រទេសកុម្មុយនិស្ត គេបានអនុវត្តប្រព័ន្ធបែបនេះរួចទៅហើយ»។
យ៉ាងហោចណាស់មានពលករចំណាកស្រុកប្រហែលជិត ២លាននាក់ កំពុងធ្វើការស្របច្បាប់ផង និងខុសច្បាប់ផងក្នុងប្រទេសថៃ ខណៈពលករជាង ៦ម៉ឺននាក់ផ្សេងទៀត កំពុងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង ជាង ៣ម៉ឺននាក់នៅប្រទេសម៉ាឡេស៊ី និងប្រហែលជាង ១ម៉ឺននាក់ នៅប្រទេសជប៉ុន។
ជាងនេះទៅទៀត មានពលរដ្ឋខ្មែរប្រមាណជាងកន្លះលាននាក់ផ្សេង ទៀតកំពុងរស់នៅបរទេស។ អ្នកទាំងនោះភាគច្រើនរស់នៅសហរដ្ឋអាមេរិក បារាំង អូស្ត្រាលី កាណាដា និងបណ្ដាប្រទេសមួយចំនួនក្នុងសហគមន៍អឺរ៉ុប៕